ខេត្តបន្ទាយមានជ័យ ៖ ស្រូវ-អង្កររាប់សិបតោនត្រូវបាននាំចេញតាមច្រករបៀងអូរបីជាន់ចូលទៅប្រទេសថៃយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ ។ តាមសម្ដីរបស់ប្រជាពលរដ្ឋនៅឃុំអូរបីជាន់បានឱ្យដឹងថា នៅអំឡុងខែឧសភា នេះ គេឃើញឈ្មួញបានដឹកអង្ករនាំចេញពីប្រទេសវៀតណាមទៅកាន់ប្រទេសថៃដោយឆ្លងកាត់ប្រទេសកម្ពុជាតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ជារៀងរាល់យប់ ហើយក្នុងមួយៗយប់ត្រូវគេដឹកអង្ករចេញតាមច្រករបៀងខាងលើនេះមិនតិចជាង១០រថយន្តដែលក្នុងមួយគ្រឿងៗផ្ទុកចំណុះអង្ករមិនតិចជាង៣០ទៅ៤០តោនឡើយ ។
ឮប្រជាពលរដ្ឋបន្តទៀតថា មូលហេតុដែលឈ្មួញនាំអង្ករចេញពីប្រទេសវៀតណាមដោយឆ្លងកាត់ប្រទេសកម្ពុជាចេញទៅប្រទេសថៃនោះ គឺដោយសារតែអង្ករវៀតណាមមានតម្លៃថោកជាងអង្ករនៅក្នុងស្រុកខ្មែរ ទើបបានជាឈ្មួញសម្រុកនាំអង្ករវៀតណាមចេញរាល់យប់តាមច្រករបៀងអូរបីជាន់ និងច្រកណងចាន់ ហើយច្រកពីរនេះត្រូវបានគ្រប់គ្រងដោយកម្លាំងយោធា ។
ជាមួយគ្នានេះឈ្មួញដែលរកស៊ីដឹកស្រូវអង្ករខ្មែរទៅលក់ឱ្យប្រទេសថៃក៏បានសំណូមពរដល់មន្ត្រីជំនាញ និងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនគួរចូលរួមទប់ស្កាត់ឈ្មួញទាំងនោះ កុំឱ្យនាំអង្ករចូលពីប្រទេសវៀតណាមបន្តទៅទៀត ពីព្រោះទុកលទ្ធភាពឱ្យខ្មែរអាចនាំផលិតផលរបស់ខ្លួនលក់ឱ្យថៃ ហើយក៏ជាកត្ដាដ៏សំខាន់ក្នុងការលើកទឹកចិត្តដល់ការផលិតរបស់កសិករខ្មែរយើងផងដែរ៕


ចែករំលែកព័តមាននេះ