ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​​ ប៊ុន​​ហាន ​អាច​​ឆ្លង​​ផុត​​ការ​​ប្រកួត​​ជម្រុះ​​​ក្នុង​​​ពូល​​​បាន​​ឬ​​មិន​​បាន​?

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ការ​ប្រកួត​ជុំ​ទី​៤ ក្នុង​ពូល​B នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ បាន​រក​ឃើញ​ហើយ​ថា អ្នក​ណា​ជា​អ្នក​មាន​ពិន្ទុ​កំពូល ​និង​មាន​ពិន្ទុ​លំដាប់​ទី​២ ដែល​មា​ន​ទឹក​មាត់​លេប​ក្នុង​វគ្គ​ប្រកួត​ខ្វែង ។ បើ​ទោះ​ជា​ពិន្ទុ​នេះ​ ស្ថិត​ក្នុង​កាលៈ​ទេសៈ​បណ្ដោះ​អាសន្ន ប៉ុន្តែ​គេ​មើល​ឃើញ​ថា ជើងខ្លាំង​ទាំងពីរ​ទំនង​ជា​មិន​របូត​ឡើយ ​សម្រាប់​តំណែង​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​របស់​ក្រុម​ហ៊ុន​សេង​ ហុង​ហេង​ តាម​ការ​គ្រោង​ទុក​ជា​មួយ​អ្នក​ឈ្នះ​២រ​ូប​ទៀតក្នុងពូល A ។

កីឡាករដែលទទួលពិន្ទុកំពូលក្នុង​ការប្រកួត​នោះ គឺ​កីឡា​ករនូវ ​ស៊ី​ថា ​ជើង​ខ្លាំ​ងមក​ពី​ក្លិប​តា​ឡីដំរី​មាន​ឫទ្ធិ ដែល​ប្រកួត​៤​លើក​មិន​ដែល​ចាញ់​ទាល់តែ​សោះ ហើយ​កំពុង​ក្ដាប់១២​ពិន្ទុ​នៅ​ក្នុង​ដៃ ។ ដោយ​ឡែក​កីឡា​ករ​មួយ​រូប​ទៀត ដែល​ទទួល​ពិន្ទុ​ខ្ពស់​លំដាប់​ទី​២​ គឺ​កីឡា​ករ​ថៃ ប៊ុន​ហាន មក​ពី​ក្លិប​បូរី​នាគ​រាជ ដែល​កំពុង​ក្ដាប់​១០​ពិន្ទុ​ក្នុង​ដៃ ​ខណៈ​ដែល​កីឡា​ករ​ចំនួន​៤​រូប​ទៀតមាន​តែ​៨​ពិន្ទុ​ ៦​ពិន្ទុ និង​៤ព​ិន្ទុ ​ដែល​ត្រូវ​គេ​មើល​ឃើញ ​ហាក់​មាន​សង្ឃឹម​តិច បើ​មិន​មាន​សំណាង​ហុច​ឲ្យ​បន្ថែម​នៅ​ជុំ​ទី​៥ ។ ​

