ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​អាន​ និង​​ច្រៀងចម្រៀងជា​​ភាសា​​កូរ៉េ​​​នៅ​សាកល​វិទ្យា​ល័យ​ឡាយ​ហ្វ

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​ ៖ នៅ​​សាល​ប្រជុំ​​​នៃ​សាកល​​វិទ្យា​ល័យ​​ឡាយហ្វ​ខេត្ត​ នា​​រសៀល​​ថ្ងៃទី​​២១ ឧសភា ​​​មាន​រៀប​ចំ​ពិធី​​ប្រឡង​​អាន​​​​​និង​ច្រៀង​​ចម្រៀងជា​ភា​សា​កូរ៉េ​ ​មានច្រៀង​​ទោល​ និង​ច្រៀង​ជា​ក្រុម​​​ដែល​មាន​បេក្ខ​ជន​​​ បេក្ខ​នារី​​​ចូល​រួម​​ប្រឡង​​​ចំនួន​​៣០​នាក់​ ​ជា​និស្សិត​​​​ឆ្នាំ​ទី​១ និង​ទី​​៤​​ មក​ពី​​មហា​វិទ្យាល័យ​​​​ផ្សេង​ៗ​គ្នា​​នៃ​​សាកល​​វិទ្យា​ល័យ​​ឡាយហ្វ​ ។ ​​​

ពិធី​នេះ​​បាន​ប្រព្រឹត​្ត​ទៅ​​​​ក្រោម​​​អធិប​តី​ភាព​​លោក ​ដេវីដ ឃូ សាកល​វិទ្យា​ធិការ​​នៃ​សាកល​​វិទ្យា​ល័យ​​ឡាយហ្វ​ ​លោក​ស្រី​ ឈីង ​ស៊ុក​សុង ​​សាកល​វិទ្យាធិកា​​ររង​ លោក​​ព្រឹទ្ធ​បុរស​​ឈុន វុងយូន ​គ្រប់​គ្រង​​​មហា​វិទ្យា​ល័យ​​សិល្បៈ​​​មនុស្ស​​សាស្រ្ត​​និង​ភាសា​កូរ៉េ​​​ លោក​​លឹម ​ប្យុងជេ ​​​ប្រធានដេ​​ប៉ាតឺម៉ង់​​ភាសា​​កូរ៉េ​ និង​ទទួល​​​បាន​ការ​ចូល​​រួម​ដោយ​​​និស្សិត​​នៅ​ក្នុង​​សាកលវិទ្យា​ល័យ​​​​ឡាយ​ហ្វ​ យ៉ាង​ច្រើន​កុះ​ករ​ ។​

លោក​​ដេវីដ ឃូ ​​​​ឱ្យ​​ដឹង​​ថា​ ក្នុង​កម្មវិធី​​ប្រឡង​​​អាន​និង​ច្រៀង​​​ចម្រៀង​ជា​​ភាសា​​​កូរ៉េ​នា​ពេល​​នេះ​​គឺក្នុង​​​គោល​បំណង​​ដើម្បី​​ឱ្យ​បេក្ខ​ជន​​​​ បេក្ខ​នារី​​​ជា​និស្សិត​​​បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​អាន​និង​ស្តាប់​បានត្រឹមត្រូវ​ទៅ​តាម​វេយ្យាករណ៍​ភាសាកូរ៉េ ។ បង្កើត​ភាពរីក​រាយ​ដល់​និស្សិត​នៅ​ក្នុង​សាកល​វិទ្យាល័យ​ឡាយហ្វ​ និងបាន​បង្ហាញ​ពីក្តី​ស្រលាញ់​របស់ព្រះជាម្ចាស់​ ។​ លោកសាកល​វិទ្យា​ធិការបាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា លទ្ធផល​នៃការ​​ប្រឡង​ខាង​លើនេះ ​និស្សិត​ជាបេក្ខជន​-បេក្ខនារី​ដែលចូល​រួម​ប្រឡង​អាន​ភាសា​កូរ៉េ​ទទួល​បាន​​ចំណាត់​ថ្នាក់​ពីលេខ​១​ដល់​លេខ៤​ ទទួល​បាន​រង្វាន់​លើកទឹក​ចិត្ត​ជា​​ប្រាក់​ ។​ ចំណាត់​ថ្នាក់​លេខ​១​ ទទួល​បាន​​ប្រាក់​​៣០​ដុល្លារ​អាមេរិក ​លេខ២​ទទួល​បាន​ប្រាក់​​២០​ដុល្លារ​​អាមេរិក​ លេខ៣​ទទួល​បាន​​ប្រាក់​​១០​​ដុល្លារ​អាមេរិក ​​ និង​លេខ៤​ទទួល​បាន​​ប្រាក់​​៥​​ដុល្លារ​អាមេរិក ។  លោក​បន្ត​ទៀតថា និស្សិត​ដែល​ជាប់​ចំណាត់​ថ្នាក់​ទាំង​អស់​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ផ្តល់​អាទិភាព​ជំរុញ​ឲ្យខិត​ខំរៀន​​ភាសា​កូរ៉េ​បន្ថែម​ទៀត និង​អាច​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ​បាន​ថែម​ទៀត​ផង ។​

​ដោយ​ឡែក​​បេក្ខជន-បេក្ខ​នារី​ដែល​ជានិសិ្សត​ប្រឡង​ចម្រៀង​ភាសាកូរ៉េ​ក៏កំណត់​យក​ចំណាត់​ថ្នាក់ និង​រង្វាន់​លើក​ទឹក​ចិត្ត​ដូចគ្នា​នឹង​ការ​ប្រឡង​អាន​ភាសា​កូរ៉េ​ខាង​លើ​នេះ​ដែរ ។​ ចុង​បញ្ចប់​កម្ម​វិធី​ប្រឡង​ក៏​មាន​រៀបចំ​ពិធី​ចាប់​ឆ្នោត​យក​រង្វាន់​មាន​សៀវភៅ​ ​ប៊ិក​ ឃីបត​ ​ដើម្បី​​បង្កើត​បរិយា​កាស​​សប្បាយ​រីក​រាយ​ជូន​ដល់​និស្សិត​នៅ​ក្នុង​សាកល​វិទ្យាល័យ​ឡាយហ្វ​ទាំងមូលផងដែរ ៕