ខេត្តក្រចេះ ៖ កាលពីព្រឹកថ្ងៃទី២០ ឧសភា នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះមានបើកវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាដោយមានការចូលរួមពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោកស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាអម NOCC លោកកែវ សារ៉េត អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមន្ត្រីជំនាញជាច្រើនរូបទៀត ។
លោកឈួន ឡេង ប្រធានគ្រប់គ្រងវគ្គសិក្សានេះបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមួយនេះមានគ្រូជំនាញៗផ្នែកកីឡាចំនួន៣រូប ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) គឺលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្រៀនអំពីចលនាអូឡាំពិក ទំនាក់ទំនងទីផ្សាររវាងសកម្មភាពកីឡានិងសង្គម ។ លោកកែវ សារ៉េត អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឧទ្ទេសនាមពីច្បាប់នៃការប្រកួត លេងដោយយុត្តិធម៌ និងតម្លាភាពសម្រាប់កីឡាកម្រិតខ្ពស់ និងអាជីព ។
ចំណែកលោកស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាអម NOCC ឧទ្ទេសនាមអំពីការហាមឃាត់ប្រើសារធាតុជំនួយកម្លាំង(សារធាតុញៀន) ក្នុងពេលប្រកួតកីឡា និងបម្រាមផ្សេងៗដែលអ្នកកីឡាត្រូវយល់ដឹង។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃNOCC និងជាគ្រូឧទ្ទេសនាមនៃវគ្គសិក្សានេះ បានមានប្រសាសន៍ដែរថា ការបណ្តុះបណ្តាលផ្នែកកីឡានីមួយៗដំណើរការទៅបាន គឺដោយសារតែមានអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ(OS) ឧបត្ថម្ភតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះតែម្តង ។
សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាមួយនេះសិក្សារយៈពេល៥ថ្ងៃនៅខេត្តក្រចេះគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ឧសភា ។ នេះជាវគ្គទី២ ប្រចាំឆ្នាំ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលទទួលការបណ្តុះបណ្តាលជំនាញរដ្ឋបាលកីឡាដល់មន្ត្រីកីឡាក្នុងខេត្តមួយនេះ និងមានមន្ត្រីកីឡាចំនួន២៦នាក់ចូលរួម ៕



ចែករំលែកព័តមាននេះ