រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព័ត៌មានទូទៅ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មានទូទៅនៃស្នងការដ្ឋានព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបទីតាំងផ្ទះ២កន្លែង ដែលចរាចរកាវម៉ាក៥០២ក្លែងក្លាយ និងរំលោភកម្មសិទ្ធិបញ្ញាស្របច្បាប់របស់ក្រុមហ៊ុន វែយ៍ជូ ចំកាត់ ។
ការចុះបង្ក្រាបទីតាំងផ្ទះដែលក្លែងបន្លំ និងចរាចរកាវក្លែងក្លាយ ដែលរំលោភលើផលិតផលកាវស្របច្បាប់៥០២ ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ឧសភា ស្ថិតនៅចំណុចផ្ទះលេខ៧៩១ និងផ្ទះលេខ៨០៩ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
លោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មានទូទៅនៃស្នងការដ្ឋានព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំកម្លាំងចុះអនុវត្តផ្ទាល់បានឱ្យដឹងថា ដោយអនុវត្តតាមតួនាទី ភារកិច្ច និងតាមការណែនាំពីលោកឧត្តមសេនីយ៍ទៅ ហុង វិណុល ស្នងការ ស្នងការដ្ឋានព័ត៌មាន និងសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន វៃយ៍ជូ ចំកាត់ ទើបកម្លាំងរបស់លោកឈានដល់ការស្រាវជ្រាវ និងចុះបង្ក្រាបភ្លាមៗ ទៅលើទីតាំងផ្ទះ២កន្លែងដែលស្ថិតនៅក្នុងសង្កាត់បឹងត្របែកនេះ ដែលទីតាំងទី១ ផ្ទះលេខ៧៩១ មានយីហោ ផល្លី ម្ចាស់ផ្ទះឈ្មោះ មួង ផល្លី ភេទស្រី អាយុ៤៣ឆ្នាំ និងទីតាំងទី២ ផ្ទះលេខ៨០៩ មានយីយោ តែ គឹមហៀង ម្ចាស់ផ្ទះឈ្មោះ ព្រហ្ម សុប៉ុណ្ណារ៉ា ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ។
យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន វៃយ៍ជូ ចំកាត់ បានឱ្យដឹងថា ផលិតផលកាវ៥០២ និង THUAN PHONG & Device ត្រូវបានក្រុមហ៊ុនចុះបញ្ជីម៉ាកត្រឹមត្រូវតាមច្បាប់នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ប៉ុន្តែបច្ចុប្បន្នផលិតផលខាងលើនេះ ត្រូវបានជនខិលខូចធ្វើការក្លែងបន្លំ និងកែច្នៃឱ្យបាត់បង់គុណភាពដើម និងចរាចរផលិតផលនេះក្លែងក្លាយ ដែលអាចធ្វើឱ្យសាធារណជនភាន់ច្រឡំ និងមិនធានាបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ឡើយ ដែលទង្វើនេះគឺជាការរំលោភបំពានដល់សិទ្ធិស្របច្បាប់នៃនិមិត្តសញ្ញារបស់ក្រុមហ៊ុន វៃយ៍ជូ ចំកាត់ ។
លោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មានទូទៅ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបទៅលើទីតាំងផ្ទះ២កន្លែងខាងលើនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរកឃើញកាវ៥០២ក្លែងក្លាយចំនួន៤កេសធំ ស្មើនឹង៦៤កេសតូច ដែលមានចំនួន៧៦៨ដប ។ ដោយឡែក ចំពោះម្ចាស់ផ្ទះទាំង២ខាងលើនេះ ត្រូវបានហៅមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ឱ្យធ្វើអាជីវកម្មបែបនេះតទៅទៀត ។
ដោយឡែក ចំពោះមេខ្លោងឈ្មោះ សែន សុងប៊ិន ដែលជាអ្នកនាំយកផលិតផលកាវ៥០២រំលោភកម្មសិទ្ធិបញ្ញាក្រុមហ៊ុន វៃយ៍ជូ ពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ហើយបានកែច្នៃកាវនេះដោយកាវសុទ្ធចាក់ចេញពាក់កណ្តាល ហើយចាក់សារធាតុផ្សំចូលវិញ ធ្វើឱ្យបាត់បង់គុណភាពកាវ ហើយយកមកបោះបន្តដើម្បីចែកចាយលក់នៅលើទីផ្សារក្នុងស្រុកនោះ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួន ៕
ចែករំលែកព័តមាននេះ