ខេត្តស្វាយរៀង ៖ នគរបាលការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្ត បានអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះរថយន្តដឹកទំនិញសំពីងសំពោង បើកបរហួសល្បឿនកំណត់ ធ្វើការផាកពិន័យ រើអីវ៉ាន់ចុះ និងធ្វើកិច្ចសន្យា ។ការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ដល់ម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ឧសភា លើកំណាត់ផ្លូវជាតិលេខ១ ចំណុចផ្លូវបំបែក ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃរី ក្រុងស្វាយរៀង ។
លោក អ៊ុច សារ៉ន វរសេនីយ៍ទោ នាយការិយាល័យចរាចរណ៍ស្នងការនគរបាលខេត្ត ឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យយានយន្តធ្វើឡើងរយៈពេល២ម៉ោង ឃាត់រថយន្តដែលបើកបរហួសល្បឿនកំណត់ចំនួន៧គ្រឿង រថយន្តបែនដឹកដីអត់ស្លាកលេខ២គ្រឿង អ្នកបើកបរគ្មានប័ណ្ណបើកបរម្នាក់ រថយន្តដឹកបន្លែសំពីងសំពោង២គ្រឿង រ៉ឺម៉កម៉ូតូដឹកទូសំពីងសំពោង៥គ្រឿង (រ៉ឺម៉កម៉ូតូមួយដឹក៣០ទូ) ជាជនជាតិវៀតណាម ដឹកមកពីច្រកទ្វារទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ចូលទឹកដីខេត្តស្វាយរៀង តាមផ្លូវជាតិលេខ១ ។
យានយន្តល្មើសច្បាប់ចរាចរណ៍ទាំងនេះ ត្រូវសមត្ថកិច្ចបញ្ជូនមកការិយាល័យនគរបាលចរាចរនៃស្នងការនគរបាលខេត្ត ដើម្បីអប់រំ ផាកពិន័យ និងធ្វើកិច្ចសន្យា ។ សម្រាប់យានយន្តដឹកលើសចំណុះ ត្រូវរើចេញ ហើយផ្ទេរទៅរថយន្តផ្សេង ។
ប្រជាពលរដ្ឋអបអរសាទរ និងសូមឱ្យសមត្ថកិច្ចរឹតបន្តឹងដល់រថយន្តទេសចរណ៍ រថយន្តដឹកដី ខ្សាច់ ដែលបើកបរ បង្កឱ្យមានគ្រោះថ្នាក់ស្ទើររាល់ថ្ងៃលើផ្លូវជាតិលេខ១នេះ ៕




ចែករំលែកព័តមាននេះ