ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊ី​លីកា​អ្នកបើកបរ​ងងឹត​មុខ​រេ​ចង្កូត​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​៥​ផ្ទាំង

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ​រថយន្ត​ម៉ាក​តូយ៉ូតា​ស៊ី​លីកា​មួយ​គ្រឿង​ បាន​បើកបរ​ក្នុង​ល្បឿន​គួរសម​ តែ​ដោយ​សារ​អ្នក​បើកបរ​មាន​ជំងឺ​រលាក​ឆ្អឹងខ្នងទើបបណ្តាលឲ្យ​ងងឹត​មុខ ​ខណៈ​ពេលកំពុង​បើកបរក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវបាក់​អស់​ចំនួន​៥​ផ្ទាំង ​ហើយរថយន្ត​រង​ការ​ខូច​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ ថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៣​នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី​ត្រង់​ចំណុច​មុខ​ធនាគារ​អេ​ស៊ីលីដា​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

រថយន្ត​បង្កហេតុខាងលើនេះ ​ម៉ាក​តូយ៉ូតា​ស៊ីលីកា ​ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​2B.5142​ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ លុក សីហមន្នី អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក អង្គការ​ខេ​វី​អេ​(KVA)​ស្នាក់នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើតហេតុ ​រថយន្ត​មួយ​គ្រឿងនោះ​បាន​បើកបរ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ ក្នុង​ល្បឿន​លឿន​គួរសម ខណៈមកដល់ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ ​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៥​ផ្ទាំង ​និង​ខូចខាត​រថយន្ត​បន្តិចបន្តួច​។

​ប្រភព​ដដែល​បាន​បន្ត​ថា​ក្រោយពេល​កើតហេតុ ​អ្នកបើកបរ​រថយន្ត​មិនបាន​ចុះចេញ​ពី​ក្នុង​រថយន្ត​ភ្លាមៗ​នោះ​ទេ​ ទោះបីជា​សមត្ថកិច្ច​ប៉ូលិស​គោះទ្វារ​ហៅ​ឲ្យ​ចេញ​យ៉ាងណា​ក៍​ដោយ​ រហូត​ក្រោយមក​ទើប​បើកទ្វារ​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា​ប្ដី​របស់​នាង​មាន​ជំងឺ​រលាក​ឆ្អឹងខ្នង​ ទើប​ងងឹត​បើក​រថយន្ត​ជ្រុល​ទៅ​បុក​​រនាំង​ដែក​បែបនេះ​។ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ចុះ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​​នោះ​ទៅ​រក្សាទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​៕​យន់​ស៊ីថា ​