ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកប្រឆាំង​ស៊ីរី​ពិភាក្សា​គ្នា​​នៅ​អីុ​ស្តង់​ប៊ុល​ពី​ការ​ចូល​រួម​សន្និ​សីទ​​សន្តិ​ភាព​​អន្តរ​ជាតិ​​​«​ហ្សឺ​ណែវ​2​»​

13 ឆ្នាំ មុន

​​ក្រុម​ចម្រុះ​​​ប្រឆាំង​ស៊ីរី​ចាប់​ផ្តើម​​កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា ​ក្នុង​ក្រុង​​អីុ​ស្តង់​ប៊ុល​ នូវ​កិច្ច​​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​ ដើម្បី​ពិភាក្សា​​គ្នា​លើ​ការ​​ចូល​រួម​ជាយថា​ហេតុ​របស់​ខ្លួន​ក្នុង​សន្និ​សីទ​​សន្តិ​ភាព​អន្តរ​ជាតិ​​«​ហ្សឺ​ណែវ​២​» ខណៈ​ដែល​​របប​លោក​ប្រធា​នាធិបតី​បាចា​​ អាល់​អាសាដ​ អះ​អាង​ពី​ការ​ប្តេ​ជ្ញា​ចិត្ត​​យក​ឈ្នះ​​លើពួក​ឧទ្ទាម​​ ។

យោង​តាម​អ្នក​ទទួល​ខុសត្រូវ​​ម្នាក់​របស់​ក្រុម​ប្រឆាំង​ស៊ីរី​ថា កិច្ច​ប្រជុំ​នៅ​ក្រុង​អីុ​ស្តង់​ប៊ុល​​នោះ​គឺ​វាយ​​តម្លៃ​​សភាព​ការណ៍​​នៅ​​លើ​ទីលាន​​ ដែល​ពេល​​នេះ​​​​របប​ក្រុង​​ដាម៉ាស់​​កំពុង​​បើក​ធ្វើ​​ការ​វាយ​​លុក​​ធំ​មួយ​​ប្រឆាំង​ទីក្រុង​យុទ្ធ​សាស្ត្រ​ QOUSSEIR ។ ពួក​ប្រឆាំង​​ក៏​ចាប់​​ផ្តើម​ពិភាក្សា​គ្នា​ដែរ ពីការ​ចូល​រួម​របស់​​សមាជិក​ថ្មី​ៗ​​ក្នុង​ក្រុម​​ចម្រុះ​នេះ​។ ទោះ​ជា​យ៉ាង​ណា​​ ការ​ជជែក​​ពិភា​ក្សា​គ្នា​សំខាន់​​បំផុត​​ដែល​ត្រូវ​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​២៤ ឧសភា ​ផ្តោត​លើ​ការ​​​ចូល​រួម​​ ឬ​អត់​​របស់​ក្រុម​ចម្រុះ​​នេះ​ ក្នុង​ការ​​​ចរចា​ជាមួយ​របប​លោក​​អាសាដ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​​នយោ​បាយ​មួយ​នៃ​ជម្លោះ​យ៉ាង​បង្ហូរ​ឈាម​នៅស៊ីរី ចាប់​តាំង​ពី​​ជាង​២​ឆ្នាំ​មក​ហើយ ។

គំនិត​​នៃ​សន្និ​សីទ​​សន្តិ​ភាព​អន្តរ​ជាតិ​​នោះ​ហៅ​«ហ្សឺ​ណែវ​២​» ត្រូវ​បាន​លើកឡើង​ដោយ​សហ​រដ្ឋ​អាមេរិក​​ និង​រុស្ស៊ី​​ ព្រម​ទាំង​​មាន​ការ​គាំទ្រ​​របស់​បណ្តា​ប្រទេស​​លោក​ខាង​លិច​​ និង​បណ្តា​ប្រទេស​អារ៉ាប់​ ដែល​​ជា​ការ​​​បង្កើន​​ការ​គាប​សង្កត់​​លើ​ក្រុម​​ចម្រុះ​​ប្រឆាំង​ ដើម្បី​ឱ្យ​ក្រុម​នេះ​ចូល​រួម​ក្នុង​សន្និ​សីទ​នោះ ។

ប្រទេស​ចំ​នួន​១១​ដែល​គាំទ្រ​ពួក​ប្រឆាំង​ ក្នុង​​​នោះ​មាន​សហ​រដ្ឋអាមេរិក​ដែរ ប៉ុន​ប៉ង​​​ធានា​ដល់​ក្រុម​​ចម្រុះ​ដោយ​អះ​អាង​​​នៅ​ក្រុង​អាម​​ម៉ង់​កាល​ពី​ថ្ងៃទី​២២​ ឧសភាថា លោក​​បាចា​អាល់​អាសាដ​​ របប​របស់​លោក​ ព្រម​ទាំង​​បណ្តា​មនុស្ស​​ជំនិត​​ដែល​​មាន​​ដៃ​ប្រឡាក់​ឈាម នឹង​ពុំ​មាន​តួនាទី​ណា​មួយ​​នា​ពេល​អនាគត​នៅ​ស៊ីរី​​ឡើយ ។ ក្រុម​មិត្ត​​របស់​ស៊ីរី​​នោះ​ក៏​ប្រកាស​ផង​ដែរ​​​ថា នឹង​បន្ត​ជួយ​​​ពួក​ប្រឆាំង​​រហូត​ដល់​លោក​អាសាដ​​ចាក​ចេញ​ពី​អំណាច​ ៕