រាជធានីភ្នំពេញៈ ព្រឹទ្ធសភានៃព្រះរាជាកម្ពុជា នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ វេលា ម៉ោង ០៨:០០ បានបើកសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯក ឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា ដោយវត្តមានសមាជិកព្រឹទ្ធសភាមានចំនួន៥៧រូប ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថាអង្គប្រជុំបានលើកយករបៀបវារៈមានដូចជា៖
១-ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។ ២-ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាពការងារព្រឹទ្ធសភានៅចន្លោះសម័យ ប្រជុំលើកទី២ និងលើកទី៣ នៃនីតិកាលទី៣។ ៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហគមន៍កសិកម្ម។ ៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ២៤៧ មាត្រា ៣៦៨ មាត្រា ៣៧២ និងមាត្រា ៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ៥-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ២-កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលការដឹកជញ្ជូនអន្តររដ្ឋ ៣-ពិធីសារទី៦ ស្តីពីស្ថានីយព្រំដែនផ្លូវដែក និងស្ថានីយប្តូរខ្សែរថភ្លើង។ ៦-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារបន្ថែម ណាហ្គោយ៉ា-កូឡាឡំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតទៅនឹងពិធីសារកាតា ហ្សេណា ស្តីពីជីវសុវត្ថិភាព៕


ចែករំលែកព័តមាននេះ