រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ក្នុងអំពើបាញ់ប្រហារប្លន់យកម៉ូតូមួយគ្រឿងនៅចំណុចផ្ទះលេខ61 ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង3នឹង30នាទីទាបភ្លឺ ថ្ងៃទី25 ឧសភា 2013។
យុវជនរងគ្រោះខាងលើឈ្មោះលី ថូ អាយុ23ឆ្នាំ មានមុខរបរជាសន្តិសុខយាមផ្ទះផ្ញើរម៉ូតូនៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានគ្រោះថ្នាក់ដល់អាយុជីវិត យុវជនរងគ្រោះបានដេកយាមម៉ូតូនៅផ្ទះកើតហេតុ ហើយក៍ត្រូវចោរមួយក្រុមចូលគាស់ផ្ទះយកបានម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ1AE-3213 កំពុងអូសចេញ តែត្រូវឈ្មោះលី ថូ ភ្ញាក់ទាន់រត់ដេញចាប់ដណ្តើម ម៉ូតូពីក្រុមចោរមកវិញ ជាហេតុធ្វើឲ្យក្រុមចោរបាញ់មួយគ្រាប់ត្រូវចំខ្នងខាងឆ្វេងធ្លាយមកក្រោមគល់ដោះខាងស្តាំដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័មបំផុត៕




ចែករំលែកព័តមាននេះ