ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ការពារ​កូន​ស្រី​លួច​លាក់​របស់​លោក​ហ្វ្រង់​ស្វ៊័រ​ មីតតេរ៉ង់​

13 ឆ្នាំ មុន

ខែមិថុនា ១៩៨២​ វរសេនីយ៍ត្រី​គ្រីស្ទីយ៉ង់​ ​ព្រូតង់​ បន្ទាប់​ពី​សម្រេច​ស្នាដៃ​ជាប់ៗ​គ្នា​៩​ឆ្នាំ​ ក្នុង​ការងារ​ដឹក​នាំ​អង្គ​ភាព​ GIGN(កង​ចល័ត​ឆ្មាំ​ជាតិ)​ ក៏​ត្រូវ​ផ្លាស់​ទៅ​បំពេញ​ការងារ​ថ្មី​នៅ​វិមាន​អេលីហ្សេ​ ក្នុង​នាម​ទី​ប្រឹក្សា​បច្ចេកទេស​ ។​ អាយុ​៣៨​ឆ្នាំ​ មេកង​ចល័ត​ឆ្មាំ​ជាតិ​រូប​នេះ​ ដែល​មាន​ជី​តា​ និង​ឪពុក​ជា​ឆ្មាំ​ជាតិ​ពី​មុន​ដែរ​ តែង​តែ​បោះ​ឆ្នោត​ជូន​គណបក្ស​ស្ដាំ​និយម​ ។​ គាត់​មិន​ដែល​ដឹង​រឿង​សម្ងាត់​របស់​រដ្ឋ​ដែល​ខ្លួន​ត្រូវ​រ៉ាប់​រង​ឡើយ​ ។​

ពេល​សុំ​យោបល់​លោក​ប្រធា​នា​ធិបតី​​ ដើម្បី​ឱ្យ​ដឹង​មនុស្ស​ជិត​ស្និទ្ធ​រូប​ណា​ខ្លះ​របស់​លោក​ប្រធា​នា​ធិបតី​​ដែល​ត្រូ​វការពារ​នោះ​ លោក​ប្រធា​នា​ធិបតី​ឆ្លើយ​ត្រួស​ៗ «​ពួក​ចៅ​ខ្ញុំ​ដែល​នៅ​តូច​ៗ​ត្រូវ​បាន​ទទួល​អាទិភាព​ការពារ​ ។​ ចំណែក​ដានី​ញែល​ប្រពន្ធ​ខ្ញុំ​ លោក​មិន​បាច់​ព្រួយ​ច្រើន​ពេក​ទេ។​ ពួក​កូន​ប្រុស​ខ្ញុំ​ក៏​មាន​សេរី​ភាព​ល្អ​ជា​មួយ​ក្រុម​ប៉ូលិស​ផ្ទាល់​ខ្លួន​ដែរ​»​ ។​

បន្ទាប់​មក​លោក​ប្រធា​នាធិបតី​ប្រាប់​ គ្រីស្ទីយ៉ង់​ ព្រូតង់​ ជា​មួយ​សំឡេង​ហាក់​មាន​ភាព​អាថ៌កំបាំង​ «​កិច្ច​ការ​ផ្សេង​ទៀត​ លោក​ទៅ​ជួប​លោក​អង់​ដ្រេ​ រូស្សឺឡេ​ ប្រធាន​ខុទ្ទកា​ល័យ​ចុះ​»​ ។​ លោក​ប្រធាន​ខុទ្ទកាល័យ​រូប​នេះ​ក៏​អត់​និយាយ​វែង​ឆ្ងាយ​ «​ត្រូវ​ហើយ​!​ តាម​ពិត​មាន​រឿង​ល្អិត​ល្អន់​ទៀត​ ។​ លោក​ទៅ​ជួប​លោក​ ហ្វ្រង់​ស្វ៊័រ​ ដឺ​ហ្គ្រោសស៊ូ​ ទី​ប្រឹក្សា​ជំនិត​បំផុត​របស់​លោក​ប្រធានាធិបតី​ទើប​ដឹង​ច្បាស់​»​ ។​ លោក​ទី ប្រឹក្សា​ដែល​ក្ដាប់​ឯក​សារ​សំខាន់​ៗ​រូប​នេះ​ ក៏​អត់​រៀប​រាប់​វែង​ឆ្ងាយ​ «​រឿង​អីុចេះ​ណា​៎ ,​លោក​ប្រធា​នា​ធិបតី​មាន​គ្រួសារ​ក្រៅ​មួយ​ទៀត​ ។​ ជា​មួយ​គ្រួសារ​នេះ​ គាត់​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ាសារីន​ ចូល​ដល់​ខែ​ធ្នូ​ខាង​មុខ​ នាង​អាយុ​បាន​៨​ខួប​ហើយ​ ។​ ខ្ញុំ​ជា​អ្នក​ចេញ​មុខ​ទទួល​ខ្លួន​ជា​ឪ​ពុក​ធម៌​នាង​ ក្នុង​ពិធី​លាង​បាប​ឱ្យ​នាង​ ។​ សព្វថ្ងៃ​នាង​រស់​នៅ​ជា​មួយ​ម្ដាយ​នៅ​ខណ្ឌ​ទី​៦​»​។​