យ៉ាង​ណា​មិញ អ្នក​មាន​ពិន្ទុ​លំដាប់​ទី​២​នៅ​មិន​ទាន់​ដឹង​ថា អាច​ឆ្លង​ផុត​ការ​ប្រកួត​ជុំ​ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ​​បើគេ​បណ្ដោយ​​​ចាញ់​​ក្នុង​​ជុំ​​ចុង​​ក្រោយ​​ក្នុង​​ពេល​ដែល​អ្នក​មាន​​៨​ពិន្ទុ​ពីរ​រូបបែរ​ជា​មាន​ម្នាក់​ឈ្នះ​លើ​គូ​ប្រកួត​ហើយ​មាន​ពិន្ទុ​ប្រទាញ​ប្រទង់​គ្នា គឺ​១១​ពិន្ទុ​នោះ ។ រំលឹក​ដល់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៤​ មិថុនា ​នោះ​វិញ គេ​ឃើញ​កីឡា​ករ​ថៃ ​ប៊ុន​ហាន ឈ្នះ​កីឡា​ករ​សុខ វិរៈ ដែល​ចាញ់​ទាំង​៣​ប្រកួត​កាល​មុន​ទាំង​វេទនា​​បំផុត ។ ​កីឡា​ករ​សុខ វិរៈ ​មក​ពី​ក្លិប​សំរោង​កោង​ ខេត្ត​បាត់​ដំបង ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឲ្យ​ជើង​ចាស់​​ថៃ ប៊ុន​ហាន​ ឈ្នះ​ទាំង​ប្រឹង ​ដែ​លលទ្ធ​ផល​បែប​នេះ គឺ​ផ្ទុយ​ស្រឡះ​បើធៀប​នឹង​ពេល​ដែល​គេ​ប្រកួត​ចាញ់ ​កីឡា​ករ​យ៉ាម ពិសិដ្ឋ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ​ចាញ់​កីឡា​ករ​ហ៊ុន​ គីរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្រ្កាប​គ្រឿង​ញៀន ​និង​ចាញ់​កីឡា​ករ ស៊ូ វណ្ណៈ ​មក​ពី​ក្លិប​យុវ​​កីឡា​​ខេត្ត​កណ្ដាល​នោះ ។

ចំពោះ​កីឡា​ករ​មាឌ​ល្អិត​ នូវ​ ស៊ី​ថា​ វិញ គឺ​ពិត​ជា​មិន​ខុស​ពី​​ម្ទេស​ខ្មាំង​ឡើយ បន្ទាប់​ពី​គេ​អាច​ផ្ដួល​គូ​ប្រកួត​មាឌ​ធំ​ឲ្យ​ចាញ់​ដោយ​ផុយ​ស្រួយ​បំផុត ​ខណៈ​ដែល​ជ័យ​ជម្នះ​លើក​ចុង​ក្រោយ​របស់​គេ​ក្នុង​ជុំ​ទី​៤ គឺ​គេបាន​ឈ្នះ​កីឡា​ករស​៊ូ វណ្ណៈ ដោយ​ផ្ដួល​កីឡា​ករ​រូប​នោះ​ឲ្យសន្លប់​នៅ​ក្នុង​ទឹក​ទី​២ ។ លទ្ធ​ផល​ឈ្នះ​ពិន្ទុ​របស់​ថៃ ​ប៊ុន​ហាន​ និ​ង​លទ្ធ​ផល​ផ្ដួល​ស៊ូ វណ្ណៈ ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២បាន​ក្លាយ​ជា​ឱកាស​ជួយ​ឲ្យ នូវ​ ស៊ី​ថា ក្លាយ​ជា​អ្នក​ឡើង​ទៅ​ប្រកួត​ខ្វែង​ដោយ​​ស្វ័យ​ប្រវត្តិ​ ខណៈ​ដែល​កីឡា​ករ​​ថៃ ​ប៊ុន​ហាន​ កំពុង​ស្ថិតនៅ​លើផ្លូវ​សង្ឃឹម​ជា​បណ្ដោះ​អាសន្ន​នៅ​ឡើយ ។

ចំពោះ​គូ​ដណ្ដើម​ខ្សែក្រវាត់​ពូលនេះ​មួយ​គូ​ទៀត​កីឡាករ យ៉ាម ពិសិដ្ឋ ​ឈ្នះ​កីឡា​ករ​ហ៊ុន ​គីរី ដោយ​ពិន្ទុ ​​​ទទួល​បាន​៨​ពិន្ទុស្មើ​កីឡា​ករ​ស៊ូ វណ្ណៈ ដែលក្នុង​៣ជុំ​ដំបូងគេ​មាន​៧ពិន្ទុ​រួច​ហើយ ។ ​រវាង​កីឡា​ករ​ទាំង​ពីរ នឹង​មាន​ម្នាក់​ក្លាយ​​ជា​ឧ​បសគ្គ​របស់​ថៃ ប៊ុនហាន បើ​ថៃ ប៊ុន​ហាន ​ភ្លាត់ឲ្យ​ចាញ់​នៅ​ជុំ​ទី​៥ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​អាច​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់ ឬ​ចាញ់​​ពិន្ទុ ៕