ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ខ្យង​ល្បី​ថា​គេ​កាយ​យក​វត្ថុ​បុរាណ​មាន​តម្លៃ​ទៅ​បាត់​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ភ្នំ​ខ្យង​គឺ​ជា​ភ្នំ​តូច​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​ភ្នំ​ខ្យង​ ឃុំ​ប្រាសាទ​ភ្នំ​ខ្យង​ ស្រុក​កំពង់​ត្រាច ។​ ភ្នំ​នេះ​មាន​រូង​ខ្វាត់​ខ្វែង​ តែ​មាន​រូង​មួយ​ឈ្មោះ​រូង​ប្រាសាទ​ភ្នំ​ខ្យង​ ។ កាល​ពី​ទសវត្ស​ឆ្នាំ​៩០​ មាន​ជន​ទុច្ចរិត​ជាច្រើន​នាក់​បាន​យក​ឧប​ករណ៍​រាវរក​វត្ថុ​បុរាណ​ និងបាន​ជីក​កកាយ​រក​វត្ថុ​មាន​តម្លៃ​ផ្សេងៗ​ទៀត ។​ សូម​រំឭក​ថា​ កាល​ពី​មុន​ភ្នំ​ខ្យង​ស្ថិត​នៅ​ក្នុង​ឃុំ​កន្ថោរ​ខាងជើង​ ក៏​ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ក៏​បាន​ប្តូរ​មក​ឈ្មោះ​ឃុំ​​ប្រាសាទ​ភ្នំ​ខ្យង​វិញ​ម្តង ព្រោះ​នៅ​​ក្នុង​រូង​ភ្នំ​ខ្យង​មាន​ប្រាសាទ​បុរាណ​មួយ​ ហើយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ក៏​បាន​ដាក់​ឈ្មោះ​រូង​ប្រាសាទ​ភ្នំ​ខ្យង​នេះ​ជា​ផ្លូវ​ការ​ផង​ដែរ ។​

បច្ចុប្បន្ន​ រូងប្រាសាទ​ភ្នំ​ខ្យង​នេះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទៅ​ហូរ​ហែ​មិន​ដាច់​ ។ នៅ​មាន​ភ្នំ​តូច​មួយ​ទៀត​ដែល​ត​ភ្ជាប់​ពី​ភ្នំ​ខ្យង​ ត្រូវ​បាន​អ្នក​ជំនួញ​មាន​អំណាច​ម្នាក់​ដែល​សូម្បី​តែ​អត្ត​សញ្ញាណ​ក៏​មិន​ហ៊ាន​ប្រាប់​ផង​នោះ​ បាន​បង្ហាញ​ដល់​អាជ្ញាធរ​ឃុំ​ និង​ស្រុក​ថា​ ភ្នំ​តូច​ដែល​ជាប់​នឹង​ភ្នំ​ខ្យង​នេះ​ពួក​គេ​មាន​អាជ្ញា​ប័ណ្ណ​ ហើយ​បាន​ជួល​អ្នក​ជំនាញ​ជនជាតិ​វៀត​ណាម​ប្រមាណ​១៥​នាក់​ឱ្យ​មក​ធ្វើ​ការ​រុក​រក​វត្ថុ​មាន​តម្លៃ​នៅ​ភ្នំ​តូច​មួយ​ជាប់​នឹង​ភ្នំ​ខ្យង​នេះ​រយៈ​ពេល​១​ខែ​ ដោយ​គ្មាន​រដ្ឋ​អំណាច​ណា​រារាំង​ទេ ។​ ការ​រុក​រក​របស់​ក្រុម​ជំនាញ​វៀត​ណាម​នោះ​ក៏​បាន​យក​គ្រឿង​ចក្រ​មក​ជីក​កាយ​ផង​ដែរ ។​

ជា​មួយ​នឹង​ការ​កាយ​រុក​រក​នោះ​ ក៏​មាន​ការ​ដាក់​បម្រាម​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​តែ​ទៅ​កើប​យក​ថ្ម​កញ្ចក់​លក់​ត្រូវ​បញ្ចប់ ។​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ​ គឺ​ជម្រក​របស់​ក្រុម​ជំនាញ​ជា​ជន​ជាតិ​វៀតណាម​ដែល​ជា​កន្លែង​ស្នាក់​នៅ​នោះ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បំផ្លាញ​ចោល​អស់​ ដែល​សង្ស័យ​ថា​ការ​លួច​ដុត​នេះ​ជា​កំហឹង​របស់​អ្នក​ស្រុក ។​ អ្នក​គ្រប់​គ្រង​កូន​ភ្នំ​តូច​នេះ​ដែល​គេ​អះ​អាង​ថា​ មាន​អាជ្ញាប័ណ្ណ​នោះ​បាន​ចំណាយ​ប្រាក់​យ៉ាង​​ច្រើន​មកជីក​កាយ​រក​ថ្ម​មានតម្លៃ​ខ្ពស់​ ប៉ុន្តែ​ក្រោយ​មក​មិនដឹង​ជា​យ៉ាង​ដូច​ម្តេច​ ក៏​បាន​ដក​សម្ភារ​ចាក​ចេញ​ពី​ភ្នំ​នេះ​អស់ទៅ ។​ បន្ទាប់​ពី​ក្រុម​អ្នក​គ្រប់​គ្រង​ភ្នំ​នេះ​ប្រមូល​សម្ភារ​ចេញ​វិញ​អស់ ស្រាប់​តែ​អ្នក​ភូមិ​ភ្នំ​ខ្យង​ និង​អ្នក​ភូមិព្រៃ​កឹក​និយាយ​​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​ ​ភ្នំ​ខ្យង​នេះ​​ត្រូវបាន​គេជីក​កកាយ​ និង​ប្រមូល​យក​បាន​វត្ថុ​បុរាណ​ជា​ច្រើនទៅ​បាត់​យ៉ាង​ស្ងៀម​ស្ងាត់ ។

​ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ភ្នំ​ខ្យង​និយាយ​ថា​ ក្រុម​អ្នក​រុករក​ថ្ម​កញ្ចក់​ ប្រហែល​ជីកកាយ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​មាន​តម្លៃ​ដូចជា​គេ​និយាយ​មែន  ព្រោះ​ឃើញ​ពួកគេ​ប្រឹង​ណាស់ ។​ ប៉ុន្តែ​អ្នក​ភូមិ​ព្រៃ​កឹក​ម្នាក់​ទៀត​និយាយ​ថា ខ្លួន​គាត់​ជា​អ្នក​ធ្វើ​ការងារ​ឱ្យ​អ្នក​រុក​រក​នៅ​ភ្នំ​នោះ​ដែរ​ មិន​បាន​រក​ឃើញ​អ្វី​ដូច​គេ​និយាយ​នោះ​ទេ​ ។ គាត់​និយាយ​ថា​ នៅ​ក្នុង​រូង​ភ្នំ​មួយ​នោះ​មាន​ថ្ម​រាង​ដូច​រូប​ចម្លាក់​ផ្សេងៗ​ ប៉ុន្តែ​ក្នុង​នោះ​បើ​សិន​ជា​ចូល​ទៅ​ជ្រៅ​ទៀត​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ព្រោះ​សម្បូរ​ទៅ​ដោយ​ពស់​អាសិរពិស​ធំៗ​ដែល​រស់​នៅ​ ។​

ទាក់ទង​ទៅ​នឹងគេ​និយាយ​តៗ​គ្នា​ថា​ ភ្នំ​ខ្យង​ត្រូវ​បាន​គេ​រក​ឃើញ​វត្ថុ​បុរាណ​ច្រើន​ ហើយ​ដាក់​រថយន្ត​យក​ទៅបាត់នោះ​ ​លោក​ហ៊ុន​ តេង​ មេ​ឃុំ​ប្រាសាទ​ភ្នំ​ខ្យង​និយាយ​ថា​ នៅ​ភ្នំ​ខ្យង​គ្មាន​អ្នក​ណា​រក​វត្ថុ​បុរាណ​បាន​ដូច​ដែល​គេ​និយាយ​តៗ​គ្នា​នោះ​ទេ ហើយ​បើ​មិន​ជឿ​សួរ​អ្នក​ដែល​ធ្លាប់​ចូល​ទៅ​ធ្វើ​ការ​នៅ​ភ្នំ​នោះ​ទៅ ។​ រី​ឯ​លោក​អេវ​ សំអឿន​ មេ​ភូមិ​ភ្នំ​ខ្យង​បាន​ប្រាប់​ដែរ​ថា ភ្នំ​ខ្យង​មិន​ត្រូវបាន​គេរុក​រក​ឃើញ​វត្ថុ​បុរាណ​អ្វី​ទេ​ គឺ​គេ​កើប​យក​តែ​ថ្ម​កញ្ចក់​ ។​ ចំណែក​ការ​​លួច​ដុត​រោង​ស្នាក់​នៅ​របស់​ក្រុម​ជំនាញ​ជន​ជាតិ​វៀត​ណាម​កន្លង​មក​នេះ​ទំនង​ជា​រឿង​ជម្លោះ​ផ្ទៃ​ក្នុង​តែប៉ុណ្ណោះ​ ។

ទោះជា​យ៉ាង​ណា​ តាម​ពាក្យ​ចចាម​អារ៉ាម​និយាយ​តៗ​គ្នា​មក​ដល់​សព្វ​ថ្ងៃ​នេះ​ថា​  គេ​បាន​រក​ឃើញ​គជ់​ខ្យង​ដ៏​ធំ​មួយ​ ដែល​ដាក់​តាំង​លើ​ជើង​ទម្រ​ធ្វើ​អំពី​
ថ្ម ។​ ពេល​នេះ​នៅ​សល់​តែ​ជើងទម្រ​ប៉ុណ្ណោះ​ ឯ​គជ់​បុរាណ​នោះ​គេ​យក​ទៅបាត់​ហើយ​ ។ គេ​យក​ទាំង​គង​ជ័យ​មួយ​ធ្វើ​ពីសំរិទ្ធ​ទៅ​បាត់​ដែរ​ នៅ​សល់​តែ​ស្នាម​ព្យួរ ។​ ប៉ុន្តែ​មន្ត្រី​នៅ​ថ្នាក់​មូល​ដ្ឋាន​នោះ​បាន​បដិ​សេធ​ ៕​