ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​សិស្សវិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ជួប​ជុំ​គ្នា​បង្កើត​​សំណើច និង​សមិទ្ធ​ផល​​ថ្មី​

13 ឆ្នាំ មុន

កម្មវិធី​ជួប​ជុំ​​មិត្ត​ចាស់​ ឬអតីត​​​សិស្ស​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ (អតីត​វិទ្យា​ល័យ​ភ្នំដូនពេញ) នឹងប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃ​សៅរ៍ ទី២៥ ​ឧសភា ​២០១៣ ​នៅ​វិទ្យាស​ល័យ​ព្រះ​ស៊ីសុវត្ថិ​ វេលា​ម៉ោង​៥​ល្ងាច​ ក្រោម​គំនិត​​ផ្តួច​ផ្តើម​​រៀបចំ​កម្ម​វិធី​ដោយ​លោក​ឧត្តម​សេនីយ៍​​ទោ បណ្ឌិត ហ៊ុន ម៉ាណែត រួម​ជា​មួយ​អតីត​សិស្ស​វិទ្យា​​​ល័យ​ព្រះ​ស៊ីសុវត្ថិ (អតីតវិទ្យា​​​ល័យ​​ភ្នំដូន​ពេញ) ជាច្រើន​នាក់ ដើម្បី​ជួប​ជុំ​សំណេះ​សំណាល​ ​ពិសា​អាហារ​សាមគ្គី​  និង​បង្កើត​កម្ម​វិធី​សប្បុរស​​ក្នុង​គោល​បំណង​ស្វែង​រក​ថវិកា​ស្ម័គ្រ​ចិត្ត​សម្រាប់​រួម​ចំណែក​​ជួស​ជុល​អគារ​សិក្សា​​ក្នុង​បរិវេណ​វិទ្យា​ល័យ ព្រម​ទាំង​សមិទ្ធ​ផល​ផ្សេងៗ ។

អារម្មណ៍​​មួយដែល​យើង​​ចង​ចាំ​មិន​ដែល​ភ្លេច​សោះ​ក្នុង​មួយ​ជីវិត​នេះ គឺ​អនុស្សាវរីយ៍​ដែល​បាន​សាង​ឡើង​ក្នុងគ្រា​សិក្សា​វ័យជំទង់​នៅ​វិទ្យា​ល័យ ដូច​ជា​ទិដ្ឋ​ភាព​សំណើច​កក្អាក​ក្អាយ​​  ស្រស់​ស្រាយ​លាយ​​ស្នាម​ញញឹម​​របស់​មិត្ត​ភក្តិ​​គ្រប់​​រូប។ ​ពាក្យ​ពេចន៍​ទូន្មាន​​របស់​លោក​គ្រូ-អ្នក​គ្រូ​​ពេល​ពន្យល់​​មេរៀន និងការ​ដើរ​កម្សាន្ត​ជា​ក្រុម​ សុទ្ធ​សឹង​ជា​សកម្ម​ភាព​ដែល​បាន​ឆ្លាក់​ទុក​ក្នុង​​ស្នាម​​អនុស្សវរីយ៍​យុវ​វ័យ​ឱ្យ​​ចង​​ចាំក្នុង​ចិត្ត​​ ទោះ​មក​ដល់​ពេល​នេះ​លោក​អ្នក​​មាន​វ័យ​ចំណាស់​ហើយក្តី ។ ការ​ជួប​​ជុំអតីត​សិស្ស​វិទ្យា​ល័យ​​ព្រះ​ស៊ីសុវត្ថិ​ ​នា​ពេល​នេះ​រឹងរឹត​តែ​ញាំុង​ឱ្យ​​ក​ើត​មាន​ការ​ចង​ចាំ​មួយ​​ថ្មីទៀត​លេច​​ត្រដែត​ឡើង​ ជា​ពិសេស​បាន​ជួប​ជុំ​​មិត្ត​ចាស់​រីក​រាយ​ប្តូរ​ផ្លាស់​​បទពិសោធន៍​  និង​បង្កើន​ភាព​ស្និទ្ធ​ស្នាលទ្វេ​ដង​កាន់តែ​​ធ្វើ​ឱ្យ​អនុ​ស្សាវរីយ៍​​កាល​ពី​វ័យ​​ជំទង់​​​​ហាក់​​នៅ​ថ្មីៗ ។ ​លើស​ពី​នេះ​លោក​អ្នក​ថែម​ទាំង​​បាន​​ចែក​រំលែក​​សណ្តាន​ចិត្ត​ ប្រាក់​កាស​ធនធាន​​​​ផ្ទាល់​ខ្លួន​ ទោះ​ក្នុង​​ចំនួន​តិច​ក្តី-ច្រើនក្តី ដើម្បី​រួម​ចំណែក​កសាងសមិទ្ធ​ផល​​នានា ទុក​ជា​អនុ​ស្សាវរីយ៍​​បន្ត​ដល់​យុវជនជំនាន់​​ក្រោយ ដូច​ជា​សាលា​រៀន​ បណ្ណា​ល័យ សួន​ច្បារ​ក្នុង​សាលា​ជាដើម ។

