រាជធានីភ្នំពេញ៖នៅក្នុងបរិវេណវិទ្យល័យព្រះស៊ីសុវត្តិ អតីតវិទ្យាល័យភ្នំដូនពេញកាលពីរាត្រីថ្ងៃទី២៥ ឧសភា ២០១៣មានប្រារព្ធកម្មវិធីជួបជុំអតីតសិស្សដែលធ្លាប់សិក្សានៅវិទ្យាល័យនេះគ្រប់ជំនាន់។ពិធីដ៏អធិកអធមនេះគឺជាការផ្ដួចផ្ដើមរៀបចំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិតហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនិងជាមេបញ្ជាការរងកងទ័ពជើងគោកដែលមានវត្តមាននាគ្រានោះព្រមទាំងបណ្ដាសិស្សានុសិស្សនិងសិល្បករល្បីៗចូលរួមយ៉ាងរីករាយក្រៃលែងក្នុងន័យប្រមូលថវិកាជាមូនិធិជួយជួសជុលអគារសិក្សានៅក្នុងវិទ្យាល័យដើម្បីបន្តទុកដល់អ្នកជំនាន់ក្រោយ។
ក្នុងពិធីជួបជុំអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្តិកាលពីរាត្រីថ្ងៃទី២៥នោះបានប្រព្រឹត្តទៅក្នុងសភាពអ៊ូអរបំផុត។ពិសេសគេសង្កេតឃើញវត្តមានបងប្អូនដែលធ្លាប់សិក្សានៅវិទ្យាល័យព្រះស៊ីសុវត្តិភ្នំដូនពេញមកជួបជុំគ្រប់ជំានាន់មានរហួតដល់អតីតសិស្សតាំងពីជំនាន់ទស្សវត្សទី៦០ ក៏ឃើញមានវត្តមាននាគ្រានោះដែរ។ តាមរយៈកម្មវិធីមិនធ្លាប់មានបានធ្វើឱ្យបណ្ដាអតីតសិស្សដែលធ្លាប់មានប្រវត្តសិក្សានៅវិទ្យាល័យនេះម្នាក់ៗសំដែងនូវទឹកចិត្តរំភើបក្ដុកក្ដួលពេលដែលនឹកដល់រឿងរ៉ាវអតីតកាលធ្លាប់ជួបជុំគ្នាក្នុងវិទ្យាល័យដ៏ល្បីឈ្មោះនេះពិសេស បានជួបអតីតមិត្តភក្តិដែលបែកគ្នាជាច្រើនឆ្នាំ ក៏ដូចជាលោកគ្រូអ្នកគ្រូអ្នកមានគុណផ្ដល់ចំណេះដឹងមិនអាចកាត់ថ្លៃបាន៕










ចែករំលែកព័តមាននេះ