រដ្ឋមន្ត្រីការពារប្រទេសនីហ្ស័រអះអាងថា សមាជិកចុងក្រោយគេនៃកងកុំម៉ង់ដូដែលវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះប្រឆាំងជំរំយោធាមួយកាលពីថ្ងៃទី២៣ ឧសភា នៅក្រុង AGADEZ នាភាគខាងជើងនីហ្ស័រ ត្រូវបង្ក្រាបបានហើយ ។រដ្ឋមន្ត្រីរូបនេះ លោក MAHAMADU KARIDJO អះអាងថា ពុំមានការចាប់ចំណាប់ខ្មាំងក្នុងបរិវេណនៃជំរំយោធានោះដូចការអះអាងនាពេលមុននេះដោយរដ្ឋមន្ត្រីមហាផ្ទៃលោកអាប់ឌូលឡាបូ ដែលនិយាយពីមនុស្ស៤ទៅ៥នាក់ ជាសិស្សនាយទាហានត្រូវចាប់ជាចំណាប់ខ្មាំងដោយជនអត្តឃាតម្នាក់ឡើយ ។
ការវាយប្រហារអត្តឃាត២ដែលធ្វើឡើងស្ទើរដំណាលគ្នាប្រឆាំងកងទ័ពនីហ្ស័រ និងក្រុមហ៊ុននុយក្លេអ៊ែរបារាំង AREVA ប្រកាសទទួលខុសត្រូវដោយពួកអ៊ិស្លាមនិយមនៃក្រុម MUJAO បណ្តាលឱ្យមនុស្សស្លាប់ប្រមាណជា២០នាក់ ភាគច្រើនជាពួកទាហាននៅភាគខាងជើងនីហ្ស័រ ។ ការវាយប្រហារបែបនេះកើតមានជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដ៏ក្រីក្រនោះ ដែលកងទាហាននីហ្ស័រចូលរួមចាប់ពីដើមឆ្នាំ២០១៣មក ក្នុងការប្រយុទ្ធនៅប្រទេសម៉ាលីជិតខាង រួមជាមួយកងទ័ពបារាំង និងអាហ្វ្រិកប្រឆាំងបណ្តាចលនាជីហាដនិយម ។
ចលនាជីហាដនិយម MUJAO ជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមប្រដាប់អាវុធទាំងឡាយដែលកាន់កាប់ភាគខាងជើងម៉ាលី ចាប់ពីឆ្នាំ២០១២មក មុនពេលវាយបណ្តេញចេញចាប់ពីខែមករាមក ប្រកាសទទួលខុសត្រូវលើការវាយប្រហារទាំងនេះ ។ អ្នកនាំពាក្យរបស់ក្រុមនោះ លោកអាប៊ូវ៉ាលីដ សារ៉ាហ្វី ថ្លែងថា ដោយសារព្រះអាល់ឡាហ៍ យើងបានធ្វើប្រតិបត្តិការ២ប្រឆាំងពួកសត្រូវអ៊ិស្លាមនៅនីហ្ស័រ ។ យើងបានវាយប្រហារបារាំង និងនីហ្ស័រ ដោយសារកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះជាមួយបារាំងក្នុងសង្គ្រាមប្រឆាំងច្បាប់អ៊ិស្លាម ។
ក្រុម MUJAO បានធ្វើការវាយប្រហារអត្តឃាតជាច្រើនរួចមកហើយ នៅភាគខាងជើងម៉ាលី ចាប់តាំងពីតំបន់នោះដំណ្តើមកាន់កាប់វិញដោយកងទ័ពបារាំង និងអាហ្វ្រិក ក៏ប៉ុន្តែជាលើកដំបូងដែលក្រុមនោះប្រកាសទទួលខុសត្រូវពីការវាយប្រហារនៅក្រៅប្រទេសម៉ាលី និងអាល់ហ្សេរី ៕
ចែករំលែកព័តមាននេះ