ខេត្តកំពង់ចាម ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បកស្រាយជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងលេខរៀងលើសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា(CPP) ដែលបានលេខរៀងទី៤ ។ សម្តេចមានប្រសាសន៍ថា លេខ៤គឺកាន់តែស្រួល ប្រជាជននៅតែរកឃើញ ព្រោះអ្នកដែលធ្លាប់បោះឱ្យកាលឆ្នាំ២០០៨បន្តបោះឱ្យស្រួលណាស់នៅត្រង់ថា កន្លែងដដែលក្នុងសន្លឹកឆ្នោតគឺលេខ៤ សញ្ញាដដែលគឺទេវតាបានផ្កាគឺគូសចំកន្លែងដែលគេឱ្យគូសនោះត្រូវហើយ បានមកដល់ខ្ញុំហើយ បើចង់ឱ្យធ្វើនាយករដ្ឋមន្ត្រីអភិវឌ្ឍតទៅទៀត ។
សម្តេចតេជោ ហ៊ុន សែន បានបកស្រាយជូនប្រជាពលរដ្ឋបែបនេះ នាព្រឹកថ្ងៃទី២៤ ឧសភា ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង ៣ជាន់ ៣០បន្ទប់ នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ និងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបនៅវត្តព្រះមហោសថ សុវណ្ណគិរីបឹងដែង ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីមួយៗគឺអាចខុសគ្នា តែខ្ញុំសង្ឃឹមមុតមាំណាស់ មិនមែនដូចអ្នកខ្លះចេះតែថា អូ! ត្រៀម
ចាញ់ ។ ពាក្យថាចាញ់នោះខ្ញុំឮសូរមួយអាយ៉ូសទៅហើយ ហ៊ុន សែន ចាញ់ …តែហ៊ុន សែន នៅតែឈ្នះរហូត ។ ចាញ់ម្តងចាញ់ ចាញ់ពីរដងចាញ់ ចាញ់៣ដងចាញ់…ប្រែមកថា ចាញ់ម្តងឈ្នះ ចាញ់ពីរដងឈ្នះ ចាញ់៣ដងឈ្នះ ចាញ់បួនដងឈ្នះ ចាញ់៥ដងឈ្នះ…។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បកស្រាយពីលេខរៀងទី៤ថា តើលេខ៤តំណាងឱ្យអ្វី ? ក្នុងករណីនេះសម្តេចបានលើកយកផ្នែកពុទ្ធចក្រមកនិយាយមុននឹងនិយាយផ្នែកអាណាចក្រ ។
ទី១-ផ្នែកពុទ្ធចក្រ តំណាងឱ្យពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ តែម្តង ។
ទី២-តំណាងឱ្យទិសទាំង៤គឺទិសខាងកើត ទិសខាងលិច ទិសខាងជើងនិងទិសខាងត្បូង ។
ទី៣-តំណាងឱ្យធាតុទាំង៤គឺ ដី ទឹក ភ្លើង ខ្យល់ ។
ទី៤-តំណាងឱ្យព្រហ្មវិហារធម៌ទាំង៤ រួមមានមេត្តា ករុណា មុទិតា ឧបេក្ខា ។
ទី៥-ព្រះព្រហ្មមានមុខ៤ គឺតំណាងឱ្យព្រះព្រហ្ម ។
ចំពោះផ្នែកអាណាចក្រ សម្តេចតេជោ មានប្រសាសន៍ថា ៖
ទី៦-តំណាងឱ្យយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព ដែលបានដឹកនាំកន្លងទៅ ។ អាណត្តិទី៣ យុទ្ធសាស្ត្រចតុកោណ អាណត្តិទី៤ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ ។ ឥឡូវផ្នែកបច្ចេកទេសកំពុងតែសរសេរអំពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ហើយអាណត្តិខាងមុខផែនការរបស់ខ្ញុំមិនទាន់ទៅយុទ្ធសាស្ត្របញ្ចកោណទេ គឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ។
ទី៧-ទីតាំងអំណាចនៅចតុមុខភ្នំពេញតែម្តង ។ ទន្លេចតុមុខគឺទន្លេបួនមុខ អំណាចនៅឯភ្នំពេញ ព្រះបរមរាជវាំងនៅឯភ្នំពេញ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល គឺនៅឯភ្នំពេញប្រមូលផ្តុំទាំងអស់ ។
