ខេត្តព្រះសីហនុ ៖ យុវតីវ័យក្មេងម្នាក់ត្រូវកងសន្តិសុខផ្សារ ស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពបន្លំឆក់យកខ្សែ.ករបស់អាជីវករម្នាក់នៅផ្សារលើក្រុងព្រះសីហនុ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៤ ឧសភា ។សមត្ថកិច្ចប៉ូលិសប្រចាំការនៅផ្សារលើក្រុងព្រះសីហនុ បានឱ្យដឹងថា យុវតីរូបនេះឈ្មោះ ស្រីមាន អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ការ៉ូ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ មានស្រុកកំណើតនៅសង្កាត់រមាស ក្រុងដូនកែវ ខេត្តតាកែវ ។ រីឯស្ត្រីជាអាជីវករលក់មាសឈ្មោះ ថេង ហៀង អាយុ៦១ឆ្នាំ ។
យោងតាមការអះអាងពីស្ត្រីរងគ្រោះបាននិយាយថា មុនពេលកើតហេតុនាវេលាម៉ោងប្រហែល១០ព្រឹក ខណៈពេលគាត់កំពុងអង្គុយលក់ដូចធម្មតា ក៏មានស្ត្រីវ័យក្មេងម្នាក់បានមកសួររកទិញខ្សែ.កមាសមួយខ្សែ ។ នៅពេលនោះគាត់ក៏បានទាញខ្សែ.កលើកឱ្យយុវតីនោះមើលអស់ចំនួន៣ខ្សែ ប៉ុន្តែស្ត្រីជាជនសង្ស័យនោះពុំត្រូវចិត្ត ហើយបានសួររកខ្សែ.កណាដែលតាន់ ។ ស្របពេលនោះគាត់ក៏ទាញយកខ្សែ.កមួយខ្សែទម្ងន់១តម្លឹងមាស មកឱ្យយុវតីរូបនេះមើល ខណៈពេលដែលគាត់ហុចឱ្យមើលមិនទាន់នឹងផុតពីដៃស្រួលបួលផង ក៏ស្រាប់តែយុវតីរូបនេះបានឆក់យកពីដៃគាត់រត់គេចខ្លួន ដោយបានទម្លាក់ស្បោងខ្មៅ ដែលមានសុទ្ធតែក្រដាស.ស និងស្នោតាំប៉ុង បន្លំជាប្រាក់ដើម្បីឱ្យមនុស្សក្នុងផ្សារផ្អើលទៅរើស ងាយស្រួលក្នុងការគេចខ្លួន ។ ប៉ុន្តែទោះបីជាយុវតីរូបនេះប្រើកលល្បិចបែបណាក៏ដោយ ក៏មិនអាចគេចផុតពីក្រុមសន្តិសុខផ្សារបានឡើយ ។
នៅចំពោះមុខសមត្ថកិច្ច យុវតីជាជនសង្ស័យបានសារភាពថា ដោយសារតែនាងអត់មានប្រាក់សម្រាប់ចាយវាយ ទើបសម្រេចចិត្តធ្វើបែបនេះតែម្តងទៅ ។ យុវតីជាប់ចោទត្រូវសន្តិសុខផ្សារបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