ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ បានមានបន្ទូលបញ្ជាក់ឲ្យដឹងថា ព្រះអង្គនឹងដាក់លិខិតលាលែងពីតំណែងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ (សម្តេចម៉ែ) នៅថ្ងៃទី២៩ ឧសភា ២០១៣ ។
មានបន្ទូលតាមទូរស័ព្ទបា្រប់កោះសន្តិភាពនៅរសៀលថ្ងៃទី ២៧ ឧសភានេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ បានឲ្យដឹងបន្តថា ដោយសារព្រះអង្គមមាញឹកក្នុងការបំពេញបេសកកម្មនៅតាមបណ្តាខេត្ត ពុំមានពេលវេលាច្រើននោះ ទើបព្រះអង្គនឹងដាក់លិខិតសុំលាលែងតំណែងជាទីប្រឹក្សាផ្ទាល់សម្តេចម៉ែនៅថ្ងៃពុធទី២៩ ឧសភា ២០១៣ ហើយព្រះអង្គក៏បានទូលរឿងនេះដល់សម្តេចម៉ែផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ឧសភា អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតព្រមានព្រះអង្គម្ចាស់ធម្មិកោឲ្យទៅប្រកាសទ្រព្យសម្បត្តិនិងបំណុល ហើយក្នុងករណីព្រះអង្គរឹងរូស នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ភ្លាមៗព្រះអង្គម្ចាស់ធម្មិកោ បានមានបន្ទូលបា្រប់ប្រព័ន្ឋផ្សព្វផ្សាយថា ព្រះអង្គនឹងមិនទៅប្រកាសទ្រព្យសម្បត្តិដាច់ខាត ដោយព្រះអង្គពន្យល់ថា ព្រះបរមរាជវំាងជាស្ថាប័នឯករាជ្យ ប៉ុន្តែកាលពីចុងសបា្តហ៏មុននេះ ព្រះអង្គម្ចាស់ធម្មិកោ បានផ្លាស់ប្តូរជំហររបស់ទ្រង់ ដោយសម្រេចទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីដាក់ឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល និងក៏បានប្រកាសថា ព្រះអង្គនឹងដាក់លិខិតលាលែងពីតំណែងជាទីប្រឹក្សាផ្ទាល់សម្តេចម៉ែ នោះថែមទៀត ។ ការលាលែងនេះ ក៏ត្រូវបានព្រះអង្គពន្យល់ផងដែរថា ព្រះអង្គចង់ប្រឡូកនយោបាយដោយពេញលេញ និង មិនចង់ឲ្យស្ថាប័នព្រះបរមរាជវំាង ព្រះមហាក្សត្រនិងសម្តេចម៉ែ ពាក់ព័ន្ឋនឹងនយោបាយ ។
បច្ចុប្បន្នព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ គឺជាបេក្ខភាពតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិសម្រាប់មណ្ឌលខេត្តព្រះសីហនុ នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ២០១៣ខាងមុខ ។
កាលពីពេលថ្មីៗនេះ ព្រះអង្គក៏ធ្លាប់ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ពីការដែលព្រះអង្គមានបន្ទូលថា ព្រះអង្គជាតំណាងឲ្យសង្គមរាស្រ្តនិយម និង តំណាងរាជវង្ស ដោយថាព្រះអង្គគឺជាអតីតទាហាន លន់ នល់ ដែលបានរួមចំណែកក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ ( សម្តេចឪនរោត្តម សីហនុ) កាលពីថ្ងៃទី១៨ មីនា ១៩៧០ ខណៈដែលព្រះបិតាព្រះអង្គម្ចាស់ធម្មិកោ ជាអ្នកដង្ហែសម្តេចឪនោះ ៕
ចែករំលែកព័តមាននេះ