ភាពយន្តខ្មែររឿង«បាត់ខ្លួន»ត្រូវបានទទួលការជ្រើសរើសចូលរួមក្នុងកម្មវិធីពិព័រណ៍ភាពយន្តអន្តរជាតិនៅប្រទេសកូរ៉េខាងជើង
ដោយ ៖ សាម៉ន
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:១៣
កោះសន្តិភាព
ក្រុមតារាភាពយន្តខ្មែរកំពុងមើលខ្សែភាពយន្តរបស់ខ្លួន
រាជធានីភ្នំពេញ ៖ នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសំរេចជ្រើសរើសយកខ្សែភាពយន្តរឿង «បាត់ខ្លួន» ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ទៅធ្វើជាតំណាងឧស្សាហកម្មភាពយន្តកម្ពុជាក្នុងកម្មវិធីពិព័រណ៍ភាពយន្តអន្តរជាតិនាទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១០ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានភាពយន្តបានបញ្ជាក់ថា ខ្សែភាពយន្តខ្មែររឿង«បាត់ខ្លួន»គឺជាខ្សែភាពយន្តមួយពោរពេញដោយភាពរន្ធត់ព្រឺព្រួច និងការភ័យខ្លាចរបស់ពិធីការិនីវិទ្យុដ៏ស្រស់ស្អាតដែលជីវិតរបស់នាងស្ថិតនៅក្នុងគ្រោះថ្នាក់ បន្ទាប់ពីមិត្តភក្តិដ៏ជិតស្និទ្ធរបស់នាង២នាក់បានបាត់ខ្លួន ។ ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងពីតថភាពពីរនៅក្នុងសង្គម ពោលគឺបង្ហាញនូវភាពជឿជាក់ និងការរស់នៅដោយឯករាជ្យរបស់យុវវ័យសម័យថ្មី។
ភាពយន្តរឿង«បាត់ខ្លួន» ត្រូវបានដាក់បញ្ចាំងនៅរោងភាពយន្តក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជាសៀមរាប បាត់ដំបង ជាដើមក្នុងអំឡុងខែតុលា ឆ្នាំ២០០៩ ហើយចាត់ទុកជាខ្សែភាពយន្តដែលទាក់ទាញបានទស្សនិកជនដ៏ច្រើនបំផុតក្នុងចំណោមខ្សែភាពយន្តនៅកម្ពុជា។ ភាពយន្តរឿង«បាត់ខ្លួន» ផលិតដោយផលិតកម្មខ្មែរមេគង្គ ជាផលិតកម្មភាពយន្តឯករាជ្យឈានមុខគេក្នុងស្រុកដែលមានជំនាញក្នុងការផលិតកម្មវិធីសំរាប់ស្ថានីយទូរទស្សន៍ និងភាពយន្ត ។
លោកស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងសិល្បៈមានប្រសាសន៍ថា ទិវាពិព័រណ៍ភាពយន្តនៅប្រទេសកូរ៉េខាងជើង គឺជាព្រឹត្តិការណ៍វប្បធម៌មួយដ៏មានសារសំខាន់នៅអាស៊ីអាគ្នេយ៍ ។ លោកបញ្ជាក់ថា ហេតុដែលយើងជ្រើសរើសយកភាពយន្តខ្មែររឿង «បាត់ខ្លួន» ទៅចូលរួមក្នុងកម្មវិធីពិព័រណ៍នោះ ព្រោះខ្សែភាពយន្តផលិតបានយ៉ាងល្អដោយស្នាដៃកូនខ្មែរ។ លោកបន្តថា កន្លងមកនាយកដ្ឋានភាពយន្តតែងតែជ្រើសរើស និងបញ្ជូនភាពយន្តល្អៗមានគុណភាពខ្ពស់យកទៅចូលរួមក្នុងព្រឹត្តិការណ៍។វប្បធម៌ភាពយន្តនានា ដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរនូវវប្បធម៌នានា រួមទាំងការចែករំលែកនូវគំនិតច្នៃប្រឌិតថ្មីៗដែលជាមធ្យោបាយដ៏ប្រសើរ សំរាប់ឱ្យប្រទេសទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមក ។
លោក Matthew Robinson ផលិតករប្រចាំផលិតកម្មខ្មែរមេគង្គមានប្រសាសន៍ថា ពួកយើងពិតជារីករាយយ៉ាងខ្លាំងនៅពេលដែលនាយកដ្ឋានភាពយន្តបានផ្តល់ជាសំណើឱ្យផលិតកម្មយកខ្សែភាពយន្តរឿង «បាត់ខ្លួន» ទៅដាក់ក្នុងកម្មវិធីពិព័រណ៍ភាពយន្តនៅប្រទេសកូរ៉េខាងជើង ។ នេះគឺជាកិត្តិយសសំរាប់ផលិតកម្មខ្មែរមេគង្គដែលប្រជាពលរដ្ឋកូរ៉េខាងជើងបានទស្សនានូវជីវិតរស់នៅពិតប្រាកដរបស់ប្រជាជនខ្មែរនៅរាជធានីភ្នំពេញតាមរយៈភាពយន្តរឿង «បាត់ខ្លួន» ។ គួររំលឹកផងដែរថា ភាពយន្តខ្មែររឿង«បាត់ខ្លួន» នឹងត្រូវយកទៅចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងឆ្នាំ២០១០ នេះ ។ ភាពយន្តនេះក៏ត្រូវបានទស្សនាវដ្តី Variety របស់ហូលីវូដ លើកយកមកវិភាគក្នុងទស្សនាដ្តីរបស់គេដែរ នាពេលកន្លងទៅ ៕