ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី​ដូន​ជរា​​ចិញ្ចឹម​ចៅ​កំព្រា​​4​នាក់​ទទួល​ថវិកា​សប្បុរស​ជន​10​ម៉ឺន​រៀល​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ​​ ៖ ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ ដែល​កោះ​សន្តិ​ភាព​ទទួល​ពី​សប្បុរស​ជន​​ បាន​នាំ​យក​​ទៅ​ប្រគល់​ជូន​លោក​យាយ​ អ៊ំ​ ម៉ៅ​ អាយុ​៦៤​ឆ្នាំ​ ដែល​អ្នក​ភូមិ​ចាត់​ទុក​ថា​ជា​ជន​ទុរ​គត​រស់​​នៅ​ឯ​កោ​គ្មាន​ទី​ពឹង​ និង​ចិញ្ចឹម​ចៅ​ប្រុស​ស្រី​៤​នាក់​ ​ហូប​តែ​បាយ​ស្រូប​ទឹក​អំបិល​មាន​រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​ហើយ​ ។ កន្លង​ទៅ​ថ្មី​ៗ​នេះ​ លោក​យាយ​ និង​ចៅ​ៗ​ក៏​បាន​ទទួល​ការ​ធ្វើ​អំណោយ​ទាន​ជា​បន្ត​បន្ទាប់​ពី​សប្បុរស​ជន​គ្រប់​ទិស​ទី​ និង​បាន​ស្រោច​ស្រង់​ទុក្ខ​វេទ​នា​នៃ​ជីវិត​អភ័ព្វ​នេះ​ ។

ថវិកា​ចំនួន​១០​ម៉ឺន​រៀល​​នេះ​ជា​អំណោយ​របស់​អ្នក​ស្រី​ ឯម​ ណាវី​ បុគ្គលិក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហនុ​ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​ដៃ​លោក​យាយ​ អ៊ំ​ ម៉ៅ​ និង​ចៅ​​ប្រុស​ស្រី​ទាំង​៤​នាក់​ ដែល​កំពុង​តែ​ស្នាក់​នៅ​​ផ្ទះ​អ្នក​ភូមិ​មួយ​​ក្នុង​ភូមិ​គោ​លាប់​ ឃុំ​គោ​លាប់​ ស្រុក​​ចិត្រ​បុរី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា​ ។

ជី​ដូន​វ័យ​ចំណាស់​ឈ្មោះ​ អ៊ំ​ ម៉ៅ​ ​បាន​តស៊ូ​ចិញ្ចឹម​ចៅ​ប្រុស​ស្រី​ទាំង​លំបាក​​វេទ​នា​​ ​ក្រោយ​ពី​​កូន​ស្រី​បង្កើត​របស់​គាត់​បាន​លែង​លះ​គ្នា​ជា​មួ​យ​ប្តី​ហើយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​​បាត់​ជា​ច្រើន​ឆ្នាំ​គ្មាន​ដំណឹង​ រី​ឯ​កូន​ប្រសា​ប្រុស​ជា​ឪពុក​ ពួក​គេ​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ឯ​ខេត្ត​កំពង់​ចាម​ បន្ទាប់​ពី​យក​ប្រពន្ធ​ក្រោយ​មួយ​ទៀត​រួច​មក​ ។ អ្នក​ភូមិ​និយាយ​ថា​ ដោយ​មើល​ឃើញ​ពី​​ភាព​ក្រ​លំបាក​តោក​យា៉ក​របស់​ជី​ដូន​ចំណាស់​ដែល​ខ្លួន​គាត់​មាន​ជំងឺ​ និង​ប្រឹង​ចិញ្ចឹម​ចៅ​ប្រុស​ស្រី​ទាំង​បួន​នាក់​​ស្នាក​់​អាស្រ័យ​នៅ​លើ​ក្បាល​ដី​កប់​ខ្មោច​មួយ​កន្លែង​នៅ​ចុង​ភូមិ​យ៉ាង​កណ្តោច​កណ្តែង​ ទើប​ពួក​គាត់​បាន​ឱ្យ​ផ្ទះ​ឈើ​ទ្រុឌ​ទ្រោម​មួយ​ខ្នង​នៅ​ភូមិ​គោ​លាប់​ ឃុំ​គោ​លាប់​ ស្រុក​ចិត្រ​បុរី​ ស្នាក់​នៅ​បណ្តោះ​អាសន្ន​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។

ទោះ​បី​ជា​យ៉ាង​ណា​ បច្ចុប្បន្ន​ជី​ដូន​រូប​នេះ​ និង​ចៅ​​ប្រុស​ស្រី​​ទទួល​បាន​ការ​ហូប​ចុក​​គ្រប់​គ្រាន់​ ហើយ​ដោយ​មាន​អង្ករ​ និង​សម្ភារៈ​ គ្រឿង​ឧប​ភោគ​បរិ​ភោគ​មួយ​ចំនួន​ទៀត​នៅ​លើ​ផ្ទះ​សម្រាប់​ទុក​ទទួល​ទាន​ ដែល​ជា​​ការ​ជួយ​ឧបត្ថ​ម្ភ​ពី​សប្បុ​រស​ជន​នា​នា​​ បន្ទាប់​ពី​សប្បុរស​ជន​មើល​ឃើញ​ អំពី​ទុក្ខ​លំបាក​នៃ​ជីវិត​ទុរគត​របស់​លោក​យាយ​ដែល​ខំ​ប្រឹង​ចិញ្ចឹម​ចៅ​ៗ​ប្រុស​ស្រី​ទាំង​បួន​នាក់​ រស់​ទាំង​ត្រដរ​​នោះ​ ។

លោក​យាយ​ អ៊ំ​ ម៉ៅ​ ​​មាន​ប្រសាសន៍​ថា​ សព្វ​ថ្ងៃ​នេះ​ចៅ​ៗ​ប្រុស​ស្រី​ចំនួន​៣​នាក់​ ​បាន​ទៅ​​រៀន​សូត្រ​នៅ​សា​លា​ដោយ​មាន​សៀវ​ភៅ​ ក្តារ​គ្រប់​គ្រាន់​នឹ​ង​គេ​ ខុស​ពី​ឆ្នាំ​មុន​នា​គ្រា​ដើម​រដូវ​វស្សា​ ពួ​ក​គេ​ពុំ​បាន​ទៅ​រៀន​ទេ​ គឺ​ដើរ​តាម​មាត់​ព្រែក​អូរ​នៅ​ខាង​ក្រោយ​ភូមិ​ដើម្បី​រក​កង្កែប​ និង​ក្តាម​ខ្យង​ សម្រាប់​ធ្វើ​ម្ហូប​ហូប​ និង​លក់​យក​លុយ​ទិញ​អង្ករ​ខ្លះ​ ។

លោក​យាយ​មាន​ប្រសាសន៍​ទៀត​ថា​ អ្វី​ដែល​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ​គឺ​គាត់​មាន​ការ​លំបាក​នៅ​ពេល​មេឃ​ភ្លៀង​ខណៈ​ដែល​ដំបូល​ និង​ជញ្ជាំង​ផ្ទះ​ឈើ​ប្រក​់​ស្បូវ​មួយ​ខ្នង​របស់​អ្នក​ភូមិ​ដែល​គាត់​សុំ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នេះ​ បាន​ធ្លុះ​ធ្លាយ​អស់​មួយ​ចំនួន​ទៅ​ហើយ​ ធ្វើ​ឱ្យ​ទឹក​ភ្លៀង​លិច​បាច​សាច​មិន​អាច​សម្រាក​បាន​ ៕