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ ការ​ជួប​គ្នា​របស់​មេ​កង​ចល័ត​ឆ្មាំ​ជាតិ​រូប​នេះ​ ប្រព្រឹត្ដ​ទៅ​នៅ​គេហដ្ឋាន​មុខ​សញ្ញា​ដែល​ត្រូវ​ការពារ​នា​ផ្លូវ​Jacob ​។​ នាង​ម៉ា​សារីន​ «​ទទួល​ភ្ញៀវ​»​ ជា​មួយ​ម្ដាយ​ក្នុង​បរិយា​កាស​រីក​រាយ​ ។​ លោក​ស្រី​អាន​​ ប៉័ងសូ​ ម្ដាយ​នាង​តូច​និយាយ​បង្ការ​មុន​ «​ខ្ញុំ​ដឹង​រួច​ហើយ​ថា​ម្ដាយ​កូន​ខ្ញុំ​បាន​ទទួល​ការ​ការពារ​សុវត្ថិភាព​ ​ ប៉ុន្ដែ​ខ្ញុំ​សូម​ជម្រាប​មុន​ថា​ ម្ដាយ​កូន​ខ្ញុំ​មិន​ធ្លាប់​ប្ដូរ​របៀប​រស់​នៅ​ទេ​»​ ។​

ដើម្បី​អនុវត្ដ​ភារកិច្ច​សម្ងាត់​នេះ​ឱ្យ​បាន​ល្អ​បំផុត​ គ្រីស្ទីយ៉ង់​ ព្រូតង់​ ជ្រើស​រើស​អ្នក​មាន​ថ្វី​ដៃ​៨​នាក់​ពី​កង​ GSPR (កង​ការពារ​សន្ដិសុខ​វិមាន​ប្រធានាធិបតី​)​ សម្រាប់​ការពារ​នាង​ម៉ាសារីន ។​ ពួក​គេ​ទាំង​៨​រូប​ជា​អតីត​ GIGN ធ្លាប់​ឆ្លង​កាត់​ក្លិន​រំសេវ​ក្នុង​ការ​ប្រយុទ្ធ​រាប់​មិន​អស់​ ,​មាន​ជំនាញ​ខ្ពស់​ដូច​គ្នា​ក្នុង​ការ​ប្រើ​អាវុធ​គ្រប់​ប្រភេទ​ និង​ក្បាច់​គុន​ ។​ តាំង​ពីពេល​នោះ​ រហូត​ដល់​អាយុ​២១​ឆ្នាំ​ នាង​ម៉ាសារីន​ ទៅ​ណា​មក​ណា​មួយ​ជំហាន​ក៏​មាន​អង្គ​រក្ស​២​នាក់​ដើរ​អម​ ។​

នៅ​ទី​ក្រុង​ប៉ារីស​ ដើម្បី​ឱ្យ​កង​ការពារ​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​ ផ្ទះ​ល្វែង​មួយ​ខ្នង​ត្រូវ​បាន​វិមាន​អេលីហ្សេ​ ជួល​នៅ​លើ​គេហដ្ឋាន​លោក​ស្រី​អានប៉័ង​សូ​តែ​ម្ដង​ ។​ ក្រោយ​មក​លោក​ស្រី​អានប៉័ង​សូ​ និង​កូន​ស្រី​រើ​ទៅ​នៅ​ភូមិ​គ្រឹះ​ Alma ផ្លូវ​ប្រង់លី​ ជា​ទ្រព្យ​សម្បត្ដិ​វិមាន​អេ​លី​ហ្សេ​ដែរ​ ដែល​នៅ​ក្បែរ​ៗ​នោះ​ លោក​ប្រធា​នា​ធិបតី​ មីត​តេ​រ៉ង់​មាន​ផ្ទះ​ដោយ​ឡែក​មួយ​ជិត​ផ្ទះ​លោក​ទី​ប្រឹក្សា​ហ្វ្រង់​ស្វ៊័រ​ ដឺហ្គ្រោសស៊ូ​ ។​

