ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​អគ្គិ​សនី​ឆេះ​ស្នាក់​ការ​ក្រុម​ហ៊ុន​ ម៉ី ​ហុង​ ដឹក​អ្នក​ដំណើរ​

13 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ ៖ ​ទី​​​ស្នាក់​ការ​ក្រុម​ហ៊ុន​ម៉ី ​​ហុង ​ដឹកអ្នក​ដំណើរ​ដែល​មាន​ទីតាំង​ស្ថិតនៅ​​អគារ​លេខ​២១៣ ផ្លូវ​លេខ​២៨៩ ​មុខ​សាលា​បឋម​សិក្សា​ទួក​គោ​ក​​ស្ថិត​​ក្នុងសង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួក​គោក​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​​​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៣ ឧសភា ​​បណ្តាល​​ឱ្យ​​ឆេះ​​​​ខូច​​ខាត​សម្ភារ​​ ឯក​សារ ​និង​គ្រឿង​សង្ហា​រិម​ ​ស្ថិត​នៅ​ជាន់ទី​១​ទាំ​ង​ស្រុង​ ។ ក្នុង​ហេតុ​ការណ៍​អគ្គិ​ភ័យ​នេះ​បាន​បង្ក​ឱ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​​ដល់​​ប្រជា​ពល​រដ្ឋ​​​ ជា​ពិសេស​​​អាជ្ញា​ធរ​មូល​ដ្ឋាន​ សមត្ថកិច្ច​​ប៉ូលិស​និង​កង​រាជ​អាវុធ​ហត្ថ​​រហូត​ឈាន​ដល់​ការ​បិទ​​​កំណាត់​​ផ្លូវលេខ​២​៨៩​ទាំង​ព្រឹក​ដើម្បី​បង្ក​​លក្ខណៈ​​ងាយ​ស្រួល​​ដល់​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​ និង​សមត្ថ​​កិច្ច​​ពាក់​ព័ន្ធ​​ចូល​ទៅ​ជួយ​​​អន្តរា​គមន៍​​​​ពន្លត់​​អគ្គិ​ភ័យ​​នោះ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា ​​ទោះ​ជា​យ៉ាង​ណា​ ​​គ្រោះ​​អគ្គិ​​ភ័យ​​​នេះ​​​មិន​បាន​​បណ្តាល​​ឱ្យ​មនុស្ស​​បាត់​បង់​ជីវិត​ ឬ​រង​របួស​​ឡើយ​ ហើយ​​ក្នុង​ហេតុ​ការណ៍​​​នេះ​​សមត្ថកិច្ច​បាន​ប្រើ​​​រថយន្ត​​ពន្លត់​​អគ្គិ​ភ័យ​របស់​កង​រាជ​អាវុធ​ហត្ថ ​និង​ស្នង​​ការ​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​ភ្នំពេញ​ចំនួន​១៦​គ្រឿង​​ដែល​នៅ ជិត​​​ដើម្បី​​​ទៅ​អន្ត​រាគមន៍​បាញ់​ទឹក​ពន្លត់​​ទាន់​ពេល ។ ​មន្ត្រី​​ប៉ូលិស​​ឱ្យ​​ដឹង​ទៀត​​ថា​ ​ទីស្នាក់​ការ​​ក្រុម​ហ៊ុន​ខាង​លើ​​​​​​​មាន​​ម្ចាស់​ឈ្មោះ​បួន ​សុមុនី​ ភេទ​​ប្រុស​ អាយុ​៤១ឆ្នាំ ជា​​មន្ត្រី​នៅ​ទី​ស្តី​ការ​គណៈ​​​រដ្ឋ​មន្ត្រី​​​បាន​ជួលទៅ​​ឱ្យ​​​ឈ្មោះ​ម៉ី ​ហុង ​ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មាន​លំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ​បើក​ធ្វើ​ជា​​ទី​​ស្នាក់​ការ​ក្រុម​ហ៊ុន​ម៉ី ហុង ​ដឹក​អ្នក​ដំណើរ ។

