ខេត្តកំពង់ឆ្នាំង ៖ ពិធីបើកអនុសំវច្ឆរៈផ្សព្វផ្សាយនូវសង្ឃប្រកាសលើកទី២១ និងបើកបវេសនកាលឆ្នាំសិក្សា២០១៣-២០១៤នេះ បានប្រារព្ធឡើង កាលពីថ្ងៃទី២១ ឧសភា ក្នុងបរិវេណវត្តអារញ្ញិការាមក្រោមព្រះអធិបតីភាពសម្តេចព្រះអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរងនៃពុទ្ធិកសិក្សាជាតិ និងលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវជាភរិយា ព្រមទាំងមានមន្ត្រីសង្ឃគ្រប់ឋានានុក្រមនិមន្តចូលរួមជាង៧០០អង្គ ។
លោករដ្ឋមន្រ្តី មិន ឃិន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ ប្រជាពលរដ្ឋដែលបានរួមគ្នាកសាងសមិទ្ធផលនៅទូទាំងខេត្តនេះឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ជាមួយគ្នានេះលោករដ្ឋមន្រ្តីបានពាំនាំនូវការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខទាំងបី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងព្រះសង្ឃទូទាំងប្រទេស តាមរយៈការផ្តល់ជូនការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានលើគ្រប់វិស័យ ។
លោករដ្ឋមន្ត្រី មិន ឃិន មានប្រសាសន៍ទូលប្រគេនបន្តទៀតថា ព្រះពុទ្ធសាសនាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌សង្គមជាតិទាំងមូល និងធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនស័ក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍធនធានឲ្យកាន់តែមានសុក្រឹតភាព និងមានគុណភាពខ្ពស់ ។
ជាការពិតណាស់ ការរីកចម្រើនរបស់ពុទ្ធចក្រនិងអាណាចក្រត្រូវដើរទន្ទឹមគ្នា ពីព្រោះវានឹងផ្តល់ឲ្យគ្នាទៅវិញទៅមកជាការចាំបាច់ ។ ជាក់ស្តែងព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ ការអប់រំចរិយាធម៌ សីលធម៌ក្នុងការកសាងសង្គមជាតិទាំងមូល ។ ការពង្រឹងតួនាទី ភារកិច្ចនិងវិន័យរបស់ព្រះសង្ឃ នោះ វត្តអារាមពិតជាមានសារសំខាន់និងអត្ថប្រយោជន៍យ៉ាងធំធេងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពុទ្ធបរិស័ទខ្មែរយើង ហើយក៏បានផ្តល់នូវការថែរក្សាតម្លៃរបស់ព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋឲ្យបានស្ថិតស្ថេរយូរអង្វែងជារៀងរហូត និងបានបិណ្ឌបាតព្រះសង្ឃគ្រប់អង្គត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសង្ឃប្រកាសលើកទី២១ ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ និងយកទៅអនុវត្តឲ្យចំទិសដៅនៅតាមវត្តអារាមទូទាំងប្រទេសក៏ដូចជានៅខេត្តកំពង់ឆ្នាំងទាំងមូលផងដែរ ។
ក្នុងពិធីនោះ ក៏មានបំពាក់មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឍន៍ប្រគេនដល់ព្រះមេគណខេត្តកំពង់ឆ្នាំង មេដាយមុនីសារភ័ណ្ឌ ថ្នាក់មហាសេនាជូនលោកស្រីប្រធានមន្ទីរធម្មការ និងសាសនាខេត្តនិងមេដាយប្រាក់ចំនួន៣ជូនដល់មន្ត្រីក្រោមឱវាទមន្ទីរផងដែរ ។ក្នុងពិធីបើកអនុសំវច្ឆរៈ និងបើកបវេសនកាលឆ្នាំសិក្សា២០១៣-២០១៤ សម្តេចព្រះអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរងនៃពុទ្ធិកសិក្សាជាតិ និងលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានប្រគេនបច្ច័យ២លានរៀលដល់ព្រះមេគណខេត្តដើម្បីចាត់ចែងក្នុងកម្មវិធីទាំងមូល ៕


ចែករំលែកព័តមាននេះ