បន្ទាប់​មក​ទៀត​ ដោយ​យល់​ថា​លោក​ប្រធា​នា​ធិបតី​គួរ​មាន​ទី​តាំង​ដោយ​ឡែក​មួយ​សម្រាប់​ជា​កន្លែង​ងាយ​ស្រួល​ជួប​គ្រួសារ​សម្ងាត់​ផ្ទាល់​ខ្លួន​ គេ​សម្រេច​ចិត្ដ​រៀប​ចំ​កន្លែង​សម្រាក​លម្ហែ​កាយ​មួយ​សម្រាប់​គាត់​ក្នុង​តំបន់​ Essone ខាង​ត្បូង​ទី​ក្រុង​ប៉ារីស​ប្រហែល​៤០​គីឡូម៉ែត្រ​ ។​ ទីនោះ​ផ្ទៃ​ដី​ធំទូលាយ​ មាន​ភូមិ​គ្រឹះ​នៅ​កណ្ដាល​អមដោយ​សួន​ផ្កា​កុលាប​ស្រស់​បំព្រង​ មាន​ប្រព័ន្ធ​ស្រោច​ស្រព​ល្អ​ ជា​សម្បត្ដិ​ដែល​អ្នក​មេម៉ាយ​របស់​អតីត​ប្រធាន​ធនាគារ​ម្នាក់​ផ្ទេរ​ជូន​រដ្ឋ​ឆ្នាំ​១៩៧២​ ។​

លោក​ហ្សិល​ មេណា​ អនុ​ប្រធាន​ខុទ្ទកាល័យ​វិមាន​អេលីហ្សេ​ ជា​អ្នក​ទទួល​ភារកិច្ច​ចាត់​ចែង​លម្អ​ទី​នោះ​ ព្រម​ទាំង​កសាង​កំពែង​ខ្ពស់​ព័ទ្ធ​ជុំ​វិញ។​ ចាប់​ពី​ខែ​ធ្នូ​ ១៩៨២​ នៅ​កន្លែង​សម្រាក​លម្ហែ​កាយ​ថ្មី​របស់​ឪពុក​ខ្លួន​​​ នាង​ម៉ាសារីន​រៀប​ចំ​ពិធី​បុណ្យ​ខួប​កំណើត​យ៉ាង​សប្បាយ​រីក​រាយ​ ហើយ​លោ​ក​ប្រធានា​ធិប​តី​ក៏​បាន​រស់​នៅ​យ៉ាង​កក់​ក្ដៅ​ម្ដង​ម្កាល​នៅ​ទី​នោះ​ជា​មួយ​កូន​ស្រី​សំឡាញ់​ ដោយ​មាន​មិត្ដ​ភក្ដិ​ និង​សហការី​មួយ​ចំនួន​តូច​គាំ​ពារ​ ក្នុង​នោះ​មាន​លោក​អង់​ដ្រេ​ រូស្សឺ​ឡេ​ អ្នក​ដែល​អាច​ចេញ​-ចូល​ទីតាំង​សម្ងាត់​នោះ​ថ្មើរ​ណា​ក៏​បាន​ដែរ​ ។​

អតី​ត​អង្គរក្ស​ម្នាក់​និយាយ​រំលឹក​រឿង​នេះ​តាម​ការ​ចងចាំ​របស់​ខ្លួន​ «​លោក​ប្រធា​នា​ធិប​តី​តែង​ទៅ​ទីនោះ​ល្ងាច​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​ ហើយ​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ​ជា​មួយ​កូន​ស្រី​ និង​ម្ដាយ​នាង​រហូត​ដល់​ម៉ោង​៨​យប់​ថ្ងៃអាទិត្យ​ ទើប​វិល​ត្រឡប់​ទៅ​ទី​លំនៅ​ផ្លូវ​ការ​ជួប​ជុំ​ភរិយា​ដើម​វិញ​»។​

