រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះទើបតែ៧ខែប៉ុណ្ណោះ បានសម្រាលកូនលើរ៉ឺម៉កម៉ូតូ (ទុកទុក) បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ និងផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ហៅរថយន្តពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខាងលិចដឹកទៅសង្គ្រោះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ឧសភា ២០១៣ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរូបនោះឈ្មោះផាន់ ណេង អាយុ២២ឆ្នាំ ជាកសិករ ចំណែកប្តីឈ្មោះសៅ វុទ្ធី អាយុ៣០ឆ្នាំ ជាជាងសំណង់ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ ក្រុមគ្រួសារបានឱ្យដឹងថា នៅព្រឹកកើតហេតុនេះនាងបានឈឺពោះជិតសម្រាលកូន ឃើញដូចនេះប្តីរបស់នាងបានជួលរ៉ឺម៉កម៉ូតូដឹកទៅមន្ទីរពេទ្យមួយនៅម្តុំថ្នល់បំបែកចោមចៅ ប៉ុន្តែពេលទៅដល់ត្រូវក្រុមគ្រូពេទ្យប្រាប់ថា មិនទាន់ដល់ពេលសម្រាលកូនទេ ។ ឮដូចនេះប្តីរបស់នាងក៏ដឹកនាងតាមរ៉ឺម៉កម៉ូតូដដែលត្រឡប់មកផ្ទះជួលវិញ លុះពេលទៅដល់ផ្ទះកាន់តែមានអាការឈឺខ្លាំងឡើងៗ បុរសជាប្តីក៏បានលើកឡើងដាក់ក្នុងរ៉ឺម៉កម៉ូតូម្តងទៀត បម្រុងដឹកទៅកាន់មន្ទីរពេទ្យ ស្រាប់តែនាងបានបែកទឹកភ្លោះ និងសម្រាលកូនភ្លាមៗតែម្តង។
ស្ត្រីរូបនោះសម្រាលបានកូនស្រីម្នាក់ដោយសុវត្ថិភាព តែកម្លាំងនាងនៅខ្សោយ និងមានធ្លាក់ឈាមច្រើន៕



ចែករំលែកព័តមាននេះ