ខេត្តរតនគិរី ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹងកណ្តាលព្រៃក្បែរបឹងយក្សឡាយ ស្ថិតនៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ។
តាមប្រភពព័ត៌មានឱ្យដឹងថា បុរសដេកស្លាប់នោះឈ្មោះព្រំ យេន ជាមន្ត្រីមន្ទីរវប្បធម៌ខេត្ត ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិកន្ទឹល សង្កាត់បឹងកន្សែង ស្រុកបានលុង ។ មុនពេលកើតហេតុគេឃើញគាត់ទៅស្ទូចត្រីនៅបឹងនេះតាំងពីយប់ថ្ងៃទី២៥ ឧសភា ២០១៣ រហូតដល់ព្រឹកថ្ងៃទី២៦ ឧសភា នេះ ប្រហែលម៉ោង៧ព្រឹក ទើបគេឃើញគាត់ដេកស្លាប់ក្នុងអង្រឹងចងកណ្តាលព្រៃក្បែរមាត់បឹង ។
អាជ្ញាធរស្រុកបរកែវ បញ្ជាក់ថា នេះមិនមែនជាករណីមនុស្សឃាតទេ វាជាករណីខ្យល់គរស្លាប់ ព្រោះគាត់ជាមនុស្សញៀនស្រា ហើយអាចអត់ងងុយ និងមានសុខភាពខ្សោយ ។
សូមបញ្ជាក់ថា បឹងយក្សឡាយ ជាតំបន់អភិរក្ស និងលែងពូជត្រីល្អៗ ដោយមន្ត្រីជលផល និងផ្នែកពាក់ព័ន្ធជារៀងរាល់ឆ្នាំ ដើម្បីអភិរក្សជីវចម្រុះនៅតំបន់នោះ ៕
ចែករំលែកព័តមាននេះ