ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទន​ភាព​ភាសា​ខ្មែរ​លើ​កំពូល​ Smartphone ស៊ីម​ពីរ​ Galaxy Grand

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​លើក​កម្ពស់​នៃ​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ពី​សំណាក់​អតិថិ​ជន​លើ​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ស៊ីមពីរ Galaxy Grand ក្រុម​ហ៊ុន​ Samsung Electronic ក៏​បាន​អភិវឌ្ឍបន្ថែម​លើ​មុខ​ងារ​ប្រើ​ប្រាស់​ពី​ភាសា​អង់​គ្លេស​ទៅ​ជា​ភាសា​ខ្មែរ​ទាំង​ស្រុង​ ។ ពិធី​ប្រកាស​ Update ពី​ភាសា​អង់​គ្លេស​ទៅ​ជា​ភាសា​ខ្មែរ​សម្រាប់​ Smartphone ស៊ីម​ពីរ​ Galaxy Grand នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​មហោ​ឡារិក​នៅ​តំណាង​ចែក​ចាយ​បន្ត​ផលិត​ផល​ Samsung សៀង លីន ​កាលពីព្រឹក​ថ្ងៃទី​៣ មិថុនា ដោយ​មាន​វត្ត​មាន​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរ​ជាតិ​ និង​តំណាង​សារ​ព័ត៌​មាន​យ៉ាង​ច្រើន​កុះករ​ ។

ការបន្ថែមមុខងារជាភាសាខ្មែរទាំងស្រុង ជំនួស​ភាសា​អង់គ្លេសនេះដែរ នាយក​គ្រប់​គ្រង​ផ្នែកទូរស័ព្ទ និង​បច្ចេក​វិទ្យា​នៃក្រុម​ហ៊ុន​Samsung Electronic សាខា​ថៃ​ប្រចាំកម្ពុជា លោក​ វ៉ាត ឡាំផេង បាន​ឱ្យ​ដឹងថា ដើម្បី​លើក​កម្ពស់​ភាសាខ្មែរ ក៏​ដូច​ជា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ទំនើប​ជា​ភាសា​ជាតិ​ ។ បន្ថែម​ពីលើនេះលោកបានបន្តថា Samsung បាន​ចាប់​ដៃ​សហការ​ជាមួយ Developer ខ្មែរ​មួយ​ក្រុម​មាន​ឈ្មោះ​ថា​ «KhmerUI Developer» ក្នុងការអភិវឌ្ឍន៍ និង​លើកកម្ពស់ភាសា​ជាតិ​ ។

រួមចំណែកក្នុងការចូលរួមអភិវឌ្ឍន៍ និង​រចនាពុម្ព​អក្សរ​ខ្មែរទាំងស្រុង ដំណើរ​ការ​លើ​ទូរស័ព្ទ​ស៊ីមពីរ Galaxy Grand លោក​ ដាញ់ ហុង​ បាន​លើក​ឡើងថា លោក​ស្រលាញ់​ទាំង​បច្ចេក​វិទ្យា​ និង​អក្សរ​សាស្ត្រ​ខ្មែរ​ ។​ Developer រូប​នេះ​បានឱ្យ​ដឹង​ថា​ រូបលោក និង​ក្រុម​ការងារ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ «Khmer UI Developer» ទាំង​អស់​សង្ឃឹមយ៉ាងមុតមាំថា បង​ប្អូន​ប្រជា​ពល​រដ្ឋ​មិត្តយុវវ័យទាំង​អស់​នឹងគាំទ្រ​ការខិត​ខំ​ប្រឹង​ប្រែងរបស់លោក ក៏ដូចជាចូលរួមអភិរក្ស និង​ជំរុញ​ឱ្យ​ភាសាជាតិ អក្សរសាស្ត្រជាតិប្រើ​ប្រាស់​ឱ្យ​បាន​ទូលំ​ទូលាយ​លើ​បណ្ដា​ឧបករណ៍​អេឡិច​ត្រូនិកឆ្លាតវៃទំនើបៗ (Smart Device) ជំនួសឱ្យ​ភាសា​បរទេស​ដែល​កំពុង​ចរាចរ​យ៉ាង​ទូលំ​ទូលាយលើទីផ្សារសព្វថ្ងៃ ។

