ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ «កម្ពុជា​ឡៃហ្វ» ផ្សព្វ​ផ្សាយ​ពី​គុណ​ប្រយោជន៍​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣​ ឧសភា​ ឆ្នាំ​២០១៣​ ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​កម្ពុជា​ «កម្ពុជា​ ឡៃហ្វ» សហ​ការ​ជាមួយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​រៀប​ចំ​ពិធី​ផ្សព្វ​ផ្សាយ​ស្តី​ពី​ផលិត​ផល​ និង​គុណ​ប្រយោជន៍​នៃ​ការ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ អ៊ុន ទឹម អនុ​រដ្ឋ​លេខា​ធិការ​ តំណាង​លោក​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ។

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​កម្ពុជា​ ហៅ​កាត់​ថា​ «កម្ពុជា​ ឡៃហ្វ» បាន​ដាក់​សម្ពោធ​ឱ្យ​ប្រតិបត្តិ​ការ​អាជីវ​កម្ម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២១​ ឧសភា​ ឆ្នាំ​២០១២​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ លោក​បណ្ឌិត​ អូន​ ព័ន្ធ​មុន្នី​រ័ត្ន​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ និង​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ។ ការ​ដាក់​ឱ្យ​ប្រតិបត្តិ​ការ​អាជីវ​កម្ម​ក្រុម​ហ៊ុន​ «កម្ពុជា ឡៃហ្វ» ក្នុង​ទស្សនៈ​វិស័យ​ជា​អ្នក​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញ​វត្ថុ​ ជាមួយ​នឹង​ការ​បង្កើត​ទីផ្សារ​គំរូ​ក្នុង​ទិស​ដៅ​លើក​កម្ពស់​ជីវ​ភាព​ សុខ​ុមាល​ភាព​សង្គម​ និង​ផ្តល់​សំណាញ់​សុវត្ថិ​ភាព​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ជាមួយ​នឹង​ការ​ផ្តល់​ជូន​នូវ​សេវា​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ប្រកប​ដោយ​គុណ​តម្លៃ​ គុណ​ភាព​ និង​តម្លា​ភាព​ ។

ការ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ គឺ​ជា​វិស័យ​ថ្មី​នៅ​កម្ពុជា​ ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ឱ្យ​បាន​ទូលំ​ទូលាយ​ និង​តម្រូវ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សាធារណ​ជន​ទូទៅ​ ។ ពិធី​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ​ ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​កម្ពុជា​ «កម្ពុជា​ ឡៃហ្វ» ដែល​ជា​ក្រុម​ហ៊ុន​ជាតិ​ទី១​ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បញ្ជ្រាប​នូវ​ចំណេះ​ដឹង​អំពី​វិស័យ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ជូន​ដល់​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​ក្រោម​ឱវាទ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ អុិន​ មាត្រា​ អគ្គ​នាយក​ក្រុុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​កម្ពុជា​ បាន​ធ្វើ​បទ​បង្ហាញ​ពី​សារ​ប្រយោជន៍​រួម​នៃ​ការ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ ក៏​ដូច​ជា​អត្ថ​ប្រយោជន៍​ដោយ​ឡែក​ ដែល​ទទួល​បាន​ពី​ការ​ប្រើ​ប្រាស់​ផលិត​ផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នីមួយៗ​របស់​ «កម្ពុជា​ ឡៃហ្វ» ជូន​ដល់​មន្ត្រី​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដើម្បី​ឱ្យ​មាន​ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍​ និង​តម្រូវ​ការ​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​ថ្មី​នេះ​ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​នៅ​ក្នុង​គ្រួសារ​ និង​ស្ថាប័ន​នីមួយៗ​ ។ ម៉្យាង​ទៀត​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ ជាពិសេស​ផ្តល់​ភាព​សុខ​សាន្ត​ និង​សុវត្ថិ​ភាព​ហិរញ្ញវត្ថុ​ ជាមួយ​នឹង​ការ​រៀប​ចំ​ផែន​ការ​ហិរញ្ញ​វត្ថុ​តាម​លក្ខណៈ​វិទ្យា​សាស្ត្រ​ សម្រាប់​ការ​ពារ​ហានិភ័យ​ដែល​កើត​មាន​ឡើង​នា​ពេល​អនាគត​ ។

បច្ចុប្បន្ន​ ក្រុម​ហ៊ុន​ «កម្ពុជា ឡៃហ្វ» ផ្តល់​ជូន​អតិថិ​ជន​នូវ​ផលិត​ផល​ចំនួន​៤​ គឺ​មរតក​អ្នក​មាន​គុណ​ មូល​ធន​ជីវិត​បវរ​ មរតក​អមតៈ​ និង​មរតក​តប​ស្នង​ ។ ផលិត​ផល​ទាំង​បួន​នេះ​ មាន​សារប្រយោជន៍​ផ្សេងៗ​គ្នា​ ដែល​បំពេញ​នូវ​តម្រូវ​ការ​របស់​អតិថិ​ជន​ទៅ​តាម​ស្ថាន​ភាព​របស់​ពួក​គេ​នីមួយៗ​ ៕