លោក​ប្រធានា​ធិបតី​​ហ្វ្រង់​ស្វ៊័រ​ មីតតេរ៉ង់​ រាល់​លើក​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ Venise ប្រទេស​អីុតាលី​​ ចូល​ចិត្ដ​ទៅ​ជាមួយ​កូន​ស្រី​ម៉ា​សារីន​ ។​ សូម្បី​ក្នុង​ឱ​កាស​បុណ្យ​ណូអែល​ចុង​ក្រោយ​របស់​គាត់​នា​ខែ​ធ្នូ​១៩៩៥​ គឺ​៨​ថ្ងៃ​មុន​ពេល​គាត់​អនិច្ច​កម្ម​ ក៏​គាត់​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ជា​មួយ​កូ​ន​ស្រី​ម៉ាសារីន​ នៅ​ប្រទេស​អេហ្សុីប​ ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​គាត់​ចូល​ចិត្ដ​ដែរ​ ។​
ក្រោយ​ឆ្នាំ​១៩៨៨​ ដែល​លោក​ហ្វ្រង់​ស្វ៊័រ​​ មីត​តេរ៉ង់​ ជាប់​ឆ្នោត​ប្រធានា​ធិបតី​ម្ដងទៀត​ សកម្ម​ភាព​ការពារ​ «​នាង​តូច​»​ កាន់​តែ​ល្អិត​ល្អន់​ជាង​មុន​ ​។​ មេកង​ចល័ត​ឆ្មាំ​ជាតិ​គ្រីស្ទីយ៉ង់​​ ព្រូតូ ដែល​បាន​ទទួល​ការ​តែង​តាំង​ជា​ប្រធាន​ស្នង​ការ​ប៉ូលិស​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៨៥​ និយាយ​រំលឹក​ថា​ «ពេល​ម៉ាសារីន​នៅ​តូច​ស្រួល​ការពារ​ ព្រោះ​នាង​នៅ​តែ​ជា​មួយ​ម្ដាយ​ ។​ លុះ​ពេញ​ក្រមុំ​ នាង​មាន​អារម្មណ៍​ស្រេក​ឃ្លាន​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ​ ។​​ នេះ​ហើយ​ជា​ការ​ពិបាក​»​ ។​

ពេល​វេលា​កន្លង​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ អ្នក​ដឹង​រឿង​សម្ងាត់​នេះ​ចាប់​ផ្ដើម​មាន​ថែម​មួយ​ចំនួន​ទៀត​ ដែល​ដំបូង​បំផុត​គឺ​នាយក​សាលា​ដែល​ម៉ាសារីន​រៀន​សូត្រ​ បន្ទាប់​មក​ដល់​ឪពុក​ម្ដាយ​ មិត្ដ​ភក្ដិ​របស់​ម៉ា​សារីន​ ពួក​អាជីវករ​គ្រាក់​ៗ​នៅ​ផ្លូវ​ Jacob និង​ម្ចាស់​ភោជនីយដ្ឋាន​ Les Assassins នៅ​ទល់​មុខ​ផ្ទះ​ម៉ាសារីន​ ដែល​ឧស្សាហ៍​បាន​ឃើញ​លោក​ប្រធានាធិបតី​ហ្វ្រង់​ស្វ៊័រ​​ មីត​តេ​រ៉ង់​​ទ្រ​​ដៃ​កូន​ស្រី​(ម៉ា​សារីន​)​ ឡើង​រថយន្ដ​​ ចុះ​រថយន្ដ​…។​ ប៉ុន្ដែ​ទោះ​ដូច្នេះ​ក្ដី​ អាថ៌​កំបាំងនេះ​នៅ​តែ​អាច​រក្សា​ទុក​រហូត​ដល់​ថ្ងៃទី​៣​ វិច្ឆិកា​ ១៩៩៤​ ទើប​ធ្លាយ​សុស​សាយ​ ពេល​ទស្សនាវដ្ដី​ Paris Match ចុះ​ផ្សាយ​រូប​ថត​នាង​ម៉ា​សារីន​ និង​ឪពុក​ដើរ​ចេញ​ពី​ភោជនីយដ្ឋាន​ម្ហូប​សមុទ្រ​ Le Divellec នៅ​ទីលាន​ Inialides ៕​