ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​ពិព័រណ៍​រូបថត​ជន​ជាតិ​អូស្រ្ដាលី​សម័យ​អ៊ុន​តាក់​នៅ​កម្ពុជា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​ជា​ស្នា​ដៃ​របស់​ជន​ជាតិ​អូស្រ្ដាលី​ បង្ហាញ​ពី​សម័យ​កាល​អ៊ុន​តាក់​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​អំឡុង​ឆ្នាំ​១៩៩២​ ដល់​ឆ្នាំ​១៩៩៣​ បាន​ដាក់​តាំង​បង្ហាញ​ជា​សាធារណ​ៈ​នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​អាល្លឺម៉ង់​ កាល​ពី​ល្ងាច​ថ្ងៃទី​២៣​ ឧសភា​ ឆ្នាំ​២០១៣​ ។​

លោក​ ដេវ​ ហ្គច​ លេខា​ទី​១​ និង​ជា​អនុ​ប្រធាន​​ទូត​អូស្រ្ដាលី​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ពិព័រណ៍​រូប​ថត​នេះ​បាន​ប្រសិទ្ធ​នាម​ថា​ «អ៊ុនតាក់​២០​ឆ្នាំ​បន្ទាប់​ និង​ទស្សនៈ​របស់​ប្រទេស​អូស្រ្ដាលី​»​ ។​ ពិព័រណ៍​នេះ​បង្ហាញ​ឱ្យ​ឃើញ​អំពី​លក្ខណៈ​ពិសេស​នៃ​ស្នា​ដៃ​ការងារ​របស់អ្នក​ថតរូប​អូស្រ្ដាលី​ រួម​មាន​លោក​ Heide Smith Tim  Page និង​លោក George Gittoes ក្នុង​រយៈ​ពេល​បេសក​កម្ម​របស់​អ៊ុនតាក់​នៅ​ប្រទេស​កម្ពុជា​ក្នុង​ចន្លោះ​ពី​ខែ​មីនា​ ១៩៩២​ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ។​ បេសក​កម្ម​របស់​អ៊ុន​តាក់​ រួម​មាន​ការ​ឃ្លាំ​មើល​បទ​ឈប់​បាញ់​គ្នា​​ និង​ការ​បញ្ឈប់​ជំនួយ​កង​ទ័ព​ពី​ក្រៅ​​ រៀប​​ចំ​ការ​បោះ​ឆ្នោត​​ និង​ធ្វើ​ការ​ជា​មួយ​គណ​បក្ស​នយោបាយ​ផ្សេងៗ​គ្នា​ ដើម្បី​គ្រប់គ្រង​កម្ពុជា​រហូត​ដល់​ពេល​បោះ​ឆ្នោត ។​

លោក​ដេវ​ ហ្គច​ បាន​បន្ថែម​ថា​ រូប​ថត​ដែល​បាន​ដាក់​តាំង​នៅ​ទី​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​មន្ដ្រី​អ៊ុន​តាក់​បំពេញ​តួនាទី​ទាំង​នោះ​ ដោយ​មាន​រូប​ថត​របស់​មន្ដ្រី​យោធា​ដើរ​ល្បាត​​ ឃ្លាំ​មើល​បទ​ឈប់​បាញ់​គ្នា​​ និង​ការ​ធ្វើ​ឱ្យ​ស្ថាន​ភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ភាព​ប្រាកដ​ប្រជា​ ។​

រូប​ថត​ផ្សេង​ទៀត​បង្ហាញ​ពី​មន្ដ្រី​សិទ្ធិ​មនុស្ស​កំពុង​បង្កើន​ការ​យល់​ដឹង​ពី​សិទ្ធិមនុស្ស​ និង​ការ​ឃ្លាំ​មើល​ការ​អនុវត្ដ​គោល​ការណ៍​សិទ្ធ​ិ​មនុស្ស​របស់​អាជ្ញាធរ​ ។​ រូប​ភាព​ខ្លះ​ទៀត​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ជួយ​សម្រួល​របស់​អ៊ុន​តាក់​ដល់​ការ​ធ្វើ​មាតុភូមិ​និវត្ដន៍​នៃ​ពលរដ្ឋ​កម្ពុជា​ រាប់​ពាន់​នាក់​មក​ពី​ជំរំនៅ​តាម​ព្រំដែន​ តាម​រយៈ​រថភ្លើង​ និង​នាវា​ ។​ រូប​ភាព​មួយ​ចំនួន​ទៀត​បង្ហាញ​ឱ្យ​ឃើញ​មន្ដ្រី​អ៊ុនតាក់​កំពុង​តែ​បណ្ដុះ​បណ្ដាល​ដល់​ពលរដ្ឋ​កម្ពុជា​លើ​ជំនាញ​ដោះ​មីន​​ និង​នគរបាល​​ ។​ រូប​ភាព​ខ្លះ​ទៀត​បង្ហាញ​ឱ្យ​ឃើញ​ពី​ពលរដ្ឋ​កម្ពុជា​កំពុង​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ​ ។​

លោក​ ដេវ ហ្គច​ បញ្ជាក់​ថា​ ការ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​អាជ្ញាធរ​អ៊ុន​តាក់​នេះ​ ធ្វើ​ឱ្យ​ប្រទេស​អូស្រ្ដាលី​មាន​តួនាទី​នាំ​មុខ​គេ​ក្នុង​ដំណើរ​ការ​សន្ដិភាព​តាំង​ពី​ពាក់​កណ្ដាល​ទសវត្ស​ទី​៨០​មក​ម៉្លេះ​ ហើយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ដ​របស់​យើង​ក្នុង​នា​ម​ជា​អ្នក​ចូល​រួម​ចំណែក​វិជ្ជមាន​មួយ​លើ​សន្ដិភាព​ និង​ស្ថិរ​ភាព​ក្នុង​តំបន់​របស់​យើង​ ។​ ប្រទេស​កម្ពុជា​ផ្លាស់​ប្ដូរ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​២​០​ឆ្នាំ​កន្លង​មក​នេះ​ ប៉ុន្ដែ​ការ​ប្ដេជ្ញា​ចិត្ដ​ជា​និរន្ដ​រ៍​ និង​ចំណង​មិត្ដ​ភាព​រវាង​កម្ពុជា​ និង​អូស្រ្ដាលី​ មិន​បាន​ផ្លាស់​ប្ដូរ​ឡើយ​​ ។​ កង​កម្លាំង​យោធា​ និង​នគរបាល​របស់​យើង​បន្ដ​កិច្ច​សហ​ប្រតិបត្ដិ​ការ​បង្ក្រាប​បទ​ឧក្រិដ្ឋ​ និង​ភេរវកម្ម​ និង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ផ្នែក​សន្ដិសុខ​ ៕​