រាជធានីភ្នំពេញ ៖ ពិធីការិនីវីតវីតដែលលេចមុខមាត់ខ្លាំងនៅស្ថានីយទូរទស្សន៍អប្សរានឹងធ្វើដំណើរទៅប្រទេសអូស្រ្ដាលី ជាមួយនឹងការសង្ស័យថាស្កាត់ទៅជួបម្ចាស់ស្នេហ៍ ។ អ្នកសិល្បៈដែលនៅកៀកកិតជាមួយតារាស្រីរូបនេះឱ្យដឹងថា នៅថ្ងៃទី២៤ ឧសភា វីតវីត ដែលកំពុងតែមមាញឹកស្ទើរគ្មានពេលសម្រាកនោះបានសុំច្បាប់ឈប់មួយរយៈ ដើម្បីចេញទៅកាន់ដែនកោះអូស្រ្ដាលីដ៏ជឿនលឿនជាលើកទី១។
ដំណើរចាកចេញទៅអូស្រ្ដាលីនេះមិនមែននាងចេញទៅសម្ដែង រាំច្រៀងរកលុយទេ តែសម្រាប់វិស្សមកាល ហើយគេសង្ស័យថា នាងមានគូស្នេហ៍នៅទីនោះជាអ្នកចំណាយលើការធ្វើដំណើរ ។ គ្មានអ្នកណាមិនភ្ញាក់ផ្អើលទេ ដែលកញ្ញាវីតវីត ជាពិធីការិនីក្ដោបបានតំណែងច្រើននៅទូរទស្សន៍អប្សរា ហើយលេចធ្លោជាងគេនោះ បែរជាធ្លាយដំណឹងថាចេញទៅអូស្រ្ដាលីជាលក្ខណៈឯកជនមិនមែនជាដំណើរសម្ដែងដូចតារាមួយចំនួន ទាំងគេមិនដែលដឹងថានាងមានតម្រុយចេញទៅកម្សាន្ដដល់ដែនកោះមួយនោះសោះ ។ ពេលនេះវីតវីតកំពុងតែសម្រុកថតទុកកម្មវិធីមួយចំនួនដែលនាងកាន់កាប់យ៉ាងញាប់ដៃញាប់ជើងរួមមានកម្មវិធី «ប្រស្នាតារា» «ផ្កាយរះក្នុងសួន» លើកលែងតែកម្មវិធីផ្សាយផ្ទាល់ «Apsara Award» ដែលអ្នករៀបចំកម្មវិធីត្រូវរកអ្នកជំនួស ។
តាមការឱ្យដឹងពីក្រុមការងារប្រចាំទូរទស្សន៍អប្សរា កាលពីពេលថ្មីៗនេះថា វីតវីតបានសុំសម្រាកពីការងារពីលោកហ្វៃ សំអាង រយៈពេល១ខែកន្លះ ដើម្បីប្ដូរបរិយាកាសទៅលម្ហែកាយនៅប្រទេសអូស្រ្ដាលី ចាប់ពីថ្ងៃទី២៤ឧសភាតទៅ ។ មានការចាប់អារម្មណ៍មិនតិចទេពីក្រុមការងាររបស់នាងដែលសុខៗវីតវីតចំណាយលុយជាច្រើនចេញទៅកម្សាន្ដនៅលើទឹកដីជឿនលឿនក្នុងរយៈពេលជាច្រើនថ្ងៃ បើអ្នកល្មមៗ ឬតារាមួយចំនួនហា៊នទៅតែត្រឹមថៃ វៀតណាម ឬសិង្ហបុរីប៉ុណ្ណោះ ។ ដូច្នេះហើយ ទើបគេសង្ស័យថាវីតវីតមានអ្នកជួយឧបត្ថម្ភ ឬអាចថាគូស្នេហ៍បណ្ដូលចិត្ដនៅទីនោះ ។
ពិធីការិនីវីតវីត ដែលកំពុងតែទទួលបានជោគជ័យលើការងារគ្រាន់បើនោះ បានទាត់ចោលលើការសង្ស័យនោះ ដោយនាងលើកហេតុផលថា នាងទៅអូស្រ្ដាលីលើកទី១នេះមិនមែនទៅសម្ដែងទេ តែចេញទៅជាលក្ខណៈដើរកម្សាន្ដផង និងទៅសួរសុខទុក្ខបងប្អូន មាមីងរបស់នាងនៅទីនោះផង ព្រោះពួកគាត់ចង់ឱ្យនាងទៅលេងជាយូរមកហើយ ។ ការពិតនាងក៏យល់ច្បាស់ថាចៀសមិនផុតពីការលើកឡើងថា នាងមានម្ចាស់ស្នេហ៍ជួយឧបត្ថម្ភឱ្យទៅទីនោះទេ។
ដោយទៅទីនោះត្រូវចំណាយច្រើន ហើយនៅយូរថ្ងៃទៀតច្បាស់ជាមានការយល់ច្រឡំមកលើនាងមិនខាន តែការពិតនាងមិនសូវចំណាយអស់ច្រើនទេ ព្រោះនាងគ្រាន់តែចំណាយទិញសំបុត្រយន្ដហោះ ឯរាល់បញ្ហាផ្សេងទៀត ត្រូវសាច់ញាតិនៅទីនោះរ៉ាប់រ៉ងជំនួសទាំងអស់ គឺគ្មានប្រុសស្នេហ៍ចេញឱ្យឡើយ ព្រោះបេះដូងរបស់នាងនៅមិនទាន់ទន់ជ្រាយធ្លាក់លើមន្ដស្នេហ៍បុរសណាម្នាក់ឡើយ ។ បន្ទាប់ពីការកម្សាន្ដនៅបរទេស គេសង្ឃឹមថាកញ្ញាវីតវីតនឹងត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនក្នុងនាទីជាពិធីការិនីសម្ដីស្រទន់វិញ ៕



ចែករំលែកព័តមាននេះ