ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​នៅ​បូស្តុន​​បុរស​ម្នាក់​ត្រូវ​​ FBI សម្លាប់​​ពេល​សួរ​ចម្លើយ​

13 ឆ្នាំ មុន

បុរស​ម្នាក់​​ដែល​គេ​សួរ​ចម្លើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ​នៅ​អ័រ​ឡាន​ដូ​ រដ្ឋ​​ផ្ល​រី​ដា ដោយ​សារ​រូប​គេ​ជាប់​ទាក់​ទិន​ជាមួយ​ការ​ស៊ើប​​អង្កេត​លើ​​ការ​វាយ​ប្រហារ​​​ភេរវ​កម្ម​នៅ​ក្រុង​បូស្តុន​​ ត្រូវ​បាន​​សម្លាប់​​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​​ជាមួយ​​កង​​កម្លាំង​សន្តិ​សុខ ។
ប៉ូលិស​សហ​ព័ន្ធ​ FBI និយាយ​ថា ភ្នាក់​ងារ​ FBI ប៉ូលិស​២​នាក់​​នៃ​រដ្ឋ​ម៉ាសា​​ជូសេត និង​តំណាង​ឯ​ទៀត​ៗ​​របស់​កង​កម្លាំង​​សន្តិ​សុខ​​កំពុង​សួរ​ចម្លើយ​​ជន​ម្នាក់​​ ដែល​ទាក់​ទិន​នឹង​ការ​ស៊ើប​​​អង្កេត​លើ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​​​ប្រឆាំង​​ការ​រត់​ប្រណាំង​ម៉ារ៉ា​​តុង​​នៅ​ក្រុង​​បូស្តុន ស្រាប់​តែ​ជន​នេះ​បង្ក​ការ​ប៉ះ​ទង្គិច​គ្នា​មួយ ។ បុរស​រូប​នេះ​​ត្រូវ​សម្លាប់​ពេល​មាន​ការ​​ប៉ះ​​ទង្គិច​គ្នា​នោះ​ ហើយ​ភ្នាក់​ងារ​​ប៉ូលិស​ម្នាក់​ត្រូវ​​របួស​ស្រាល ។

យោង​តាម​ទូរ​ទស្សន៍​អាមេរិក​ NBC ថា បុរស​ឈ្មោះ​​អីុ​ប្រា​ហ៊ីម សូ​ដា​សេវ អាយុ​២៧​ឆ្នាំ​ មានដើម​កំណើត​​េឆត​ឆេនី​ តាម​ពិត​មាន​កាំបិត​មួយ​ដែល​គេ​ប្រើ​វាយ​ប្រហារ​​លើ​ប៉ូលិស​ពេល​សួរ​ចម្លើយ​ ។ ជន​នោះ​ជា​មនុស្ស​ស្គាល់​គ្នា​ជាមួយ​ TAMERLAN TSARNAEV មា​ន​ដើម​កំណើត​​ឆេត​េឆនី​ដែរ ជា​ជន​សង្ស័យ​វាយ​ប្រហារ​​កាល​ពី​ថ្ងៃ​ទី​១៥ មេសា បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​៣​នាក់ និង​របួស​២៦៤​នាក់ ។

TAMERLAN TSARNAEV អាយុ​២៦​ឆ្នាំ​ និង​ប្អូន​ប្រុស​គេ​ឈ្មោះ​ DJOKHAR អាយុ​១៩​ឆ្នាំ ជា​ជន​​សង្ស័យ​ធ្វើ​ឱ្យ​ផ្ទុះ​គ្រាប់​បែក​​ច្នៃ​២​គ្រាប់​កាល​ពី​ថ្ងៃ​ទី​១៥ មេសា នៅ​ជិត​កន្លែង​​​ដល់​ទី​​នៃ​ការ​​រត់​ប្រណាំង​ម៉ារ៉ា​តុង​​​ប្រចាំ​ឆ្នាំ​​នៅ​ក្រុង​​បូស្តុន ។ TAMERLAN ​ត្រូវ​សម្លាប់​​ពេល​ត​តាំង​​ជាមួយ​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​១៨​ទៅ​១៩​ មេសា ហើយ​ប្អូន​ប្រុស​គេ​​ក្រោយ​មក​ត្រូវ​​ចាប់​ខ្លួន​​ទាំង​របួស​ធ្ងន់ ៕