ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​ជាង​៣០​នាក់​ដាច់​រ៉ូ​ទីល​ចង្កូត​រេ​ធ្លាក់ចូល​ប្រឡាយទឹក​ទាំង​ព្រឹក​សំណាងល្អ​គ្មាន​អ្នកស្លាប់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ​កូរ៉េ​មួយគ្រឿង​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​ជាង​៣០​នាក់​បាន​បើកបរ​ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ប៉ះចំ​ថ្ងៃ​ស៊យ​បាន​ដាច់​រ៉ូ​ទីល​ចង្កូត​ធ្វើ​ឲ្យ​រេ​ចុះឡើងៗ​ពេញ​ផ្លូវ​បន្ទាប់មក​បាន​ជ្រុល​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយទឹក​មួយកន្លែង​ទាំង​ព្រឹក​ប៉ុន្តែ​សំណាងល្អ​មិន​ក្រឡាប់​ហើយ​គ្មាន​អ្នកស្លាប់​និង​របួស​ធ្ងន់ធ្ងរ​ឡើយ​គ្រាន់តែ​មានកម្ម​ការិនី​៣​នាក់​របួសស្រាល​ប៉ុណ្ណោះ​។​

ឧប្បត្តិហេតុ​ខាងលើ​នោះបាន​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​មានការ​ជ្រួលច្របល់​យ៉ាងខ្លាំង​ហើយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៣​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ត្រង់ចំណុច​ក្បែរ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២​ស្ថិត​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។​ ​ ​

រថយន្ត​កូរ៉េ​មួយគ្រឿង​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ​១​តោន​កន្លះ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2A-2144​ បើកបរ​ដោយ​បុរស​ម្នាក់​ ឈ្មោះ​គង់​ សំអាង​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ល្ង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ អ្នកបើកបរ​រថយន្ត​រូប​នោះបាន​និយាយថា​នៅ​មុនពេល​កើតហេតុ ​ខ្លួន​បាន​បើករ​ថយ​ម្ត​ដឹក​កម្មករ​ចេញពី​តាម​បណ្ដា​ភូមិ​នានា ក្នុងភូមិ​សាស្ត្រ​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ និង​ខេត្តកំពង់ស្ពឺ​ ក្នុង​បំណង​ទៅ​ដាក់​តាម​រោងចក្រ​កាត់ដេរ​ដោយ​បើកបរ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣ ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ​ស្រាប់តែ​រថយន្ត​បាន​ដាច់​រ៉ូ​ទីល​ចង្កូត ​ធ្វើ​ឲ្យ​បញ្ជា​លែង​បាន​ ហើយរេ​ចុះឡើងៗ ​រួច​ក៏បាន​ធ្លាក់ចូល​ប្រឡាយទឹក​តាម​សម្រួល​សំណាងល្អ​មិន​ក្រឡាប់​បណ្ដាល​ឲ្យ​កម្មករ​ណា​ម្នាក់​រងរបួស​ធ្ងន់​ឬ​ក៍​ស្លាប់​។​

នៅក្នុង​ខណៈនោះ​បានធ្វើ​ឲ្យ​កម្មករ​កម្មការិនី​មានការ​ជ្រួលច្របល់ ​និង​ភិតភ័យ​យ៉ាងខ្លាំង ​ខ្លះ​ភ័យ​រហូតដល់​សន្លប់​ថែម​ទៀតផង ​ចំណែកឯ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​កន្លែងកើតហេតុ ​​ដឹកបញ្ជូន​អ្នករបួស​ស្រាល​ទៅកាន់​មន្ទីរពេទ្យ​នឹងមិន​បាន​នាំយក​រថយន្ត​នោះ​ទៅ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​នោះទេ ដោយសារមិនមាន​កម្មករ​ណា​ម្នាក់​ប្តឹងផ្តល់​នោះឡើយ​៕​ យន់​ស៊ីថា​ ​