ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន​ ស្នើឲ្យបង្កើតច្បាប់​ដាក់ទោស​អ្នកដែលនិយាយថា ​កម្ពុជាគ្មានរបប​ប្រល័យពូជសាសន៍​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បានអំពាវនាវឲ្យ​តំណាងរាស្រ្ត​គណបក្សប្រជាជន​កម្ពុជា និងហ៊្វុនស៊ិនប៉ិច​ ​បង្កើតច្បាប់ដាក់​ទោសទណ្ឌ​ចំពោះអ្នក​ដែលនិយាយថា កម្ពុជា​គ្មានរបបប្រល័យ​ពូជសាសន៍​ និងកន្លែង​ធ្វើទារុណកម្ម ​ដូចជាគុកទួលស្លែង​ និងជើងឯក ​។

ការអំពាវនាវរបស់​សម្តេចតេជោ​យ៉ាងដូច្នេះ ​បានធ្វើឡើងបន្ទាប់ពី​ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ​ធ្លាប់បាននិយាយថា ​គុកទួលស្លែង​ជាកន្លែងសិប្បនិម្មិត​ ដែលធ្វើឲ្យ​ លោក ជុំ មី និង លោក ប៊ូ ម៉េង ​អតីតជនរងគ្រោះរួច​ពីស្លាប់​នៅគុកទួលស្លែង ​ប្រតិកម្ម និងស្នើឲ្យ លោក កឹម សុខា​ សូមទោសដល់ព្រលឹង​​ជនរងគ្រោះ​ទំាងអស់​ដែល​ស្លាប់​ និងអ្នកឆ្លងកាត់​ការធ្វើទារុណកម្មនៅ​គុកទួលស្លែង ។

ថ្លែងជាសាធារណៈ​នៅព្រឹកថ្ងៃទី២៧ ឧសភា ២០១៣ ​ក្នុងពិធីសម្ពោធមហាកុដិ ​នៅវត្តលង្ការ រាជធានីភ្នំពេញ ​សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ជាក់ទៀតថា នៅ​អឺរ៉ុប​ អ្នកដែលនិយាយថា របបហ៊ីត្លែរ​ មិនសម្លាប់មនុស្សត្រូវ​តែមានទោស ។ ​សម្តេចបន្តថា គេថាគុកទួលស្លែង​ជាកន្លែងសិប្បនិម្មិត ការនិយាយបែបនេះ​​ វាមិនត្រឹមតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់ លោកជុំ មី និង លោក ប៊ូ ម៉េង​ នោះទេ ប៉ុន្តែធ្វើឲ្យប៉ះពាល់​ព្រលឹងប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ​ដែលស្លាប់ដោយការធ្វើទារុណកម្ម​នៅក្នុងគុកទួលស្លែង និងប៉ះពាល់ដល់ប្រជាពលរដ្ឋ​ទូទំាងប្រទេស ​ជាពិសេសអ្នកដែលឆ្លងកាត់របប​ប្រល័យពូជសាសន៍ ​៕