ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​ទទួល​ស្គាល់​ថា​មានការ​លក់​ប័ណ្ណ​បើក​បរ​តម្លៃ​180​ដុល្លារ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ មុន​ពេល​ចាក​ចេញ​ពី​តំណែង​ជា​អគ្គនាយក​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារ​ការ​ និង​ដឹក​ជញ្ជូន​ លោក​ អុឹង ជុនហួរ​ បាន​ថ្លែង​ថា​ ការ​ប្រលង​យក​ប័ណ្ណ​បើក​បរ​មាន​ចំណុច​ខ្វះ​ខាត​ និង​អំពើ​ពុក​រលួយ​ ធ្វើ​ឱ្យ​មាន​មតិ​រិះ​គន់​ច្រើន​ពី​សាធារជន​ ដូច្នេះ​លោក​គិត​ថា​ ដើម្បី​ឱ្យ​ល្អ​ជាង​នេះ​ ត្រូវ​បង្កើត​ប្រព័ន្ធ​ IT នៅ​ក្នុង​ទីលាន​ប្រលង​ដៃ​ចង្កូត​ ឱ្យ​ដូច​ជា​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​អញ្ចឹង​ដែរ​ ។

លោក អុឹង ជុន​ហួរ​ ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​របស់​លោក​ ដែល​ត្រូវ​តែង​តាំង​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​អម​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​ ហើយ​លោក​ ចាន់ តារា​ ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​នាយក​ថ្មី​ ជំនួស​លោក​ អុឹង ជុន​ហួរ​ ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា​ ក្រោម​អធិបតី​ភាព​ លោក​ ត្រាំ​ អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​។

មាន​មតិ​សំណេះ​សំណាល​នៅ​ក្នុង​ឱកាស​នោះ​លោក​ ត្រាំ​ អុីវ​តឹក​ ទទួល​ស្គាល់​ថា​ បច្ចុប្បន្ន​ពិត​ជា​មាន​ការ​ទិញ​ប័ណ្ណ​បើក​បរ​ក្នុង​តម្លៃ​១៨០​ដុល្លារ​មែន​នៅ​តាម​ខេត្ត​ ដោយ​សារ​តែ​អ្នក​ប្រលង​គិត​ថា​ ប្រលង​នៅ​ភ្នំពេញ​ មិន​ងាយ​ទទួល​បាន​ប័ណ្ណ​បើក​បរ​ ហើយ​លោក​សូម​ឱ្យ​ចេញ​ប័ណ្ណ​បើក​បរ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ពី​ព្រោះ​បច្ចុប្បន្ន​បញ្ហា​កក​ស្ទះ​ចរា​ចរណ៍​ និង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កំពុង​ក្លាយ​ជា​កង្វល់​ដ៏​ធំធេង​ ។

លោក​ ត្រាំ​ អុីវ​តឹក​ សូម​ឱ្យ​អគ្គ​នាយក​ដឹក​ជញ្ជូន​ដែល​នឹង​ឡើង​កាន់​តំណែង​ថ្មី​ គិត​គូរ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ចេញ​ប័ណ្ណ​បើក​បរ​ និង​ធ្វើ​ស្លាក​លេខ​ឱ្យ​អតិថិ​ជន​ សម្រាប់​ម៉ូតូ​រយៈ​ពេល​តែ​៣ថ្ងៃ​បាន​ហើយ​ ហើយ​សម្រាប់​រថយន្ត​គឺ​រយៈ​ពេល​តែ​មួយ​សប្តាហ៍​ ពី​ព្រោះ​នៅ​ប្រទេស​វៀត​ណាម​ គេ​ធ្វើ​របៀប​នេះ​ ។ ក្រៅ​ពី​នេះ​ ត្រូវ​គិត​គូរ​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវ​ករ​លក់​ម៉ូតូ​ និង​រថយន្ត​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ របស់​ក្រសួង​សាធារណ​ការ​ ដើម្បី​ងាយ​ស្រួល​ឱ្យ​អាជីវ​ករ​ទាំង​នោះ​ចេញ​ស្លាក​លេខ​រថយន្ត​ ឬ​ម៉ូតូ​ទៅ​ឱ្យ​អតិថិ​ជន​ នៅ​ពេល​​ដែល​គេ​ទិញ​ពី​ហាង​លក់​ទំនិញ​ទាំង​នោះ​តែ​ម្តង​ ៕