រាជធានីភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិប្រទេសកម្ពុជា បានធ្វើការបដិសេធនៅថ្ងៃទី២៨ មិថុនា នូវរាល់ការចោទប្រកាន់ដែលទាក់ទិនទៅនឹងជនសង្ស័យ២នាក់ជាជនជាតិថៃ ដែលជាមេផ្ដួចផ្ដើមគំនិតដាក់បំផ្ទុះគ្រាប់បែករួចរត់ចូលក្នុងទឹកដីខ្មែរ។ កម្ពុជាបានប្រកាសបដិសេធទាំងស្រុង បើសិនជាព័ត៌មានពិតប៉ូលិសសៀមឃើញពួកគេចូលដីខ្មែរនោះហេតុអ្វីបានជាមិនឃាត់ទុក។ ដូច្នេះសូមប្រកាសបដិសេធទាំងស្រុងរាល់ការចោទប្រកាន់របស់ប៉ូលិសច្រកទ្វាររបស់ថៃ។ នេះជាទំលាប់ដដែលៗដែលជាការញុះញង់ ប៉ុនប៉ងបង្កបញ្ហា ហើយកម្ពុជាសូមសំណូមពរ ឱ្យបញ្ឈប់រាល់សកម្មភាពទាំងអស់តទៅទៀត ។
យោងតាមកាសែតបាងកកប៉ុស្ដិ៍របស់ថៃ ជាភាសាអង់គ្លេសនាថ្ងៃទី២៨ មិថុនា បានផ្សាយព័ត៌មានចោទប្រកាន់ថា ពលរដ្ឋថៃ២នាក់ដែលជាប់សង្ស័យជាមេផ្ដួចផ្ដើមគំនិតនៃការវាយប្រហារដោយការដាក់បំផ្ទុះគ្រាប់បែកនៅបរិវេណខាងក្រៅស្នាក់ការកណ្ដាល គណបក្សភូមិចៃថៃ (Bhumjeithai) ក្នុងទីក្រុងបាងកក កាលពីប៉ុន្មានថ្ងៃកន្លងមកនោះបានរត់ភៀសខ្លួនចូលក្នុងទឹកដីកម្ពុជា ។ តាមព័ត៌មានដដែលបានដកស្រង់សំដីប៉ូលិសអន្ដោប្រវេសន៍មួយរូបដែលនិយាយថា ជនសង្ស័យជាអ្នកផ្ដួចផ្ដើមគំនិតនៃការដាក់បំផ្ទុះគ្រាប់ បែកនៅបរិវេណខាងក្រៅគណបក្សភូមិចៃ ថៃ កាលពីថ្ងៃអង្គារ ទី២២ មិថុនា កន្លងមក បានរត់គេចខ្លួនចូលក្នុងប្រទេសកម្ពុជា។
ប៉ូលិសរូបនោះបានឱ្យដឹងថា ជនសង្ស័យទាំង នោះត្រូវគេផ្ដល់អត្ដសញាណមានឈ្មោះថា Warisanya Boonsom ភេទស្រី អាយុ៤២ឆ្នាំ និងម្នាក់ទៀតឈ្មោះ Kobchai Boonplod ភេទប្រុស អាយុ៤១ឆ្នាំ ជាប្ដីប្រពន្ធនឹងគ្នា។ តាមការចោទប្រកាន់បានរត់ភៀសខ្លួនចូល ក្នុងទឹកដីខ្មែរនៅវេលាព្រឹកថ្ងៃពុធ ទី២៣ មិថុនា គឺក្រោយពីកើតហេតុការណ៍ដាក់បំផ្ទុះគ្រាប់បែកច្នៃនៅបរិវេណខាងក្រៅគណបក្ស ភូមិចៃថៃ បានរយៈពេលមួយថ្ងៃ ។ អត្ដសញ្ញាណជនសង្ស័យទាំង២នាក់នេះត្រូវបានចេញផ្សាយសាធារណៈ ក្រោយពីចាប់ខ្លួន និងសួរចំលើយ សន្ដិសុខនៃក្រុមអាវក្រហម២នាក់ដែលរងការចោទប្រកាន់ជាប់ពាក់ព័ន្ធជាមួយការដាក់បំផ្ទុះគ្រាប់បែកនោះដែរ ។
ក្នុងការសួរចំលើយសន្ដិសុខអាវក្រហមដែលត្រូវចាប់ខ្លួនម្នាក់ឈ្មោះ Dejpol Phutiong អាយុ៥៧ឆ្នាំ តាមការចោទប្រកាន់បានប្រាប់អ្នកសួរចំលើយថា ជនសង្ស័យទាំង២នាក់ខាងលើ ពិតជានៅពីក្រោយការដាក់បំផ្ទុះគ្រាប់បែកនោះមែន ។លោក Benjapon Rodsawas នាយរងប៉ុស្ដិ៍ឆែកឆេរអន្ដោប្រវេសន៍ច្រកស្រះកែវ បានថ្លែងកាលពីថ្ងៃទី២៧ មិថុនា កន្លងមកថា តាមការពិនិត្យតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ជនសង្ស័យឈ្មោះ Warisaya និងឈ្មោះ Kobchai ពិតជាបានរត់ចូលក្នុងទឹកដីកម្ពុជា តាមរយៈច្រកឆ្លងកាត់ព្រំដែន Ban Khlong Leuk នៅក្នុងសង្កាត់ Aranyaprathet ខេត្ដស្រះកែវ ។
ទោះបីជាបែបណា កន្លែងលាក់ខ្លួនរបស់ប្ដីប្រពន្ធទាំង២នាក់នោះនៅក្នុងទឹកដីកម្ពុជាមិនទាន់ត្រូវកំណត់ច្បាស់ថា នៅកន្លែងណានៅឡើយទេ ។
ជាការឆ្លើយតបអង្គភាពព័ត៌មាន និងប្រតិកម្មរហ័យបានចេញសេចក្ដីបំភ្លឺមួយក្នុងថ្ងៃដដែលនេះ ដែលសូមថតចំលងចុះផ្សាយទាំងស្រុងដូចខាងក្រោមនេះ ។


ចែករំលែកព័តមាននេះ