រាជធានីភ្នំពេញ៖ រថយន្តពីរគ្រឿងមួយគ្រឿងម៉ាកឡិចស៊ីស RX470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2I-1778 និងមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J-1657 បានបើកបរបុកគ្នាពេញទំហឹង នៅលើកំណាត់មហាវិថីព្រះនរោត្តម កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ១២នឹង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ឧសភា ២០១៣ បណ្តាលឲ្យមនុស្សប្រុសស្រី5-6នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការន៍ខាងលើនេះ បង្គោលភ្លើងបំភ្លឺផ្លូវសារធារណៈ១ដើម បានរងការខូចខាតដោយសាររថយន្តឡិចស៊ីស បុកដួលក្រឡាប់ទៅគាបជាប់នឹងបង្គោលភ្លើង។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តឡិចស៊ីសម៉ាក RX470 បានបើកបរលើកំណាត់មហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង ចំណែកឯរថយន្តហាយឡែនឌ័រ បើកបរក្នុងទិសដៅពីជើងមកត្បូង បញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿងបានជ្រុលល្បឿនបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីសវិលខ្លួនក្រឡាប់ផ្ងារជើងផ្ទប់នឹងបង្គោលភ្លើង គាបមនុស្សក្នុងរថយន្តជាប់ ត្រូវសមត្ថកិច្ចជួយសង្គ្រោះអស់រយះពេលរាប់ម៉ោងទើបយកមនុសចេញរួច។ ចំណែកឯរថយន្តហាយឡែនឌ័រ ក៏បានរងការខូចខាតកំពិតក្បាលខាងមុខយ៉ាងដំណំ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ គេនៅមិនទាន់ដឹងថា អ្នកបើកបររថយន្តទាំងពីរគ្រឿងខាងលើ មានឈ្មោះអ្វី និងការងារអ្វីច្បាស់លាស់នៅឡើយទេ។
តាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា នៅក្នុងរថយន្តហាយឡែនឌ័រ ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ និងរថយន្តឡិចស៊ីស ជិះគ្នា៣នាក់ ប្រុសម្នាក់ និងស្រី២នាក់ សរុបអ្នករងរបួសធ្ងន់ក្នុងរថយន្តទាំងពីរគ្រឿងខាងលើនេះ មានចំនួនទាំងអស់៥នាក់៕













ចែករំលែកព័តមាននេះ