រាជធានីភ្នំពេញ៖ រថយន្តតូយ៉ូតាពីរបាំងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២L៦៥៦១ ពណ៌ទឹកប្រាក់ ដែលសមត្ថកិច្ចអះអាងថាមានជាតិស្រវឹងក្នុងខ្លួនបានបុកនិងដើមអំពិលពេញទំហឹងក្រោយមន្ទីរពេទ្យកេតុមាលា(ពេទ្យយោធា១៧៩)វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចកខណ្ឌដូនពេញកាលពីវេលាម៉ោង ០១រំលងអាធាត្រឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ បណ្តាលឲ្យអ្នកបើកបររងរបួសជើង។
សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោងខាងលើមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាពីគិប ពណ៌ទឹកប្រាក់ បើកតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីទិសខាងជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ក្រោយមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា១៧៩) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានរ៉េចង្កូតទៅបុកដើមអំពិលមួយដើម ពេញទំហឹង បណ្តាលឲ្យអ្នកបើកជាប់ជើង។
ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ជួយគាស់យកអ្នកបើរថយន្តចេញហើយរថយន្តពេទ្យឯកជនដឹកទៅព្យាបាលមុនរថយន្តសាមុយកាល់ម៉ែតមកដល់។ ម្ចាស់រថយន្តដែលជួបសំណាងអាក្រក់ចងកំហឹងនិងដើមអំពិលដោយសារមានជាតិស្រវឹងក្នុងខ្លួននោះមិនត្រូវបានគេស្គាល់អត្តសញ្ញណឡើយគ្រាន់តែដឹងថា ជាមន្ត្រីរាជការព្រោះមុននិងឡើងរថយន្តពេទ្យបានប្រាប់សមត្ថកិច្ចថារូបគេបាត់កាបូបមួយដែលមានកាំភ្លើងខ្លីមួយដើមនៅក្នុងកាបូបមិនដឹងជាអ្នកណាយក។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្ករបានបែកពោងការពារសុវត្ថិភាពនិងដាច់កង់ខាងស្តាំហើយខូចខាតផ្នែកខាងមុខធ្ងន់ត្រូវស្ទួចយកទៅទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕


ចែករំលែកព័តមាននេះ