ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ជំនួញ​ធំៗ​ជិះ​ទោចក្រ​យាន​យន្ត​រួម​គ្នា​រៃ​អង្គាស​ប្រាក់​ទិញ​មួក​សុវត្ថិ​ភាព​ សម្រាប់​សិស្ស​ថ្នាក់​ទី​1​ពាក់​ការ​ពារ​ឱ្យ​មាន​ទម្លាប់​ដូច​ពាក់​ឯក​សណ្ឋាន​សាលា​

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖​ សិស្សា​នុសិស្ស​ថ្នាក់​ទី​១​ចំនួន​១២៣​នាក់​ នៅ​សាលា​បឋម​សិក្សា​ព្រៃ​សណ្តែក​ក្នុង​ខេត្ត​តាកែវ​បាន​ទទួល​អំណោយ​មួក​សុវត្ថិ​ភាព​បន្ថែម​ដើម្បី​ប្រែ​ក្លាយ​សិស្ស​ឱ្យ​មាន​ទម្លាប់​ពាក់​មួក​សុវត្ថិ​ភាព​ដូច​ជា​ពាក់​ឯក​សណ្ឋាន​សាលា​ ហើយ​សកម្ម​ភាព​នេះ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​មួក​សុវត្ថិ​ភាព​សម្រាប់​កុមារ​របស់​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ ដោយ​បាន​គាំទ្រ​ដោយ​ក្លឹប​អ្នក​ជិះ​ទោចក្រ​យាន​យន្ត​ធុន​ធំ​នៅ​កម្ពុជា​ ។

សម្រាប់​ឆ្នាំ​ទី២​នេះ​ ក្លឹប​អ្នក​ជិះ​ម៉ូតូ​ធំ​នៅ​កម្ពុជា​ (CBC) បាន​រៀប​ចំ​ការ​ជិះ​ដើម្បី​សកម្ម​ភាព​មនុស្ស​ធម៌​ក្នុង​គោល​បំណង​រៃ​អង្គាស​ថវិកា​ពី​បណ្តា​អាជីវ​កម្ម​ធំៗ​ ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ រួម​មាន​ពី​ធនា​គារ​ MayBank មើស​ឡាញ​ (Maersk Line) ដាម​កូ (Damco) អឹម​ស៊ីស៊ី​ត្រេន​ស៉្បត​ (MCC Transport) ក្រុម​ហ៊ុន​ប្រេង​ម៉ាស៊ីន​ថប​វ័ន​ (Top1 Oil) ហាង​ Sawasdee Massage និង​ហាង​ម៉ៃ​ប៊ឺហ្គឺ​ហៅស៍ ដើម្បី​ផ្តល់​អំណោយ​មួក​សុវត្ថិ​ភាព​ដល់​សិស្ស​សាលា​បឋម​សិក្សា​ ព្រៃ​សណ្តែក​ ។

មាន​អ្នក​ជិះ​ម៉ូតូ​ចំនួន​៥០​នាក់​ ចេញ​ពី​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ទៅ​សណ្ឋា​គារ​សាន់​វ៉េ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ ឆ្នាំ​២០១៣​ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ការ​ជិះ​ម៉ូតូ​ធុន​ធំ​ដើម្បី​សកម្ម​ភាព​មនុស្ស​ធម៌​ដែល​សកម្ម​ភាព​នេះ​ធ្វើ​ឡើង​ស្រប​ពេល​នៃ​ការ​ប្រារព្ធ​សប្តាហ៍​ទោចក្រ​យាន​យន្ត​នៅ​រាជ​ធានី​ភ្នំពេញ​ លើក​ទី​ពីរ​ក្រោម​ប្រធាន​បទ​ «ជិះ​ទោចក្រ​យាន​យន្ត​ដើម្បី​បុព្វ​ហេតុ​មនុស្ស​ធម៌»។

លោក​ Tommy Christensen តំណាង​ក្លិប​អ្នក​ជិះ​ទោចក្រ​យាន​យន្ត​ធុន​ធំ​នៅ​កម្ពុជា​ (CBC) និង​ជា​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Go4 Intelligent Bunkering Solutions បាន​ថ្លែង​ថា​ ការ​ទទួល​អំណោយ​មួក​សុវត្ថិ​ភាព​កាល​ពី​ឆ្នាំ​មុន​បាន​ផ្តល់​លទ្ធ​ផល​ហួស​ពី​ការ​រំពឹង​ទុក​ និង​​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ខិត​ខំ​បន្ត​ទៀត ។ លោក​បន្ថែម​ថា​ អត្រា​ពាក់​មួក​សុវត្ថិ​ភាព​បាន​កើន​ឡើង​ពី​ចំណុច​សូន្យ​ រហូត​ដល់​៩៤​ភាគ​រយ​ ។ ជាមួយ​នឹង​លទ្ធ​ផល​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​ យើង​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ក្នុង​ការ​បន្ត​ការ​ជិះ​ទោចក្រ​យាន​យន្ត​របស់​យើង​ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​គាំទ្រ​ដល់​ការ​លើក​កម្ពស់​សុវត្ថិ​ភាព​ចរា​ចរណ៍​នៅ​លើ​ដង​ផ្លូវ​របស់​កុមារ​ទាំង​នេះ​ ។

