បុគ្គលិកក្នុងទីក្រុងបាងហ្គាល័រជាមជ្ឈមណ្ឌលផ្នែកព័ត៌មានវិទ្យា (IT) របស់ឥណ្ឌា ពេញនិយមសាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនដូចជា ក្រុមហ៊ុនម៉ៃក្រូសហ្វ (Microsoft) និងអាយប៊ីអឹម (IBM) ជាដើម ដើម្បីបង្ហាញពីមោទនភាពដែលបានបម្រើការក្នុងក្រុមហ៊ុន ។
វិចិត្រករខាងសាក់រូបម្នាក់ថ្លែងថា មានបុរសសាក់ឈ្មោះរបស់ក្រុមហ៊ុនកាន់តែច្រើនដើម្បីឱ្យខ្លួនមានកេរ្តិ៍ឈ្មោះក្នុងសង្គម ក្រោយពីបានបម្រើការងារនៅក្នុងក្រុមហ៊ុន IT ដ៏ធំនៅលើពិភពលោក ។ ស្នាមសាក់ «ឈ្មោះក្រុមហ៊ុន» នេះមិនមែនជានិមិត្តរូបនៃភាពជាទាសករ ឬការរណបដល់ចៅហ្វាយនាយ ឬក្រុមហ៊ុនទេ ប៉ុន្តែក៏ជានិមិត្តរូបនៃភាពសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន ដោយមនុស្សជាច្រើនមានបំណងចង់បម្រើការងារ ។
វិចិត្រករសាក់រូបម្នាក់នៅបាងហ្គាល័រឱ្យដឹងថា មនុស្សភាគច្រើនដែលសាក់រូបមកពីក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យា (IT) ដូចជា IBM, Apple, Microsoft និង Auracle ។ ក្រៅពីការសាក់ឈ្មោះក្រុមហ៊ុនក្លាយជាការពេញនិយមសម្រាប់បណ្តាបុគ្គលិកក្រុមហ៊ុននោះ បណ្តាម្ចាស់មុខជំនួញតូចៗជាច្រើនទៀតនៅទីក្រុងបាងហ្គាល័រ ក៏ពេញនិយមសាក់ឈ្មោះជំនួញរបស់ខ្លួននៅលើរាងកាយដែរ ។
ម្ចាស់ហាងសាក់នៅក្នុងទីក្រុងបាងហ្គាល័រឱ្យដឹងថា ការសាក់ម្តងៗជាងសាក់នឹងគិតគូរទៅលើធាតុផ្សំជាច្រើនដើម្បីឱ្យការសាក់មួយលើកៗមានលក្ខណៈល្អឥតខ្ចោះ ក្នុងនោះរួមមានទាំងពណ៌សម្បុររបស់ស្បែក ។ ជាទូទៅ ជនជាតិឥណ្ឌាមានស្បែកខ្មៅស្រអែម ធ្វើឱ្យជាងសាក់ត្រូវមានស្នាដៃល្អក្នុងការសាក់ឈ្មោះរបស់ក្រុមហ៊ុនឱ្យកាន់តែភ្លឺច្បាស់ល្អ ៕
ចែករំលែកព័តមាននេះ