ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​និស្សិត​ស្រី​បើក​រថ​យន្ត​បុក​រះ​ មុខ​ក្រសួង​មហា​ផ្ទៃ​កំណត់​3​ឆ្នាំ ​ជាប់​ឃុំ3​ខែ​កន្លះ​សល់​ពី​នេះ​ព្យួរ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១២​ មិថុនា​ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​លើ​សំណុំ​រឿង​និស្សិត​ស្រី​វ័យ​ក្មេង​ ដែល​បើក​រថយន្ត​បុក​រះ​ស្លា.ប់​ក្មេង​៣​នាក់​ និង​៦​នាក់​រង​របួស​ធ្ងន់​ នៅ​មុខ​ក្រសួង​មហា​ផ្ទៃ​ ក្នុង​ខណ្ឌ​ចំការ​មន​ ។ ការ​ប្រកាស​សាល​ក្រម​បាន​ធ្វើ​ឡើង​ដោយ​លោក​ កោ​ វណ្ឌី​ ចៅ​ក្រម​ជំនុំ​ជម្រះ​ ដោយ​តម្រូវ​ផ្តន្ទា​ទោស​លើ​និស្សិត​ស្រី​វ័យ​ក្មេង​នាង​ គាម​ ពិសិដ្ឋ​ណារីតា​ អាយុ​២៣​ឆ្នាំ​

រាជធានីភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១២​ មិថុនា​ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​លើ​សំណុំ​រឿង​និស្សិត​ស្រី​វ័យ​ក្មេង​ ដែល​បើក​រថយន្ត​បុក​រះ​ស្លាប់​ក្មេង​៣​នាក់​ និង​៦​នាក់​រង​របួស​ធ្ងន់​ នៅ​មុខ​ក្រសួង​មហា​ផ្ទៃ​ ក្នុង​ខណ្ឌ​ចំការ​មន​ ។ ការ​ប្រកាស​សាល​ក្រម​បាន​ធ្វើ​ឡើង​ដោយ​លោក​ កោ​ វណ្ឌី​ ចៅ​ក្រម​ជំនុំ​ជម្រះ​ ដោយ​តម្រូវ​ផ្តន្ទា​ទោស​លើ​និស្សិត​ស្រី​វ័យ​ក្មេង​នាង​ គាម​ ពិសិដ្ឋ​ណារីតា​ អាយុ​២៣​ឆ្នាំ​ កំណត់​៣​ឆ្នាំ​ តែ​ទោស​នេះ​ឱ្យ​អនុវត្ត​ក្នុង​ពន្ធនា​ការ​៣​ខែ​ ១៥​ថ្ងៃ​ និង​នៅ​សល់​ប៉ុន្មាន​ព្យួរ​ទាំង​អស់​ ហើយ​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន​៦លាន​រៀល​ ។

សាល​ក្រម​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ នាង​គាម​ ពិសិដ្ឋ​ណារីតា​ ហាម​មិន​ឱ្យ​កាន់​ចង្កូត​រថយន្ត​គ្រប់​ប្រភេទ​ ដោយ​សារ​នាង​មាន​ជំងឺ​២ប្រភេទ​ គឺ​ជំងឺ​ស្កន្ទ​ និង​ជំងឺ​ភ្លឹក​ ។ ម៉្យាង​វិញ​ទៀត​ ក្រុម​គ្រួសារ​នាង​ គាម​ ពិសិដ្ឋ​ណារីតា​ បាន​សង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​គ្រប់​គ្រាន់​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ដក​ពាក្យ​បណ្តឹង​វិញ​ដែរ​ ។ មិន​តែ​ប៉ុណ្ណោះ​ ជន​រង​គ្រោះ​ក៏​បាន​ទទូច​សុំ​ឱ្យ​តុលា​ការ​ដោះ​លែង​នាង​ដើម្បី​បាន​ទៅ​បន្ត​ការ​សិក្សា​វិញ​ ព្រម​ទាំង​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​ដល់​នាង​ណារីតា​ទៀត​ផង​ ។ បន្ទាប់​ពី​សាល​ក្រម​នេះ​បាន​ប្រកាស​ចប់​សព្វ​គ្រប់​ នាង​គាម​ ពិសិដ្ឋ​ណារីតា​ តម្រូវ​ឱ្យ​ផ្តិត​មេដៃ​ រួច​អនុញ្ញាត​ឱ្យ​អនុរក្ស​នាំ​ទៅ​កាន់​ពន្ធនា​គារ​វិញ​ ។

គួរ​រំលឹក​ថា​ អង្គ​សវនា​ការ​លើ​សំណុំ​រឿង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​៦​ មិថុនា​ ដោយ​មាន​លោក​ កោ វណ្ឌី​ ចៅ​ក្រម​ជំនុំ​ជម្រះ​ និង​លោក​ស្រី​ ស៊ឺ​ វណ្ណី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ជា​តំណាង​អយ្យ​ការ​ នៅ​ចំពោះ​មុខ​មេធាវី​ការ​ពារ​ក្តី​ឱ្យ​ជន​ត្រូវ​ចោទ​២​រូប​ និង​មាន​វត្ត​មាន​ជន​ត្រូវ​ចោទ​ គឺ​នាង​ គាម​ ពិសិដ្ឋ​ណារីតា​ អាយុ​២៣​ឆ្នាំ​ និស្សិត​ឆ្នាំ​ទី៦​ នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ សុខា​ភិបាល​ មាន​ទីលំនៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ឈរ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ ។ អង្គ​សវនា​ការ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​ជាង​២​ម៉ោង​ ក្នុង​ការ​សាក​សួរ​ដេញ​ដោល​លើ​ជន​ត្រូវ​ចោទ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ ត្រង់​ជន​ត្រូវ​ចោទ​បាន​សារ​ភាព​នូវ​ទោស​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដោយ​អចេតនា​ ។

ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​លើក​ពេល​ប្រកាស​សាល​ក្រម​ទៅ​ថ្ងៃ​ទី​១២​ មិថុនា​ ឆ្នាំ​២០១៣​ ទើប​ជន​ត្រូវ​ចោទ​ត្រូវ​បាន​អនុរក្ស​​ដឹក​ទៅ​កាន់​ពន្ធនា​គារ​ប៉េ​ហ្សុី​វិញ​ ដោយ​មាន​ការ​បិទ​បាំង​ចំពោះ​ម៉ាស៊ីន​ថត​អ្នក​កាសែត​ផង​ ។ ជន​ត្រូវ​ចោទ​ឈ្មោះ​ គាម​ ពិសិដ្ឋ​ណារីតា​ ត្រូវ​បាន​តំណាង​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ​បើក​បរ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ស្លាប់​ និង​រង​របួស​ដល់​អ្នក​ដទៃ​ ដោយ​អចេតនា​ ប្រព្រឹត្ត​នៅ​លើ​ដង​មហា​វិថី​ព្រះ​នរោ​ត្តម​ មុខ​ក្រសួង​មហា​ផ្ទៃ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ មីនា​ ឆ្នាំ​២០១៣​ ។

ជន​ត្រូវ​ចោទ​ឈ្មោះ​ គាម​ ពិសិដ្ឋ​ណារីតា​ អាយុ​២៣​ឆ្នាំ​ ជា​កូន​ស្រី​របស់​លោក​ គាម​ ពិសិដ្ឋ​ អនុ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​កណ្តាល​ ។ នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ​ នាង​បាន​បើក​បរ​រថយន្ត​ម៉ាក​កាមរី​បាឡែន​ពណ៌​ស្ករ​​មួយ​គ្រឿង ​ដឹក​ប្អូន​ប្រុស​២នាក់​​ចេញពី​សាលាក្នុង​គោល​បំណង​​​ទៅ​ផ្ទះ​នៅ​ក្រុងតា​ខ្មៅ លុះ​ដល់​ភ្លើង​​ស្តុប​ក្បែរ​ក្រសួង​មហា​ផ្ទៃ ​បាន​រេ​ចង្កូត​ទៅ​ប៉ះ​​ម៉ូតូ​អ្នកដំណើរ​ចំនួន​២​គ្រឿង​បណ្តាល​ឱ្យ​ដួល​ និង​ម្ចាស់​រង​របួស​ ។ ពេល​បើក​​ប៉ះ​ម៉ូូតូ​អ្នក​ដំណើរ​​ចំនួន​​២​គ្រឿង​នោះ​ នា​ងមិន​បាន​ឈប់​មើល​គេ​​ទេ​ និង​ក្នុង​​អាការៈ​ភ័យ​ស្លន់​ស្លោ​បើក​​បន្ថែម​ល្បឿន​ទៅមុខទៀត ​រហូតដល់​មុខ​ខ្លោង​ទ្វារ​ក្រសួង​មហា​ផ្ទៃ ​​ក៏​ទៅ​បុក​​ក្មេង​​៣នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ​​ គួរ​ឱ្យ​អាណោច​អាធ័ម​បំផុត ​និង​៦​នាក់​ទៀត​រង​របួស​​ជា​ទម្ងន់​ ហើយ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របង​ក្រសួង​មហា​ផ្ទៃ​​ជាប់​​ទើប​ទៅ​មុខ​លែងរួច ​។ ​

ពេល​នោះ​នាង​​ និង​ប្អូន​មិន​បាន​ចុះ​ពី​ក្នុងរថយន្ត​ឡើយ ខណៈ​អ្នក​ដំណើរ​​បាន​ទៅ​​ចោម​រោម​ជុំ​​ជិតដោយ​កំហឹង​ ។ ដោយ​ខ្លាច​កើត​មាន​អំពើ​ហិង្សា ​បន្តិច​ក្រោយ​មក​​​សមត្ថកិច្ច​ក៏​នាំ​នាងចូល​ទៅ​ក្នុង​ក្រសួង ​ដើម្បី​​ការ​ពារ​សន្តិ​សុខ​ដល់​នាង ។ ក្នុង​ហេតុ​ការណ៍​នេះ​ នាង​ពិសិដ្ឋ​ណារី​តា​ មាន​សភាព​​ស្លេក​ស្លាំងដោយ​រន្ធត់​ ​និង​បន្ទាប់​មក​ត្រូវ​​បាន​​សមត្ថកិច្ច​​នាំ​ខ្លួន​ទាំង​មនុស្ស​​ទាំងរថយន្ត​ទៅកាន់​ការិ​យាល័យ​​ចរា​ចរណ៍​​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។ នាង​គាម ​ពិសិដ្ឋ​ណារី​តា ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ប៉េ​ហ្សី​ជា​បណ្តោះ​អាសន្ន​ចាប់​តាំង​ពី​ពេល​នោះ​មក ដោយ​រង​់​ចាំ​សវនា​ការ​ផ្តន្ទា​ទោសតាម​ច្បាប់​​កំណត់ ៕