ខេត្តកំពង់ចាម ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំសាងពីថ្មភក់នៅវត្តផ្កាឈូកមាស ស្ថិតក្នុងភូមិបឹងដែង ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ នាវេលាព្រឹក ថ្ងៃទី២៤ ឧសភា ២០១៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនកុះករ ។
សូមបញ្ជាក់ថា ព្រះពុទ្ធរូបអង្គធំសាងពីថ្មភក់នេះមានព្រះភ្នែន៦ម៉ែត្រ១តឹក កម្ពស់៩ម៉ែត្រ៩តឹក ត្រូវបានតម្កល់ក្នុងវត្តផ្កាឈូកមាស នៅភូមិបឹងដែង ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ដោយបូកបញ្ចូលគ្នា២រចនាបថ គឺរចនាបថបាយ័ន និងបាពួន ហើយត្រូវបានរៀបចំពិធីក្រុងពលីកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ឧសភា ២០១៣ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ព្រះពុទ្ធរូបអង្គធំនេះត្រូវបានសាងសង់ឡើង ក្នុងវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តផ្កាឈូកមាស ដែលចាប់តាំងពីពេលចាប់ផ្តើមសាងសង់មកដល់ពេលនេះចំណាយអស់ទឹក ប្រាក់ជាង៥៧ម៉ឺនដុល្លារហើយ ហើយនឹងមានគម្រោងក្រាលការ៉ូរៀបខឿនជណ្តើរធ្វើពីថ្មភក់ទាំងអស់ ហើយរៀបដំបូលរបៀបបុរាណ និងក្បាលនាគធំចំនួន៦ទៀត ។
តាមប្រភពព័ត៌មានជំហានដំបូងឱ្យដឹងថា ព្រះពុទ្ធរូបអង្គធំដែលមានព្រះភ្នែន៦ម៉ែត្រ១តឹកនេះ តំណាងលេខ៦+១=៧ ជាលេខសំណាងគ្រប់ពុទ្ធបរិស័ទគ្រាន់តែគិតដល់ក៏កើតសទ្ធា និងផលបុណ្យ ឯកម្ពស់៩ម៉ែត្រ៩តឹក តំណាងរយៈពេល៩ខែ៩ថ្ងៃ ឬ៩ខែ១០ថ្ងៃដែលម្តាយពរផ្ទៃមានន័យដ៏ខ្ពង់ខ្ពស់ដល់កំណរកំណើត មនុស្សគ្រប់រូប ៕
ចែករំលែកព័តមាននេះ