ខេត្តប៉ៃលិន ៖ ស្ត្រីខ្មែរម្នាក់ដែលទៅធ្វើការងារផ្ទះនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនហ្វីលីម័រ ដែលមានទីតាំងនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០០៧ និងបានធ្វើការនៅទីនោះរហូតដល់ឆ្នាំ២០១២ បានរត់ចេញពីផ្ទះថៅកែនោះទៅធ្វើការងារនៅហាងបាយផ្សេងមួយទៀត ហើយដោយអត់មានលិខិតឆ្លងដែននៅជាប់ខ្លួន ព្រោះថៅកែដកទុកក៏ត្រូវគេប្តឹងឱ្យប៉ូលិសចាប់ដាក់ពន្ធនាគារកាលពីខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមក ។
ពលការិនីខ្មែរដែលត្រូវគេចាប់ដាក់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ីនេះឈ្មោះ ខុន គឹមម៉េង ហៅឌៀប ណារី ហៅស៊ីណាន អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានប្តីឈ្មោះ សឺកា អាយុ២៣ឆ្នាំ ជាជនជាតិនេប៉ាល់ រស់នៅធ្វើការក្នុងប្រទេសម៉ាឡេស៊ីជាមួយគ្នា ។ នាងមានឪពុកឈ្មោះ គុំ វី អាយុ៤០ឆ្នាំ ម្តាយឈ្មោះ ឌៀប នី អាយុ៤៦ឆ្នាំ។
ស្ត្រីជាម្តាយបានឱ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២២ ឧសភាថា កូនស្រីរបស់គាត់ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបានយកឈ្មោះ ខុន គឹមម៉េង ជាឈ្មោះរបស់គេមកប្រើតែឈ្មោះពិតរបស់នាងគឺ ឌៀប ណារី ហើយក្រោយពីរត់ចេញពីផ្ទះថៅកែ នាងក៏បានដូរឈ្មោះថា ស៊ីណាន វិញ ។ នាងធ្វើការងារនៅផ្ទះនោះមួយអាណត្តិដែលមានរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ពេលលិខិតឆ្លងដែននាងអស់សុពលភាព ថៅកែបានឱ្យធ្វើបន្តទៀត ដោយតម្រូវឱ្យនាងធ្វើការងារនៅទីនោះមានរយៈពេល៣អាណត្តិទើបអាចត្រឡប់មកផ្ទះវិញ ។
ស្ត្រីជាម្តាយបន្តទៀតថា ចំពោះការងារផ្ទះនេះគឺថៅកែតម្រូវឱ្យមានអ្នកបម្រើជាស្រី្តខ្មែរចំនួន២នាក់ ។ នៅឆ្នាំ២០១២ ថៅកែរបស់នាងបាននាំអ្នកបម្រើជាស្រី្តខ្មែរម្នាក់ទៀតទៅដើរលេងជាមួយ ដោយទុកឱ្យនាងនៅចាំផ្ទះតែម្នាក់ឯង ។ ក្រោយមកពេលនាងបោសសម្អាតផ្ទះរួច ក៏យកសំរាមទៅចាក់ចោលនៅខាងក្រៅផ្ទះ ស្រាប់តែមានបុរសម្នាក់ឈ្មោះ សឺកា ដែលបានលួចស្រឡាញ់នាងក៏ចូលទៅនាំនាងចេញពីផ្ទះនោះដើម្បីរស់នៅជាមួយគ្នាជាប្តី
ប្រពន្ធ ។ ដោយការស្រឡាញ់គ្នាជាប្តីប្រពន្ធ នាងនិងប្តីនោះក៏ទៅធ្វើការងារនៅក្នុងហាងលក់បាយមួយកន្លែង តាំងពីខែកុម្ភៈ ឆ្នាំ២០១២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៣ គឺបានរយៈពេល១ឆ្នាំ ស្រាប់តែមានគេប្តឹងប៉ូលិសឱ្យចាប់នាងដាក់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ីតែម្តង ។
ប្រភពដដែលបន្តទៀតថា ពេលនេះប្តីរបស់នាងឈ្មោះ សឺកា បានទូរស័ព្ទប្រាប់ពីកន្លែងកូនស្រីរបស់គាត់ជាប់ពន្ធនាគារ និងបានប្រាប់លេខខាងស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ីដែរ តែគាត់ទាក់ទងដើម្បីឱ្យគេជួយរកវិធីដោះលែងកូនគាត់មកស្រុកខ្មែរវិញ អត់បានទាល់តែសោះ។ ពេលនេះគាត់នឹងទាក់ទងទៅខាងមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ដើម្បីពិភាក្សាមើលថា តើអាចរកវិធីណាមួយដើម្បីដោះលែងកូនស្រីគាត់ចេញពីពន្ធនាគារប្រទេសម៉ាឡេស៊ីបាន ។ ចំពោះប្តីរបស់នាងគេមានលិខិតឆ្លងដែនទើបមិនត្រូវចាប់ខ្លួននោះទេ ៕
ចែករំលែកព័តមាននេះ