រថយន្តមួយបាំងកន្លះផ្ទុកធុងហ្គាសម៉ាក LPG ខណៈកំពុងបើកបរ ស្រាប់តែបែកកង់ខាងមុខជ្រុលទៅបុកបង្គោលរបាំងស្ពាន រអិលធ្លាក់ផ្លូវ បង្កឱ្យធុងហ្គាសនៅលើរថយន្តធ្លាក់រាយប៉ាយពេញផ្លូវ ប៉ុន្តែសំណាងល្អណាស់ដែលមិនផ្ទុះ ឯអ្នកបើកបររងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។
ប្រភពព័ត៌មានពីកាសែតថៃ កាលពីថ្ងៃទី២៣ ឧសភា ផ្សាយថា ក្រោយហេតុការណ៍គ្រោះថ្នាក់ខាងលើ ប៉ូលិសឆ្ពោះទៅចំណុចកើតហេតុ នៅបរិវេណគីឡូម៉ែត្រលេខ៤៩ ស្ថិតក្នុងឃុំវាំងថ្មី ស្រុកវាំងសំបូរ ខេត្តស្រះកែវ ប្រទេសថៃ ហើយប្រទះឃើញរថយន្តមួយបាំងកន្លះ ពណ៌ស ធ្លាក់ចេញពីផ្លូវ និងមានធុងហ្គាសជាច្រើនធ្លាក់រាយប៉ាយពេញផ្លូវ ។
ក្នុងស្ថានភាពគួរឱ្យគ្រោះថ្នាក់ ក្រុមជួយសង្គ្រោះនាំគ្នាប្រមូលធុងហ្គាសបោះចូលទៅក្នុងទឹកអូរ ដើម្បីកុំឱ្យភ្លើងឆាបឆេះ និងប្រទះឃើញអ្នកបើកបររងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវាំងណាំយេន ។តាមការសាកសួរពីអ្នកស្រុកដែលស្ថិតនៅតំបន់កើតហេតុឱ្យដឹងថា រថយន្តមួយបាំងកន្លះខាងលើនេះបើកក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុបានផ្ទុះកង់ ជ្រុលទៅបុកបង្គោលរបាំងស្ពាន រីឯធុងហ្គាសក៏ខ្ទាតចេញពីរថយន្ត ស្របពេលជាមួយគ្នានោះ អ្នកស្រុកបានព្យាយាមជួយសង្គ្រោះ និងទូរស័ព្ទប្រាប់ប៉ូលិសឱ្យបញ្ជូនកម្លាំងមកអន្តរាគមន៍ ៕
ចែករំលែកព័តមាននេះ