ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តិបចោរ​លួច​ផ្អើល​ព្រៃ​ញ៉យ​អស់​លក្ខណ៍​ត្រូវ​ចាប់​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​ក្មេង​ប្រុស​ជំទង់​ដែល​ល្បី​ល្បាញ​ខាង​លួច​មិន​រើស​មុខ និង​ធ្វើ​ឱ្យអ្នក​ភូមិ​ព្រៃ​ញ៉យ​ ឃុំ​ក្រោល​គោ ​ស្រុក​ស្វាយ​ជ្រំ​ ដេក​មិន​លក់​ ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​កាល​ពី​ថ្ងៃ​ទី​២១​ ឧសភា​ ។ ក្មេង​ជំទង់​រូប​នេះ​ឈ្មោះ ថន​ ស៊ីណាត​ ​ អាយុ​១៦​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រៃ​ញ៉យ​ ឃុំ​ក្រោល​គោ​ ស្រុក​ស្វាយ​ជ្រំ​ ។​

លោក​វរ​សេនីយ៍​ទោ​ សួស សារិន​ នាយ​ការិ​យាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ស្នងការ​នគរ​បាលខេត្ត​បាន​ប្រាប់​ឱ្យដឹង​ថា​ ឈ្មោះ ថន​ ស៊ីណាត​ ​នេះ​បានធ្វើ​សកម្ម​ភាព​លួច​ទ្រព្យ​សម្បត្តិ​ប្រាក់​កាស​របស់​លោក​សុិន​ ឈុំ​សារឿន​ អាយុ​៥២​ឆ្នាំ​ ជាគ្រូ​បង្រៀន​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​ កាលពី​ថ្ងៃ​ទី​២១​ ឧសភា​ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ដោយ​យក​បាន​ប្រាក់​ចំនួន​២៤​ម៉ឺន​រៀល​ និង​១០​ដុល្លារ​ ខណៈ​ពេល​ម្ចាស់​ផ្ទះ​ទៅ​បង្រៀន​ គ្មាន​មនុស្ស​នៅ​ផ្ទះ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិត​ខាង​ឃើញ​ហើយ​ក៏​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ព័ទ្ធ​ចាប់​ខ្លួន​បាន​ភ្លាមៗតែ​ម្តង​ ។​

លោក​សួស សារិន​ បន្តទៀត​ថា​ ក្រោយ​ពី​ធ្វើ​ការ​សាក​សួរ​ ក្មេង​ប្រុស​ជំទង់​រូប​នេះ​បាន​សារ​ភាព​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ថា​ ខ្លួន​ធ្លាប់​ធ្វើ​សកម្ម​ភាព​លួច​ប្រាក់​នៅ​ផ្ទះ​ជន​រងគ្រោះ​បាន​ចំនួន​៤​លើក​មក​ហើយ ។​ក្រោយ​ពេល​ចាប់​ខ្លួន​ សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ហើយ​ក៏​ត្រូវ​តុលាការ​បានចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នា​ល្ងាច​ថ្ងៃ​ទី​២២​ ឧសភា ៕​