ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កម្ទេច​ចោល​វិហារ​បុរាណ​នៅ​ប្រទេស​បេលី​រង​ការ​រិះ​គន់​

13 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​ផ្សាយ​ថា​ ព្រះវិហារ​បុរាណ​ណូមុល​ រាង​ជា​ពីរ៉ាមីត​ មាន​អាយុ​កាល​ជាង​២.៣០០​ឆ្នាំ​របស់​ជន​អម្បូរ​ម៉ាយ៉ា​ក្នុងប្រទេស​បេលី​ ត្រូវ​ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​មួយ​ប្រើ​ត្រាក់​ទ័រ​កម្ទេច​ចោល​ ដើម្បី​យក​ថ្ម​ទៅ​ប្រើ​សម្រាប់​ចាក់​ផ្លូវ​ដែល​កំពុង​សាង​សង់ ។​

អាជ្ញាធរ​ប៉ូលិស​កំពុង​ស្រាវ​ជ្រាវ​ពី​ករណី​នោះ។​​ លោក​ចន​ ម័រ​រីស​ មន្ត្រី​នាយក​ដ្ឋាន​បុរាណ​វិទ្យា​របស់​បេលី​ថ្លែងថា​ កម្មករ​ទាំងអស់​ពិត​ជា​ដឹង​ថា​ តើ​ពួក​គេ​កំពុង​ធ្វើ​អ្វី?​ វាជា​រឿង​មួយ​មិន​គួរ​ឱ្យ​ជឿ​ដែល​មាន​មនុស្ស​ហ៊ាន​បំផ្លាញ​សំណង់​បុរាណ​ ដែល​ជា​ពីរ៉ាមីត​របស់​ជន​អម្បូរ​ម៉ាយ៉ា​បែប​នេះ​ ។​

អ្នក​បុរាណវិទ្យា​បាន​ដាស់​តឿន​ពី​ការ​បំផ្លាញ​វិហារ​បុរាណ​នោះ​កាល​ពី​សប្តាហ៍​មុន​ ដោយ​និយាយ​ថា ហេតុ​ការណ៍​បែប​នេះ​មិន​មែន​កើត​ឡើង​ជា​លើក​ដំបូង​ទេ​ ប៉ុន្តែ​ជាបញ្ហា​រ៉ាំ​រ៉ៃ​ ខណៈ​ពេលប្រទេសបេលី​មានច្បាប់​គ្រប់​គ្រង​ទីតាំង​បុរាណ ។​ ចំណែក​ស្ថាប័ន​អយ្យការ​ក្នុងប្រទេសបេលី​កំពុង​ចាត់​វិធានការ​ចោទប្រកាន់​ក្រុម​ហ៊ុន​សំណង់​នោះ ៕