ប៉ូលិសស៊ុយអែតគូសបញ្ជាក់កាលពីព្រឹកថ្ងៃទី២៤ ឧសភាថា រថយន្តយ៉ាងតិច៩គ្រឿងត្រូវដុតបំផ្លាញ ចំណែកសាលារៀន២ និងស្នងការដ្ឋានប៉ូលិសមួយក៏ត្រូវគេដុតដែរកាលពីមុនព្រឹកព្រហាម ថ្ងៃទី២៤ ឧសភា ជាយប់ទី៥ជាប់ៗគ្នានៃអំពើហិង្សានៅជាយក្រុងស្តុកខូល ដែលមានពួកបរទេសរស់នៅច្រើន ។
ក្នុងឱកាសនៃឧប្បត្តិហេតុទាំងនេះ មនុស្ស៨នាក់ត្រូវចាប់ខ្លួន តែពុំមានមនុស្សណាម្នាក់ត្រូវរបួសឡើយ ។ នៅតំបន់ជាយក្រុង RINKEBY ជាទីលាននៃឧប្បត្តិេហតុជាច្រើនតាំងពីដើមសប្តាហ៍នេះមក រថយន្ត៦គ្រឿងត្រូវឆេះ ក្នុងនោះ៥គ្រឿងឆេះអស់ទាំងស្រុង ។ រថយន្ត៣គ្រឿងទៀតត្រូវដុតនៅNORSBORG ចំណែកភ្លើងឆេះក្នុងស្នងការដ្ឋានប៉ូលិសនៅ AELVSJOE ត្រូវបានពន្លត់ដោយរហ័ស។
មនុស្សរវាងពី៣០០ទៅ៥០០នាក់ បានប្រមូលផ្តុំគ្នាជុំវិញរថយន្តដែលកំពុងត្រូវភ្លើងឆេះ ។ យោងតាមពួកអ្នកពន្លត់ភ្លើងថា សាលារៀន២កន្លែងក៏ត្រូវឆេះដែរ តែអាចពន្លត់ទាន់ពេលវេលា ។អំពើហិង្សាទាំងនេះនៅស៊ុយអែតទាក់ទិននឹងបញ្ហាធ្វើសមាហរណកម្មពួកអន្តោប្រវេសន៍ ៕
ចែករំលែកព័តមាននេះ