ខេត្តបាត់ដំបង ៖ មន្ដ្រីនៃមន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង បានឱ្យដឹងថា មានព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាង ១ម៉ឺននាក់ បានចូលរួមដង្ហែក្បួនព្យុះហយាត្រាជុំវិញក្រុងបាត់ដំបង ក្នុងពិធីបុណ្យវិសាខបូជា នាព្រឹកថ្ងៃទី២៤ ឧសភា ២០១៣ ត្រូវនឹងថ្ងៃ១៥ កើត ខែវិសាខ ។
លោក សួន ប៊ុនជឿន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង បានមានប្រសាសន៍ថា ខេត្តបាត់ដំបង បានប្រារព្ធពិធីបុណ្យវិសាខបូជានេះ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃមហាមង្គល ដែលព្រះសមណគោត្តមទ្រង់ប្រសូត ត្រាស់ដឹង និងចូលព្រះបរិនិព្វាន ។
លោកបានបញ្ជាក់ថា ពិធីបុណ្យវិសាខបូជានៅឆ្នាំនេះ មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសពីឆ្នាំមុន ហើយការបរិច្ឆាគទានក៏សង្កេតឃើញមានផុសផុលជាងមុនដែរ ។ ព្យុះហយាត្រានេះ មានរៀបចំបីផែនធំៗ រួមមាន ផែនព្រះពុទ្ធប្រសូត ផែនព្រះពុទ្ធត្រាស់ដឹង និងផែនព្រះពុទ្ធចូលបរិនិព្វាន ។
នៅតាមដងផ្លូវ នៃក្រុងបាត់ដំបង នាព្រឹកនេះ គេសង្កេតឃើញប្រជាពលរដ្ឋ ក្រុមសិស្សនិស្សិត បានចូលរួមប្រគេន និងចែកជូនទឹកសុទ្ធ ភេសជ្ជៈ ជាច្រើនដល់អ្នកចូលរួមព្យុះហយាត្រាដង្ហែជុំវិញក្រុងបាត់ដំបង ក្នុងពិធីបុណ្យវិសាខបូជា ៕





ចែករំលែកព័តមាននេះ