ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​សហភាព​អឺរ៉ុប​ចុះពិនិត្យ​គម្រោង​ការ​ស្តារ​ឡើង​វិញ​ក្រោយ​គ្រោះ​ទឹក​ជំនន់​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ រួម​ដំណើរ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី​ ញឹម​ វណ្ណដា​ អនុប្រធាន​ទី​១ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​ឧសភា​បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ពី​គ្រោះ​ទឹក​ជំនន់​នៅ​ស្រុក​ពញា​ឮ​ ។​

យោង​តាម​របាយ​ការណ៍​របស់​លោក​ជាវ​ តាយ​ អភិបាល​រង​ខេត្ត​កណ្តាល​ឱ្យដ​ឹង​ថា​ ទឹក​ជំនន់​ឆ្នាំ​២០១១​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្រុក​ចំនួន​៩​ទូទាំង​ខេត្ត​កណ្តាល​ ដែល​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ សម្លាប់​ជីវិត​មនុស្ស​ សត្វ​ និង​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន ។​ ដោយ​ឡែក​ក្នុង​ស្រុក​ពញាឮ​ ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​​លើ​វិស័យ​មួ​យចំនួន​ដូច​ជា​ សង្គម​កិច្ច​ សេដ្ឋ​កិច្ច​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ ។​ ប៉ុន្តែ​បន្ទាប់​ពី​ស្រុក​ពញា​ឮ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ សហ​ភាពអឺរ៉ុប​តាម​រយៈ​អង្គការ​អាក់​តិដ​ ភីអេស​ អេហ្វ​ បាន​ផ្តល់​ជំនួយ​កសាង​ និង​ស្តារ​នូវ​ផលិត​ផល​ជាច្រើន​ក្នុង​ឃុំ​មួយ​ចំនួន​រួម​មាន​ ជួសជុល​ទំនប់​ទឹក​ស្រែ​ប្រាំង​ប្រវែង​១៤.៧៣៥​ម៉ែត្រ​ លើក​ទីទួល​សុវត្ថិ​ភាព​ឱ្យ​ខ្ពស់​ចំនួន​៣ក​ន្លែង​ កសាង​ទំនប់​ទឹក​ប្រវែង​២៧.៦១២​ម៉ែត្រ​ កសាង​ច្រាំង​ទន្លេ​ កសាង​ផ្លូវ​លំ​ក្នុង​ភូមិ​ ចែក​ជូន​នូវ​ធុង​ចម្រោះ​ទឹក​ចំនួន​៣.៣៣៣​គ្រួសារ រួម​ទាំង​កសាង​បង្គន់​អនា​ម័យ។​

លោក​ហ្វង់​ហ្វ្រង់​ស័រ​ កូតាំង​ ឯក​អគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ សហ​ភាព​អឺរ៉ុប​បាន​ផ្តល់​ថវិកា​ចំនួន​៥២៥.០០០​អឺរ៉ូ​ តាម​រយៈ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​បច្ចេក​ទេស ។​ ទន្ទឹម​នោះ​ ក៏​កំពុង​តែ​ជួយ​ដល់​សហគមន៍​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​ភូមិ​ចំនួន​៣៦​ក្នុង​ឃុំ​ចំនួន​១១​ ដែល​ស្ថិត​ក្នុង​ស្រុក​ចំនួន​៣​ គឺ​ស្រុក​ពញា​ឮ​ ស្រុកខ្សាច់​កណ្តាល​ និងស្រុក​ល្វា​ឯម​ ដើម្បី​ស្តារ​លទ្ធ​ភាព​ពី​គ្រោះ​ទឹក​ជំនន់ ។​

មាន​ប្រសាសន៍​នា​ឱកាស​នោះ​ លោក​ញឹម វណ្ណដា​ បាន​ថ្លែង​អំណរគុណ​សហ​គមន៍​អឺរ៉ុប និង​អង្គការ​អាក់​តិដ​ (ACTED) ដែល​បាន​ជួយ​គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នានា​ ក៏​ដូច​ជា​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ដែល​តែងតែ​គិត​គូរពី​សុខ​ទុក្ខ​ និង​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​តាម​ទីជនបទ​​ក្នុង​ការ​កាត់​បន្ថយ​ភាពក្រី​ក្រ​របស់​ប្រជា​ពលរដ្ឋ ។​

ក្នុង​អំឡុង​ពេល​ចុះ​ទៅ​ពិនិត្យ​មើល​នោះ​ដែរ​ ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ និង​អ្នក​សារ​ព័ត៌​មាន​ បាន​ជួប​ប្រជុំ​ជា​មួយ​​គណៈ​កម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ និង​អ្នកទទួល​ផល​ពីគម្រោង​នៅ​ក្នុង​​ស្រុក​ពញា​ឮ។​ គណៈ​ប្រតិភូ​ក៏​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​ទី​កន្លែង​គម្រោង​មួយ​ចំនួន​ ក្នុង​នោះ​រួម​មាន​អណ្តូង​ទឹក​ ទំនប់​ទឹក​ អាង​ស្តុង​ទឹក​ និង​បង្គន់​អនាម័យ​ផង​ដែរ ៕​