ទី៨-កន្លែងអង្គុយកាន់អំណាច តុក៏មានជើង៤ កៅអីក៏មានជើង៤ ។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បញ្ជាក់ថា ការដែលគណបក្សប្រជាជនបានលេខរៀងទី៤ នេះការចាប់ឆ្នោតគឺសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។ នៅមានការបកស្រាយច្រើនទៀតតែខ្ញុំសូមយកតែប៉ុណ្ណឹងបានហើយ ព្រោះគណបក្សដែលឈរឈ្មោះមានតែ៨ដែរ ។ ប៉ុន្តែក្នុងនោះផ្នែកខាងព្រះពុទ្ធសាសនាមាន៤ បានសេចក្តីថា អាយុ វណ្ណៈ សុខៈ ពលៈ ដី ទឹក ភ្លើងខ្យល់គឺមានរឿងដូច្នេះ ហើយបានសម្រួលឱ្យសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនដើម្បីស្រួលបោះឆ្នោត គឺលេខដដែល សញ្ញាដដែល អត់មានដូរពីលេខណាទៅលេខណាទេ ។ មុខនៅតែដដែល ៣នាក់នៅគ្រហើ ។
ពាក់ព័ន្ធនឹងមុខ៣នាក់នេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា សូមប្រយ័ត្នណា លើកនេះ ប្រយ័ត្នក្រែងលោជ្រុលមាត់ចុះពីលើរថយន្តមក នែ!អាបីនាក់ចោរលួចជាតិ នែអាកណ្តាលខូចជាងគេ ។ អូ!ឱ្យតែសាក.លមើល អស់១០លានរៀល ឥឡូវមិនឱ្យកាត់ប្រាក់ខែចេញពីធនាគារ
បណ្តោយ ។ បានលុយមក យកឱ្យកុមារកំព្រា…។ ថាខ្ញុំចុះនៅក្មេង គួរតែជេរ ប៉ុន្តែប៉ះទៅដល់សម្តេចជា ស៊ីម សម្តេច ហេង សំរិន ដែលមានវ័យចាស់ច្រើនណាស់ទៅហើយ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនប្រជាពលរដ្ឋថា កូនៗក្មួយៗយុវជនស្ម័គ្រចិត្ត នៅថ្ងៃទី២០ មិថុនា ត្រូវត្រឡប់ទៅភ្នំពេញវិញ ហើយសូមកូនៗក្មួយៗប្រាប់បងប្អូនប្រជាពលរដ្ឋថា នៅពេលក្រោយចាំមកធ្វើបន្តទៀត ។ ទាក់ទិននឹងបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដរាបណាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ហើយខ្ញុំនៅជានាយករដ្ឋមន្ត្រី នយោបាយចាស់សកម្មភាពថ្មីនឹងចាប់អនុវត្តបន្ត ។ ប៉ុន្តែបើសិនចាញ់មិនដឹងថា នាយករដ្ឋមន្ត្រីថ្មីគេនឹងធ្វើអ្វីទេ ។ ប៉ុន្តែវាពិបាកនឹងឈ្នះណាស់ វានៅដាច់គ្នាឆ្ងាយពេក ។ ចេះតែដើរនិយាយផ្តេសផ្តាសថាដល់ពេលគេកាន់អំណាចគេនឹងចាប់…។
ប៉ុន្តែទុកឱ្យនិយាយចុះ អ្នកឯងនិយាយកាន់តែច្រើនក៏ល្អសម្រាប់គណបក្សប្រជាជន និយាយច្រើនកាន់តែខុស គណបក្សប្រជាជនទទួលផលចំណេញ ។ សម្តេចឱ្យយកអាយ៉ៃឆ្លងឆ្លើយចាក់ឱ្យពេញភូមិ ឃុំ សង្កាត់ ឱ្យបានច្រើន។ ប្អូនរបស់គេនៅ ជាមួយបងមិនបានផង ចុះទម្រាំប្រជាពលរដ្ឋ តើអាចពឹងវាសនាបានដែរ ឬទេ? សូមបងប្អូនពិចារណា ។ ខ្ញុំជឿថា ប្រជាពលរដ្ឋមិនភ្លេចនូវអ្វីៗដែលខ្លួនរួមសុខ រួមទុក្ខជាមួយនឹងគណបក្សប្រជាជនតាំងពីបាតដៃទទេនៅឆ្នាំ១៩៧៩ ហើយនៅពេលឥឡូវនេះយើងបានប៉ុណ្ណឹង តែយើងបែរជាបោះបង់ចោលទៅវិញ ទៅដណ្តើមរបស់ស្រមោលខ្យល់នោះទេ ។
ពេលខ្ញុំនិយាយភាសាវៀតណាមគេថា ខ្ញុំអាយ៉ងវៀតណាម ចុះដល់ខ្ញុំនិយាយអង់គ្លេស ម៉េចក៏គេមិនថាខ្ញុំអាយ៉ងអាមេរិកផង ហើយគេដណ្តើមអាមេរិកធ្វើចៅហ្វាយ ។ សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា អ្នកណាក៏ខ្ញុំមិនធ្វើអាយ៉ងដែរអត់ទេ ស្មើសិទ្ធិ និយាយគ្នាប៉ុណ្ណឹងបាន ។ បន្ទាប់ពីបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ១ខ្នង៣ជាន់ មាន៣០បន្ទប់ រួចមក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញចូលរួមក្នុងពិធីពុទ្ធាភិសេក ព្រះពុទ្ធរូបនៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែងទៀត ដែលស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ៕



ចែករំលែកព័តមាននេះ