រាជធានីភ្នំពេញ៖ បេក្ខភាពប្រកួតដណ្ដើមជើងឯកខ្សែក្រវ៉ាត់របស់ក្រុមហ៊ុន សេង ហុងហេង សរុបទាំង ៣ជុំ កាលពីថ្ងៃសុក្រ នៅសង្វៀនបឹងស្នោ មានតែកីឡាករសាន វិចិត្រ កីឡាករម៉ាប់ ឆៃយ៉ា និងកីឡាករកែវ វិរៈ ប៉ុណ្ណោះ ដែលមានពិន្ទុនាំមុខគេ គឺ៧ពិន្ទុស្មើគ្នា។ ទោះយ៉ាងណា មូលហេតុដែលនាំឲ្យកីឡាករ សាន វិចិត្រ ទទួលបានពិន្ទុ៣បន្ថែម គឺបណ្ដាលមកពីកីឡាករ ស៊ីថា សារ៉ាន់ ភ្លាត់ស្នៀតបន្តិច ហើយបណ្ដោយខ្លួនឲ្យចាញ់ការប្រកួតដោយនឹកស្មានមិនដល់នោះតែប៉ុណ្ណោះ។
តាមការប្រកួត២ជុំកន្លងមក កីឡាករកែវ វិរៈ មកពីក្លិបគុជសារកីឡា គឺជាអ្នកក្ដាប់ពិន្ទុ៦នាំមុខគេ ដែលនោះគឺដោយសារតែគេមិនធ្លាប់ចាញ់ទាល់តែសោះ ក្នុងពីរជុំដំបូង។ អញ្ចឹងហើយ ទើបការប្រកួតក្នុងជុំទី៣កាលពីថ្ងៃសុក្រ សុទ្ធតែធ្វើឲ្យម្នាក់ៗភ្ញាក់ខ្លួន នៅពេលកីឡាករឈិន ក្វាន់ង៉ុយ ដែលក្ដាប់ពិន្ទុបាតតារាងសោះ ស្រាប់តែអាចធ្វើឲ្យកីឡាករ កែវ វិរៈ មិនធ្លាប់ចាញ់សោះ សន្លប់ក្នុងទឹកទី៥ ដោយនឹកស្មានមិនដល់។ ជាមួយហេតុផលនេះ បានធ្វើឲ្យកីឡាករដទៃ មានឱកាសតាមទាន់ពិន្ទុរបស់លោក ខណៈដែលក្នុងនោះ កីឡាករសាន វិចិត្រ ដែលមិនមានសង្ឃឹមផ្ដួលកីឡាករស៊ីថា សារ៉ាន់ នៅមុនឡើងរេញ បានក្លាយជាអ្នកក្ដាប់ពិន្ទុ៧ ស្មើនឹងលោក ស្ទើរមិនគួរឲ្យជឿ។ សម្រាប់ការប្រកួតក្នុងជុំទី៣ គ្មានអ្នកណាមិនជឿឡើយថា កីឡាករស៊ីថា សារ៉ាន់ ទទួលការបរាជ័យ នៅពេលដែលម្នាក់ៗដឹងថា កីឡាកររូបនេះ ប៉ះគ្នាជាមួយកីឡាករ សាន វិចិត្រ។ ជំនឿទុកចិត្តនេះ គឺយោងលើបទពិសោធន៍ ប្រកួតរបស់កីឡាករស៊ីថា សារ៉ាន់ មានកម្រិតច្រើនជាង និងមានប្រវត្តិទទួលជ័យជម្នះលើសលប់ជាង។ ភាពភ្លាត់ស្នៀតរបស់ ស៊ីថា សារ៉ាន់ ត្រូវគេមើលឃើញថា បណ្ដាលមកពីកីឡាកររូបនេះ ចុះខ្សោយកម្លាំងស៊ុហ្វ នៅពេលឈានដល់ទឹកទី៣។
ទោះយ៉ាងណា ស៊ីថា សារ៉ាន់ ក៏ប្រឹងប្រកួតដោយអស់ពីសមត្ថភាពផងដែរ បើទោះជាដំណាក់កាលចុងក្រោយ លោកនៅតែមិនអាចដណ្ដើមពិន្ទុឈ្នះ ព្រោះតែកម្លាំងស៊ុហ្វមិនអាចទៅរួចជាមួយដៃគូនោះនោះក៏ដោយ។ តាមរយៈលទ្ធផលនេះ បានបណ្ដោយឲ្យកីឡាករសាន វិចិត្រ ទទួលបាន៣ពិន្ទុបន្ថែម ធ្វើឲ្យគេ មានពិន្ទុសរុបដល់៧ពិន្ទុ សរុបទាំង៣ប្រកួត ដែលពិន្ទុនេះ ស្មើកីឡាករម៉ាប់ ឆៃយ៉ា បន្ទាប់ពីគេអាចយកឈ្នះ កីឡាករកែវ រំជោត មកពីក្លិបដំបងក្រញូងកីឡាខេត្តបាត់ដំបង និងស្មើពិន្ទុកីឡាករកែវ វិរៈ ដែលភ្លាត់ឲ្យសន្លប់ក្រោមដៃកីឡាករ ឈិន ក្វាន់ង៉ុយ ក្នុងជុំទី៣នោះ។ ដោយឡែកកីឡាករ៣រូបទៀត រួមមានកីឡា កែវ រំជោត កីឡាករ ឈិន ក្វាន់ង៉ុយ និងកីឡាករ ស៊ីថា សារ៉ាន់ មកពីក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានទទួល៥ពិន្ទុស្មើគ្នា ដោយសារតែអ្នកពិន្ទុខ្ពស់ បានភ្លាត់ស្នៀតឲ្យចាញ់ និងកីឡាករជាអ្នកចាញ់ បានទទួលជោគជ័យ ដូចកីឡាករឈិន ក្វាន់ង៉ុយ ដែលឈរបាតតារាងកាលពីពីរជុំមុននោះជាដើម។
ក្នុងនោះការប្រកួតអម កីឡាករស៊ុន សេងហៀង មកពីក្លិបមិត្តប៉ូលីស សន្លប់ក្រោមដៃកីឡាកររុំ សុភ័ក្រ មកពីក្លិបបាក់ខែងកីឡា ក្នុងទឹកទី១ និងកីឡាករអន ឈុនហេង មកពីក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម និងកីឡាករឯម លឿងរ៉ា មកពីក្លិបឬទ្ធិពោធន៍សែនជ័យ ត្រូវគេដេញចុះពីរេញព្រោះតែប្រកួតមិនអស់សមត្ថភាពដូចគ្នា។ ផាត់ តារារដ្ឋ



ចែករំលែកព័តមាននេះ