ការជួប​​ជុំ​អតីត​​សិស្សវិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ នា​ពេល​នេះ​ទស្សនាវដ្តី​​មហា​គ្រួសារ​ សូម​រីករាយ​​នាំ​​យក​មក​ជូន​លោក-អ្នក​នូវ​កាល​វិភាគ​​កម្ម​វិធី​លំអិត ដូច​ខាង​ក្រោម ៖
-ម៉ោង​៤​រសៀល ​ជួប​ជុំ​ក្រុម​ការ​ងារ និងបុគ្គ​លិក
-ម៉ោង​៥​ល្ងាច  អតីត​សិស្សវិទ្យា​ល័យ​​ព្រះ​ស៊ីសុវត្ថិ​អញ្ជើញ​ដល់
-ម៉ោង​៥​និង​៣០​នាទី​​ល្ងាច  ភ្ញៀវកិត្តិ​យស និង​គណៈ​អធិបតី​អញ្ជើញដល់
-ម៉ោង​៦ល្ងាច ចាប់​ផ្តើម​ដំណើរ​ការ​កម្មវិធី​ដូច​តទៅ ៖ 
១-កិច្ចស្វាគមន៍​​ដោយ​ពិធីករ ពិធី​ការិនី
២-ទស្សនា​ការ​សម្តែង​របាំ​ជូនពរ
៣-របាយ​ការណ៍​សង្ខេប​ដោយ​លោក​មូល ស៊ុយហេង នាយក​វិទ្យា​ល័យ
៤-​មតិ​ស្វាគមន៍​​របស់​លោក​​ហ៊ុន  ម៉ាណែត ​តំណាង​អតីត​សិស្ស​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ
៥-សុន្ទរកថា ចំណាប់​អារម្មណ៍​របស់​លោក​ប្រធាន​គណៈ​​អធិបតី
៦-ពិធីជូន​វត្ថុ​​អនុស្សាវរីយ៍​ដល់​លោក​គ្រូ អ្នក​គ្រូ​ចូល​និវត្តន៍
៧-ពិសា​ភោជនាហារអមដោយ​ការ​​ទស្សនា​របាំ​សែន​ភ្លយ ​របាំ​នេសាទ គោះ​ត្រឡោក ​និង​​សិល្បៈ​ផ្សេងៗ​ទៀត
៨-រាំ​លេងកម្សាន្ត​​តាម​ប្រពៃណី​ ​និង​​ចង្វាក់​ផ្សេងៗរហូត​ចប់​កម្ម​វិធី ។
​នេះចាត់​ទុក​ជា​ការ​អញ្ជើញ​ឯក​ឧត្តម ​​លោក​ជំទាវ អ្នក​ឧកញ៉ា លោក ​លោកស្រី អ្នក​នាង កញ្ញា​ទាំងអស់​ដែល​​​ជា​អតីត​​សិស្សវិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ (អតីត​វិទ្យា​ល័យ​ភ្នំដូន​ពេញ) មេត្តា​អញ្ជើញ​​​ចូល​រួម​ក្នុងកម្មវិធី​​ខាង​លើ​នេះ ឱ្យ​បាន​​ច្រើន​កុះ​ករ  និង​ដោយក្តី​រីករាយ។

សូម​មេត្តា​​ទំនាក់​ទំនង​​ព័ត៌​​មាន​​ និង​​ចុះ​ឈ្មោះ​សម្រាប់​​ការ​ចូលរួម​កម្ម​វិធីនៅ​ «ទីចាត់​ការ» នៃវិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ គិត​ពីថ្ងៃ​ជូន​ដំណឹង​នេះតទៅ​នៅរៀ​ងរាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​៧​​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច  ឬ​​សាក​សួរ​ព័ត៌​​មាន​តាម​រយៈ​លេខទូរស័ព្ទ​ ៖ ០១២ ២៥៦ ៧៣៤/ ០១២ ២៥៦ ៧៣៥/ ០១២ ២៥៦ ៧៣៦/ ០១២ ២៥៦ ៧៣៧/ ០៩៧ ២៥៦ ៦៧១៣, អីុម៉ែល ៖ info@preahsisowath-alumni.com៕