ក្រុងប៉ោយប៉ែត ៖ ស្ត្រីមេម៉ាយម្នាក់ដែលមានកូនរហូត៧នាក់ ហើយគ្មានមុខរបរអ្វីរស់នៅអាស្រ័យលើកូនៗរកស៊ីចិញ្ចឹម បានគិតខ្លីប៉ុនប៉ងធ្វើអត្តឃាតជាបន្តបន្ទាប់ គឺក្រោយពេលបុកសម្បកកន្ទួតផឹកមិនពុលស្លាប់ក៏ចង.កបន្ថែមទៀត តែត្រូវអ្នកស្រុកជួយសង្គ្រោះដោយបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៣រសៀលថ្ងៃទី២១ ឧសភា នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ។
ស្ត្រីរូបនេះឈ្មោះ ណយ ពៅ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ ។ ស្រ្តីឈ្មោះ ណយ ពៅ បានចង.កនឹងក្រមានៅដំបូលផ្ទះដែលខ្លួនស្នាក់នៅតែត្រូវបុរសម្នាក់ជាអ្នកជិតខាងឈ្មោះ ពេជ្រ បញ្ញា ឃើញទាន់ក៏ស្ទុះទៅកាត់ចំណងក្រមានោះ ។ បន្ទាប់មកអ្នកស្រុកឯទៀតក្នុងនោះ មាន លោក សែម វីរៈ មេភូមិ និងក្រុមការងារនាំគ្នាជួយនាំទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះនិងបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីទៀត ដោយសារមានអាការធ្ងន់ធ្ងរពេក ។
ប្រភពព័ត៌មានបង្ហើបឱ្យដឹងថា នៅកន្លែងកើតហេតុគេឃើញមានសម្បកកន្ទួតបុកផងដែរ ហើយស្ត្រីរូបនេះទំនងជាផឹកសម្បកកន្ទួតនោះទៀតផងមុនពេលចង.កធ្វើអត្តឃាត ទើបមានអាការធ្ងន់បែបនេះ ។ រហូតមកដល់ព្រឹកថ្ងៃទី២២ ឧសភា តាមព័ត៌មានពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីថា ស្ត្រីរងគ្រោះនៅសន្លប់ស្តូកស្តឹងនៅឡើយទេ ។ តាមការសន្និដ្ឋានថា ការព្យាយាមសម្លាប់ខ្លួនព្រោះតែខ្លួនមេម៉ាយកូនច្រើននោះវាហាក់ដូចជាមានភាពល្ងង់ខ្លៅពេកហើយ ព្រោះថាចុះបើខ្លួនស្លាប់ទៅ តើកូនរំពឹងលើអ្វី? បច្ចុប្បន្ន មានការងារច្រើនណាស់ដែលអាចជួយសម្រាលបន្ទុកសង្គមបែបនេះបាន ៕
ចែករំលែកព័តមាននេះ