ក្រុងប៉ោយប៉ែត ៖ ប្រភពព័ត៌មានមួយបានឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ឧសភា ២០១៣ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត មានលំនៅឋានមួយត្រូវបានសមត្ថកិច្ចចម្រុះសរុបជាង២០នាក់ រួមមានកម្លាំងប៉េអឹមក្រុងប៉ោយប៉ែត កម្លាំងរដ្ឋបាលព្រៃឈើខេត្តដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តម្នាក់បានចុះមកធ្វើការឆែកឆេរលំនៅឋានសង្ស័យមួយជារបស់ឈ្មោះសុន ធី អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះចៅ គីង អាយុ៥០ឆ្នាំ ដោយសង្ស័យទីនោះមានលាក់ទុកឈើប្រណីតបេង នាងនួន និងឈើគ្រញូង ។
ប្រភពបន្តថា លុះសមត្ថកិច្ចចម្រុះចុះធ្វើការឆែកឆេរទីតាំងសង្ស័យ ស្រាប់តែប្រទះឃើញតែឈើចាមរី ឬហៅអំពិលបារាំងប៉ុណ្ណោះ មិនឃើញមានឈើប្រណីត ឬគ្រញូងឡើយ ហើយសមត្ថកិច្ចទាំងនោះក៏ដកកម្លាំងថយវិញ ។ ស្ត្រីម្ចាស់ផ្ទះសង្ស័យខាងលើបានប្រាប់ថា មូលហេតុនៃការឆែកឆេរនោះដោយសារមានគេប្តឹងទៅតុលាការជាច្រើនដងថា ផ្ទះរបស់គាត់មានលាក់ឈើប្រណីត តែតាមពិតឈើចាមរី ឬហៅអំពិលបារាំងដែលទុកក្នុងផ្ទះរបស់គាត់នោះគាត់ទិញពីអ្នកស្រុកនៅឯក្រុងសិរីសោភ័ណប្រុងទុកធ្វើគ្រែដេកតែប៉ុណ្ណោះ ៕



ចែករំលែកព័តមាននេះ