ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឆេះ​រថ​យន្ត​គេ​ជាប់​លេខ​ស្ទុះ​បុក​ក្មេង​ស្លាប់​និង​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំ​ង​ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ និង​ស្ត្រី​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ធ្ងរ​ ដោយ​សារ​តែ​បុរស​ម្នាក់​មិន​ចេះ​បើក​បរ​ទាល់​តែ​សោះ​ ហើយ​បាន​ទៅ​បញ្ឆេះ​រថ​យន្ត​គេ​​ដែល​មាន​សោរស្រាប់​ បណ្តាល​ឱ្យ​ស្ទុះ​ទៅ​បុក​ជន​រង​គ្រោះ​​២​នាក់​ផ្ទប់​នឹង​ជង្រុក​ស្រូវ​ បណ្តាល​ឱ្យ​ស្លាប់​​និង​របួស​ ។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៣​ ឧសភា​ ​ក្នុង​ភូមិ​ក្រាំង​ស្រម៉​​ ឃុំ​ស្វាយ​ជុក​ ស្រុក​សាមគ្គី​មាន​ជ័យ​ ។

លោក​ អៀរ​ ប៊ុន​ធឿន​ នាយ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​និយាយ​ថា​ បុរស​ឈ្មោះ​ ហេង​ ប៊ុន​ហុង​ អាយុ​៣០​ឆ្នាំ​ មាន​លំ​នៅ​ភូមិ​តាំង​ក្រង​ ឃុំ​ស្វាយ​ជុក​ ស្រុក​សាមគ្គី​មាន​ជ័យ​ ជា​អ្នក​បញ្ឆេះ​រថ​យន្ត​ ជ្រុល​ទៅ​បុក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ ហ៊ូ​ ឈី​យូ​ អាយុ​១​ឆ្នាំ​​ និង​ស្ត្រី​រង​គ្រោះ​របួស​ធ្ងន់​ឈ្មោះ​   ម៉ៅ​ ទីន​ អាយុ​៣៤​ឆ្នាំ​ ទាំង​ពីរ​នាក់​ជា​​មី​ង​និង​ក្មួយ​មាន​​លំ​នៅ​ភូមិ​-ឃុំ​កន្លែង​កើត​ហេតុ​ ។

លោក​នាយ​ការិយា​ល័យ​​បន្ត​ថា​ មុន​ពេល​កើត​ហេតុ​បុរស​ឈ្មោះ​ ហេង​ ប៊ុន​ហុង​ ​ត្រឡប់​ពី​ហូប​ការ​ស្រវឹង​ជោក​ជាំ​ បាន​ឡើង​ដេក​ក្នុង​កាប៊ីន​ឡាន​មា៉ក​ហ៊ី​យ៉ាន់​ដាយ​ ដែល​ម្ចាស់​ឡាន​គេ​ចត​  ចោល ។ លុះ​ពេល​​ងើប​ពី​ដេក​​ឃើញ​សោរ​ឡាន​ដែល​ម្ចាស់​គេ​ទុក​ចោល​ ភ្លាម​នោះ​បុរស​ខាង​លើ​បាន​កាច់​កុង​តាក់​បញ្ឆេះ​ មិន​​ដឹង​ថា​រថ​យន្ត​ជាប់​លេខ​ ក៏​ស្ទុះ​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​២​នាក់​មី​ង​ក្មួយ​​ផ្ទប់​នឹង​ជង្រុក​ស្រូវ​ បណ្តាល​ឱ្យ​ក្មួយ​ប្រុស​អាយុ​១​ឆ្នាំ​ ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​ម្តាយ​មីង​​របួស​ជា​ទម្ងន់​ ត្រូវ​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​  ពេទ្យ ។

ក្រោយ​ពេល​កើត​ហេតុ​​​ឈ្មោះ​​ ហេង​ ប៊ុន​ហុង​ ត្រូវ​ប៉ូលិស​មូល​ដ្ឋាន​ឃាត់​ខ្លួន​ភ្លាម​ៗ​ ​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ​និង​រថ​យន្ត​ហ៊ី​យា៉ន់​ដាយ​ពាក់​ស្លាក​លេខ​ ព.0275 ភ​ព​3 យក​មក​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ស្រុក​សាមគ្គី​មាន​ជ័យ​ជា​បណ្តោះ​​អាសន្ន ៕