លោក​ឧត្តម​សេនីយ៍​ទោ​ គីម យីដេត​ អគ្គ​លេខា​ធិការ​រង​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ និង​ជា​អនុប្រធាន​នាយក​ដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​មាន​ប្រសាសន៍​ថា​ សាលា​បឋម​សិក្សា​ព្រៃ​សណ្តែក​ជា​សាលា​មួួយ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ ប្រកប​ដោយ​ចរា​ចរណ៍​យ៉ាង​មមា​ញឹក​ ដែល​ភ្ជាប់​ពី​រាជ​ធានី​ភ្នំពេញ​មក​កាន់​ព្រំ​ប្រទល់​ប្រទេស​វៀត​ណាម​ ។ ដោយ​សារ​ភាព​មមា​ញឹក​នៃ​ចរា​ចរណ៍​បែប​នេះ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មាន​កម្រិត​បាន​នាំ​ឱ្យ​បរិស្ថាន​នៅ​ជុំវិញ​សាលា​រៀន​ពោរ​ពេញ​ដោយ​ការ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​សម្រាប់​សិស្សានុសិស្ស ។

លោក​ គឹម បញ្ញា​ នាយក​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​គាំទ្រ​ពី​ក្លឹប​អ្នក​ជិះ​ទោចក្រ​យាន​យន្ត​ធុន​ធំ​នៅ​កម្ពុជា​ (CBC) មិន​ត្រឹម​តែ​ផ្តល់​ជា​អំណោយ​មួក​សុវត្ថិ​ភាព​ក្នុង​ការ​ការ​ពារ​កុមារ​ពី​ការ​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​ ដែល​អាច​ឈាន​ដល់​ការ​ស្លាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​ផ្តល់​លទ្ធ​ភាព​ឱ្យ​យើង​អាច​បណ្តុះ​បណ្តាល​​លោក​គ្រូ​ អ្នក​គ្រូ​ រៀប​ចំ​សកម្ម​ភាព​អប់រំ​ក្រៅ​ថ្នាក់​ និង​ការ​ទំនាក់​ទំនង​ជាមួយ​មាតា​បិតា​សិស្ស​ សំដៅ​ពង្រឹង​ការ​យល់​ដឹង​របស់​ពួក​គាត់​អំពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​ និង​ជំរុញ​ឱ្យ​ពួក​គាត់​ពាក់​មួក​សុវត្ថិ​ភាព​ឱ្យ​កូនៗ​ពួក​គាត់​ទៀត​ផង​ ។

លោក​ Benjamin Paul Wilson អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​កម្ពុជា​នៃ​ក្រុម​ហ៊ុន​ Maersk (Cambodia) Co., Ltd. បាន​មាន​ប្រសាសន៍​ថា សកម្ម​ភាព​ដែល​ជំរុញ​ការ​ចូល​រួម​ពី​មាតា​បិតា​ និង​សហគមន៍​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​គម្រោង​សកម្ម​ភាព​ កាល​ពី​ឆ្នាំ​ទី១​ ទទួល​បាន​ជោគ​ជ័យ ។ ក្នុង​នាម​ជា​លោក​គ្រូ​ អ្នក​គ្រូ​ មាតា​បិតា​ ក្រុម​អ្នក​ជិះ​ទោចក្រ​យាន​យន្ត​ និង​ថ្នាក់​ដឹក​នាំ​អាជីវ​កម្ម​យើង​ត្រូវ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សិស្សានុ​សិស្ស​ និង​កូនៗ​ ។ សូម​ចូល​រួម​បំពេញ​តួនាទី​របស់​អ្នក​ដោយ​ពាក់​មួក​សុវត្ថិ​ភាព​គ្រប់​ពេល​វេលា​ធ្វើ​ដំណើរ​ ហើយ​ត្រូវ​ធានា​ថា​ កូនៗ​របស់​អ្នក​ទាំង​អស់​ក៏​បាន​ពាក់​មួក​សុវត្ថិភាព​ដូច​អ្នក​ដែរ ។

លោក​ Lee TienPoh ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនា​គារ​ Maybank បាន​មាន​ប្រសាសន៍​ថា​ ការ​សហ​ការ​ជាមួយ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​នា​ពេល​នេះ​ក្នុង​ការ​ផ្តល់​ការ​អប់រំ​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ និង​ការ​ពាក់​មួក​សុវត្ថិ​ភាព​មាន​សារសំខាន់​សម្រាប់​ធានា​ថា​ អាកប្ប​កិរិយា​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​មាន​តាំង​ពី​វ័យ​ក្មេង​ទៅ​ ៕