លោកក៏បានបង្ហាញពីរបៀបផ្លាស់ប្ដូរភាសា ពី​បរទេស​ទៅជាភាសាខ្មែរលើ​ Galaxy Grand ជំហានទី១របៀប​ Download ភាសា​ ដោយ​លោក​អ្នក​គ្រាន់តែចូលទៅកាន់ Setting==> About Device==> Software Update==> Download==>Install បន្ទាប់​ពី​ទូរស័ព្ទ​Reboot ។ ជំហានទី២​របៀប​ផ្លាស់​ប្តូរ​ភាសា​ អតិថិជន​ទាំង​អស់​គ្រាន់តែចូលទៅ Setting==> Languages and Input ជ្រើសរើសយកខ្មែរ (កម្ពុជា) នោះ​លោក​អ្នកអាច​រីករាយ​ជាមួយ​ភាសា​ខ្មែរ​ក្នុង​ Galaxy Grand បានហើយ ។

ជួបជាមួយអតិថិជនចូល​រួម​ធ្វើតេស្ដ​សាក​ល្បង​ទូរស័ព្ទ Galaxy Grand នាថ្ងៃ​បើក​សម្ពោធ​ទំព័រ​ថ្មីនៃ​ការ​ Update ពីភាសាបរទេស ទៅ​ជា​ភាសាខ្មែរ​ទាំងស្រុង​មួយចំនួន​បាន​បញ្ចេញ​ទស្សនៈ​ដូចៗគ្នាថា ពួក​គេ​សូម​កោតសរ​សើរ​ដល់​ក្រុមហ៊ុន​ Samsung ក្រៅពីផលិត និង​នាំ​ចូល​ផលិត​ផល​ដែលមានគុណភាពប្រកប​ដោយ​បច្ចេក​វិទ្យាខ្ពស់ហើយនោះ នៅ​មាន​គំនិត​លើក​កម្ពស់​ភាសា​ខ្មែរទៀត ។ និយាយដូច្នេះ យុវជនតារាក្នុង​ចំណោមមិត្តភក្ដិ​ដែលចូល​រួម​កម្ម​វិធី​អះ​អាង​ថា​ ៖ «ខ្ញុំសង្កេតមើល​Smartphone ស្ទើរ​តែទាំង​ស្រុង​មាន​ខ្លះ​ប្រើ​អក្សរ​ខ្មែរបាន ខ្លះ​គ្រាន់​តែ​មើល​បាន​ ហើយ​ខ្លះ​ទៀត​មើល​អត់​ឃើញ​​ ប៉ុន្តែ​សម្រាប់​ Galaxy Grand វិញ​ដំណើរ​​​ការ​ជាភាសា​ខ្មែរ​ទាំងស្រុងតែ​ម្ដង ។ អុីចឹង​មិនយូរទេ យុវវ័យ​ជា​អ្នក​ប្រើ​ប្រាស់​ប្រាកដជាគាំទ្រ និង​ឱ្យ​តម្លៃ​ភាសា​អក្សរជាតិ​ខ្ពស់​​ជាង​ភាសា​បរទេស​ជា​មិន​ខាន» ។

លោក វ៉ាត ឡាំផេង ក៏បាន​បង្ហាញ​ពីគោល​ជំហរ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ទាំង​លើ​ពិភព​លោក និងនៅកម្ពុជាថា Samsung នឹង​បន្ត​ឆន្ទៈ​បង្កើត​ថ្មី ឧបករណ៍ទំនើបៗ ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ដល់អតិថិជន ​ក៏​ដូច​ជា​ចូលរួម​ចែក​រំលែក​ផ្សព្វផ្សាយ អភិរក្ស ​និង​លើក​កម្ពស់​ភាសា​ខ្មែរ​លើឆាកអន្តរជាតិ លើផលិតផលបន្តបន្ទាប់ ។​កុំភ្លេច! ទទួល​យក​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​នៃការប្រើប្រាស់ក៏​ដូច​ជា​ចូល​រួម​គាំ​ទ្រ​ភាសា​ខ្មែរ​​ពី​ទូរស័ព្ទ​ស៊ីម​ពីរ​ Galaxy Grand ទាំង​អស់​គ្នា​ ៕