​ទាក់ទិន​​នឹង​​ការ​កើត​​​អគ្គិ​ភ័យ​នេះ​ត្រូវ​បុគ្គលិក​​​ឱ្យ​ដឹង​ថា ​​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គិ​សនី ​ចេញ​ពី​ពិតាន​​នៅ​​ជាន់​ទី​១ ​​ហើយ​ឆេះ​រាល​ដាល​យ៉ាង​រហ័ស​និង​​សន្ធោ​សន្ធៅ​​ហុយ​ផ្សែង​ខ្មួល​​ខ្មាញ់​​ចេញពី​អគារ​​ស្នាក​់​ការ​ជាន​់​ខាង​លើ​ធ្វើ​ឱ្យ​​បុគ្គលិក​ទាំង​អស់​ដែល​កំពុង​តែធ្វើ​ការ​​​​នាំ​គ្នា​រត់​ចេញ​ ។ ​​​ បុគ្គ​​លិក​​ដដែល​បន្ត​​​ទៀត​ថា សម្ភារ​ ឯក​សារ ​និង​​គ្រឿង​​សង្ហា​រិម​​ការិយា​ល័យ​នៅ​ជាន់​ទី​១​ត្រូវ​ភ្លើង​​បំផ្លាញ​ទាំង​ស្រុង ចំណែក​​ជាន់​ក្រោម​ពុំ​រងការ​ខូច​ខាត​ឡើយ ។
នៅ​ពេល​កើត​មាន​អគ្គិ​ភ័យ​ គេ​ឃើញ​លោក​ឧត្តម​សេនីយ៍​ឯក​ជួន សុវណ្ណ ​អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​និង​ជាស្នងការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​​ និង​​​លោក​ឧត្តម​សេនីយ៍​​ទោ យ៉ា​ គឹម​អីុ ​មេបញ្ជា​ការ​រង​​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​និងជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​​​​​ដើម្បី​​បញ្ជា​ដល់​កង​កម្លាំង​​ជួយ​អន្តរាគមន៍​ក្នុងការ​បាញ់​​ទឹក​ពន្លត់​​និង​​សម្រួល​ចរាចរណ៍​ផង​ដែរ ​។ ​

នៅព្រឹក​នោះ​ កំណាត់​​​​វិថី​ម​ហា​សេនា​​ប្រមុខ​គឹម អ៊ីលស៊ុង ​(​ផ្លូវ​លេខ​២៨៩)​ត្រង់ចំណុច​កើត​​មាន​អគ្គ​ិ​ភ័យ​ត្រូវ​បាន​បិទ​ចរាចរណ៍​​អស់​រយៈ​ពេល​ប្រមាណ​ជិត​១​ម៉ោង ។ លោក​វរសេនីយ៍​ទោ នេត ​វន្ថា ​ប្រធាន​ការិ​យាល័យ​នគរ​បាល​បង្កា​រ​និងពន្លត់​អគ្គិ​ភ័យ​នៃ​ស្ន​ង​​ការ​​ដ្ឋាន​នគរបាល​​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​១៦​គ្រឿង ​បាន​ទៅ​អន្តរាគមន៍​ភ្លាមៗ​​​ហើយ​បាញ់​ពន្លត់​បាន​ទាន់​ពេល​មិន​បណ្តាល​​​​ឱ្យ​ឆេះ​រាល​​ដាល​ទៅ​លំ​នៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ ។ ​នៅ​ក្នុងនោះ​មាន​រថយន្ត​របស់​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​ភ្នំពេញ​​ចំនួន​៨​គ្រឿង​និង​រថយន្ត​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​និង​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ​ចំនួន​៨​គ្រឿង​បាន​បាញ់​ទឹក​​អស់​ចំនួន​៣២​រថយន្ត ។

លោក​វរ​សេនីយ៍​ទោ នេត ​វន្ថា ​បាន​ឱ្យ​ដឹ​ង​ទៀត​ថា ​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​​​​​នា​​ដើម​ឆ្នាំ​២០១៣ នេះ​ មាន​អគ្គិ​ភ័យ​​កើត​ឡើង​ចំនួន​៥១​លើក​​ ហើយ​​បណ្តាល​ឱ្យ​ឆេះ​ស្លាប់មនុស្ស​​៤​នាក់ ​និង​របួស​ចំនួន​៧​នាក់ ។ ​ជា​មួយ​គ្នា​នេះ​ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពល​​​រដ្ឋ​​​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ នៅពេល​ចា​ក​ចេញ​ពីលំនៅឋាន​​ត្រូវ​បិទ​ភ្លើង​អគ្គិ​សនី​ ​ពន្លត់​​​ភ្លើង​ចង្ក្រាន​ ទៀន ធូប​ ចៀស​វាង​ការកើត​មាន​អគ្គិ​ភ័យ​បំផ្លាញ​​ផ្ទះ​ខ្លួន​​ឯង​និង​អ្នក​ដទៃ ៕